ធ្វើយ៉ាងណា ដើម្បីឱ្យបាត់មុនឆាប់រហ័ស?

មុនគឺ​ជាបញ្ហា​ស្បែក​ដ៏សាមញ្ញ​មួយ​ ដែល​ជះឥទ្ធិ​ពល​ដល់​មនុស្សជា​ច្រើន​។ មុន ​គឺជាអាការៈ​រលាក​ម្យ៉ាង​នៃស្បែក ​ដែល​ក្រពេញ​ខ្លាញ់​ប្រែ​ទៅជា​រលាក​ដោយ​សារបាក់​តេរី ​ដោយ​ធ្វើឱ្យ​ហើម​ឡើង ​និងពោរ​ពេញ​ទៅដោយ​ខ្ទុះ​។ ការបញ្ចេញ​ខ្លាញ់ច្រើន​ហួស​ប្រមាណ​ដោយ​ក្រពេញ​ខ្លាញ់​ គឺជាមូល​ហេតុ​ដំបូងគេ​ នៅពី​ក្រោយ​បញ្ហា​កើត​មុននេះ​។ ជាទូទៅ​មុន​ តែង​កើត​ឡើង​នៅ​លើផ្ទៃ​មុខ ​ក ​ខ្នង​ និងស្មា​។ ទោះបី​វាមិន​មែន​ជាបញ្ហា​ធ្ងន់ធ្ងរ​ក៏ដោយ ​ក៏បញ្ហា​មុននេះ​ អាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ដដោយ​សារ​រូប​សម្ផស្ស​របស់​គេមិន​ស្អាត​ដូច​បំ​ណង​។ នៅក្នុង​ទីផ្សារ​មាន​នូវឡូសិន​ និងឱសថ​ជាច្រើន ​ដែល​មានប្រសិទ្ធ​ភាព​ព្យាបាល​ជំងឺ​មុននេះ​ ប៉ុន្ដែ​វាត្រូវ​ប្រើ​រយៈ​ពេល​យូរ​។ វិធី​សាស្រ្ដ​ធម្មជាតិ​ជាច្រើន​ អាច​យក​ទៅប្រើ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​មុន​ឱ្យជាសះ​ស្បើយ​ក្នុងរយៈ​ពេល​មួយដ៏ខ្លី​។ ខាង​ក្រោម​នេះ ​Cool News សូម​ណែនាំ​លោកអ្នក ​នូវវិធី​សាស្រ្ដ​ធម្មជាតិ​មួយចំនួន ​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺមុន៖​​
ធ្វើយ៉ាងណា ដើម្បីឱ្យបាត់មុនឆាប់រហ័ស?

១. ទឹកកក​៖ ទឹកកក​អាច​ត្រូវ​បានយក​ទៅប្រើ​ប្រាស់ ​ដើម្បីកាត់​បន្ថយ​ភាព​ក្រហម​ អាការៈ​​ហើម​ និងការ​រលាក​ដោយ​សារ​មុនបាន​យ៉ាង​ឆាប់​រហ័ស។​ វាជួយ​សម្រួល​ដល់​ចរន្ដ​ឈាម​រត់ទៅ​កាន់​កន្លែង​ ដែល​កើតមុន​ ជួយ​រិតបន្ដឹង​រន្ធ​ញើស​លើស្បែក​ និងជួយ​ជម្រះ​ចោល​ភាពកខ្វក់​ និងខ្លាញ់ ​ដែល​កពូន​នៅ​លើ​ស្បែក​។ អ្នក​អាច​ប្រើដុំ​ទឹកក​ ឬទឹក​កក​កិនម៉ត់ ​មួយ​ណាក៏​បាន​ ដែល​អ្នក​គិតថា​វាងាយ​ស្រួល​សម្រាប់​អ្នក។​​
ធ្វើយ៉ាងណា ដើម្បីឱ្យបាត់មុនឆាប់រហ័ស?
•ខ្ចប់​ទឹកកក​នៅក្នុង​ក្រណាត់​ស្អាត​មួយ​ ហើយដាក់​ស្អុំផ្អឹប​វានៅ​ត្រង់​បរិវេណ​ស្បែក ​ដែលកើត​មុនឱ្យ​បាន​រយៈ​ពេល​ ពីរ ​បីវិនាទី​។
•រង់ចាំ​ឱ្យ​បានរយៈ​ពេល​ ពីរ ឬ​បីនាទី ​ហើយ​អនុវត្ដ​វាទៀត​ឱ្យបាន​ច្រើនដង។​

២. ក្រូចឆ្មារ​៖ វិធីដ៏​រហ័ស​មួយ​ទៀត​ ដើម្បី​បំបាត់មុន​ គឺការ​ប្រើទឹក​ក្រូចឆ្មារ ​ដែល​សម្បូរ​ទៅដោយ​វីតាមីនC​។ ទឹក​ក្រូច​ឆ្មារជួយ​ឱ្យស្នាម​មុន​ស្ងួត​បានរហ័ស​។ ត្រូវ​ប្រាកដថា ​អ្នកប្រើ​ទឹកក្រូច​ឆ្មារស្រស់ ​មិនមែន​ទឹកក្រូច​ឆ្នារ​ច្រក​ដប​នោះ​ទេ ​ពីព្រោះ​វាត្រូវ​បាន​គេដាក់​សារធាតុ​ ដើម្បី​កុំឱ្យផ្អូម​។ មាន​វិធីជា​ច្រើន​ ក្នុង​ការ​ប្រើទឹក​ក្រូច​ឆ្មារនេះ​ ដើម្បី​ព្យាបាល​ជំងឺមុន៖​
ធ្វើយ៉ាងណា ដើម្បីឱ្យបាត់មុនឆាប់រហ័ស?
•ប្រើដុំ​សំឡី​ស្អាត​ជ្រលក់​ទៅក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ ​ហើយ​លាប​វានៅ​ត្រង់​កន្លែង​កើត​មុន​ មុន​ពេល​ចូល​គេង។​
•ម្យ៉ាង​ទៀត ​អ្នក​អាច​លាយ​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាប​ព្រាបាយ​ជាមួយ​នឹងម្សៅ ​Cinnamon មួយ​ស្លាប​ព្រាកាហ្វេ ​ហើយ​បិទ​នៅលើ​មុន​នៅពេល​យប់។​ នៅពេល​ព្រឹក​ សូម​លុប​លាង​មុខ​របស់​អ្នក​ឱ្យបាន​ស្អាត​ជាមួយ​នឹងទឹក​ក្ដៅ​ឧណ្ហៗ​។ ប៉ុន្ដែ ​ទោះជា​យ៉ាង​ណា ​ការប្រើ​ទឹក​ក្រូច​ឆ្មារ​ជាវិធី​សាស្រ្ដ​ដើម្បី​ព្យាបាល​ជំងឺមុន​នេះ  ​គឺមិន​អាច​យក​ទៅអនុវត្ដ​ចំពោះ​មនុស្ស​ ដែលមាន​ស្បែក​ងាយ​ឈឺចាប់​ និងប្រតិកម្ម​នោះទេ។​
៣. ថ្នាំ​ដុស​ធ្មេញ៖​ ថ្នាំដុស​ធ្មេញ ​ដែល​អ្នក​ប្រើជា​រៀងរាល់​ព្រឹក​ ដើម្បី​សម្អាត​ធ្មេញ ក៏​អាចយក​ទៅប្រើ​ប្រាស់​ដើម្បី​ព្យាបាល​មុនឱ្យ​ជាឆាប់​រហ័សដែរ​។ វាមាន​ប្រសិទ្ធ​ភាព​បំផុត ​នៅពេល​ប្រើប្រាស់​ស្រប​ជាមួយ​នឹងការ​ប្រើរូប​មន្ដស្អុំទឹក​កក​។ អ្នក​ត្រូវ​ប្រើប្រភេទ​ថ្នាំដុស​ធ្មេញ​ពណ៌ស ​ហើយ​ត្រូវ​ចៀសវាង​ប្រើថ្នាំ​ដុស​ធ្មេញ​ប្រភេទ Gel។​
ធ្វើយ៉ាងណា ដើម្បីឱ្យបាត់មុនឆាប់រហ័ស?
•សូម​លាប​ថ្នាំដុស​ធ្មេញ​បន្ដិច​នៅ​ត្រង់កន្លែង​ ដែល​កើត​មុន​មុនពេល​ចូលគេង។​
•នៅពេល​ព្រឹក ​សូម​សម្អាត​មុខ​របស់​អ្នក​ជាមួយ​នឹងទឹក ​ហើយអ្នក​នឹងឃើញ​ថា ​ស្នាម​ហើម​នៅត្រង់​មុន​នឹង​ស្រកចុះ។​
ប្រសិន​បើអ្នក​ចង់ ​អ្នកអាច​អនុវត្ដ​វិធី​នេះម្ដង​ទៀត​នៅពេល​ថ្ងៃ។​ គ្រាន់តែ​ឱ្យ​ប្រាកដថា ​ថ្នាំដុស​ធ្មេញ ​ដែល​អ្នកលាប​ទៅលើ​ផ្ទៃមុខ​ ទុកបាន​ត្រឹម​រយៈ​ពេល​កន្លះ​ម៉ោង​ប៉ុណ្ណោះ៕ ​

អត្ថបទ៖ ដេវីដ
Source: top10homeremedies