អគ្គ​មេបញ្ជាការ John Campbell ៖ ​ក្រុម​យោធា​របស់​​អាហ្វហ្គានីស្ថាន​ជា​អ្នក​ហៅ​ឱ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ពីកង​យន្តហោះ​ចម្បាំង​ស.រ.អា.​

អគ្គ​មេបញ្ជាការ John Campbell ៖ ​ក្រុម​យោធា​របស់​​អាហ្វហ្គានីស្ថាន​ជា​អ្នក​ហៅ​ឱ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ពីកង​យន្តហោះ​ចម្បាំង​ស.រ.អា.​

អគ្គ​មេបញ្ជាការ ស.រ.អា. ប្រចាំ​អាហ្វហ្គានីស្ថាន John Campbell បើក​សន្និសីទព័ត៌មាន​នៅ​ឯ​មន្ទីរ​បញ្ចកោន កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា​ ឆ្នាំ​២០១៥។

បើ​តាម​អគ្គ​មេបញ្ជាការ​នៃ​កង​កម្លាំង​ស.រ.អា.​និង​កងកម្លាំង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ឱ្យ​ដឹង​ថា​ ក្រុម​យោធា​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ជា​អ្នក​ហៅ​ឱ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​យន្តហោះ​ចម្បាំង​ស.រ.អា.​ប្រឆាំង​នឹង​យុទ្ធជន​តាលីបង់ ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Kunduz ដែល​បាន​បណ្តាល​ឱ្យ​ក្រុម​អ្នក​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​នោះ​និង​អ្នក​ជំងឺ​ចំនួន​២២នាក់​បាន​ស្លាប់។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ឧត្តម​សេនីយ​ John Campbell ​នៃ​កងទ័ព​ជើង​គោក​ស.រ.អា. បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ថា​ លោក​កែ​តម្រូវ​សេចក្តី​ថ្លែងការណ៍​មួយចេញ​ផ្សាយ​ពី​ដំបូង​ទៅ​លើ​ឧប្បត្តិហេតុ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ ​ដែល​ថា​ការទម្លាក់​គ្រាប់​បែក​តាម​អាកាស​ដោយ​ស.រ.អា.​មាន​គោលដៅ​ការពារ​កង​កម្លាំង​ស.រ.អា.​ដែល​រង​ការបាញ់​ប្រហារ។

ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់បែក​រយៈពេល​កន្លះម៉ោង​នោះ បាន​ត្រូវ​ចំ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ចាត់ចែង​កិច្ចការ​ដោយ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ដែល​ជា​អង្គការ​សប្បុរសធម៌​អន្តរជាតិ​មួយ​ដែល​បាន​ព្យាបាល​មនុស្ស​រង​របួស​កាល​ពី​បី​បួន​ថ្ងៃ​មុន​នេះ​ នៅ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​តាលីបង់​ដើម្បី​ដណ្តើម​ការ​ត្រួតត្រា​ទី​ក្រុង​ Kunduz នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។ ​បុគ្គលិក​មន្ទីរពេទ្យ​១២នាក់​និង​អ្នកជំងឺ​១០នាក់​បាន​បាត់បង់​ជីវិត​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​បី​នាក់ផងដែរ។

ក្រោយ​ពី​បាន​ស្តាប់​សេចក្តី​ថ្លែងការណ៍​របស់​លោក Campbell ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ដែល​គេ​ស្គាល់​ឈ្មោះ​តាម​អក្សរ​កាត់​ជា​ភាសា​បារាំង​ថា​ MSF បាន​និយាយ​ថា​ «ការពិត​គឺ​ថា​ស.រ.អា.បាន​ទម្លាក់​គ្រាប់​បែក​ទាំង​នោះ។ ស.រ.អា.បាន​វាយ​ប្រហារ​ត្រូវ​ចំ​មន្ទីរ​ពទ្យ​ធំ​មួយ​ពេញ​ដោយ​អ្នក​ជំងឺ​និង​បុគ្គលិក​នៃ​គ្រូពេទ្យ​ MSF។ គ្មាន​ការ​បញ្ជាក់​ថា​ជា​ការ​ត្រឹមត្រូវ​ទេ​ ​អំពីការ​វាយ​ប្រហារ​ដ៏​រន្ធត់នេះ៕​»