Jack Ma លក់​គំនូរ​ដំបូង​របស់​លោក​​​បាន​ ៥,៤ ​លាន​​ដុល្លារ​ ថ្លៃ​​​ជាង​​​ការ​​រំពឹង​​​ទុក


Jack Ma លក់​គំនូរ​ដំបូង​របស់​លោក​​​បាន​ ៥,៤ ​លាន​​ដុល្លារ​ ថ្លៃ​​​ជាង​​​ការ​​រំពឹង​​​ទុក

ស្ថាបនិក​ក្រុមហ៊ុន Alibaba ​លោក​​ Jack Ma ​មិន​ត្រឹម​តែ​ជា​សហគ្រិន​បច្ចេកវិទ្យា​ និង​ជា​សេដ្ឋី​ពាន់​លាន​ម្នាក់​នោះ​ទេ​ លោក​​ក៏​ជា​​វិចិត្រករ​មួយ​រូប​ផង​ដែរ។ ​​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ​​គំនូរ​របស់លោក​​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដេញ​ថ្លៃ​ដល់​ទៅ​ ៥,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​តម្លៃ​នេះ​ខ្ពស់​ជាង​ការ​រំពឹង​ទុក។

 

Jack Ma លក់​គំនូរ​ដំបូង​របស់​លោក​​​បាន​ ៥,៤ ​លាន​​ដុល្លារ​ ថ្លៃ​​​ជាង​​​ការ​​រំពឹង​​​ទុក

 

គំនូរ​មួយ​ផ្ទាំង​នោះ​​​មាន​ឈ្មោះ​ថា​ “ឋានសួគ៌​” ឬ “ Paradise​” ​ដែល​ត្រូវ​បាន​​សហការ​គូរ​ដោយ​លោក Jack Ma ​និង​វិចិត្រករ​ល្បី​ម្នាក់​​ឈ្មោះថា​ Zeng Fanzhi។ Paradise គឺ​បង្ហាញ​ពី​រូប​ផែនដី​មាន​​​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ និង​​លាយ​ឡំ​ជា​មួយ​នឹង​ពពក​ពណ៌ស​ផងដែរ។ គំនូរ​ដែល​គូរ​ដោយ​ប្រេង​​នេះ​ ​​គឺ​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ក្រុមហ៊ុន​ដេញ​ថ្លៃ​មួយ​ឈ្មោះ​ថា​​ Sotheby​ នៅ​​ក្នុង​ទីក្រុង​ ហុងកុង​ កាល​ពី​ថ្ងៃ​អាទិត្យ​​ក្នុង​តម្លៃ​ ៤២,២ លាន​ដុល្លារ​ហុងកុង​ ស្មើ​នឹង​ ៥,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

 

ក្រុមហ៊ុន​ដេញ​ថ្លៃ​បាន​ប៉ាន់​ស្មាន​ថា ​​​គំនូរ​នេះ​នឹង​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ ១៩៤,០០០ ​ ទៅ​ ៣២៣,០០០ ដុល្លារ​សហរដ្ឋអាមេរិក​​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃ​ដែល​លក់​បាន​នោះ​បាន​កើន​ឡើង​ហួស​ពី​ការ​រំពឹង​ទុក។​ ក្រុមហ៊ុន​បាន​បញ្ជាក់​​​ទៀត​​​ថា​រាល់​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​គំនូរ​​​ទាំង​អស់​នោះ​​​នឹង​ដាក់​ចូល​ជា​មូលនិធិ​​របស់​ Paradise International Foundation ដែល​ជា​អង្គការ​បរិស្ថាន​មួយ​​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​ពីរ​រូប​គឺ​​​​លោក Jack Ma និង Fanzhi។

 

ចំពោះ​អ្នក​ដែល​ទិញ​គំនូរ​នោះ​គឺ​ជា​មហាសេដ្ឋី​ចិន​ម្នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា​ Qian Fenglei ដែល​លោក​ជា​សប្បុរសជន​ និង​ជា​សហគ្រិន​ម្នាក់​ផង​ដែរ។

 

លោក Ma ​បាន​និយាយ​​​ថា​ “Paradise” ​គឺ​តំណាង​ឲ្យ​គំនូរ​ដំបូង​បំផុត​ដែល​លោក​​បាន​គូរ​​ក្នុង​នាម​​ជា​វិចិត្រ​ករ។​ “​នេះ​​គឺ​ជា​លើក​ដំបូង​​​ដែល​ខ្ញុំ​បាន​គូរ​គំនូរ ។ ​ខ្ញុំ​បាន​គូរ​វា​ជា​មួយ​នឹង​លោក​ Fanzhi ​ ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​បំផុត”។ លោក​ Ma បាន​និយាយ​។ លោក​បាន​​បន្ថែម​ទៀត​ថា​៖ “យើង​ទាំង​អស់​គ្នា​ជា​អ្នក​បង្កើត​ផែនដី​​ ត្រូវ​ថែរក្សា​​ផែនដី ​ ​​ថែរក្សា​សមុទ្រ​ ថែរក្សា​ខ្យល់​​ និង​​​​ថែ​រក្សា​ទឹក”។

 

ក្រៅ​ពី​សហគ្រិន​ដ៏​ល្បី​​​ម្នាក់ លោក​ Jack Ma ក៏​ជា​អ្នក​ស្នេហា​ការពារ​បរិស្ថាន​មួយ​រូប​ដែរ។ ក្នុង​ការងារ​ថែរក្សា​បរិស្ថាន​ លោក​​ក៏​ធ្លាប់​បាន​ចូល​រួម​យ៉ាង​សកម្ម​ផង​ដែរ​។ ជាក់​ស្ដែង​​​​ឆ្នាំ​មុន ​មហា​សេដ្ឋី​រូប​នេះ​​បាន​បង្កើត​មូលនិធិ​​ធំ​មួយ​ដោយ​យក​​ចំណូល​របស់​ក្រុមហ៊ុន​ចំនួន ២ ភាគ​រយ​​​​ដើម្បី​​ទំនុកបម្រុង​ទៅ​លើ​វិស័យ​​បរិស្ថាន​, ​វេជ្ជសាស្ត្រ​​, ​វប្បធម៌ និង​វិស័យ​អប់រំ​ក្នុង​ប្រទេស​ចិន។

 

បន្ថែម​ទៀត​នោះ​ក្នុង​ខែ​​ឧសភា លោក Ma ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ព្រឹក្សា​កម្មវិធី​​ ​អភិរក្ស​ធម្មជាតិ Nature Conservancy​ របស់​ប្រទេស​ចិន​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​​កន្លង​ទៅ​លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​ ២៣​ លាន​ដុល្លារ​អាមេរិក​​ទិញ​ដី​​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ New York ​ដើម្បី​ធ្វើ​ជា​តំបន់​អភិរក្ស​បរិស្ថាន៕

 

 

អាន​បន្ត៖   Jack Ma​​ ទម្លាយ​រឿង​​​មុន​ក្លាយ​ជា​សេដ្ឋី​​ ​​ដាក់​​​ការ​ងារ​​៣០​កន្លែង​​អត់​ជាប់

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ latimes