​ដាក់គុក​អ្នកបើកបរ​ស្រវឹង បើកឡាន​បុក​រះ ខ្ទេច​ម៉ូតូ​៣​គ្រឿង​,​ឡាន​២​គ្រឿង​, រងរបួស​៣​នាក់​

បន្ទាយមានជ័យ: នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ ចាប់បញ្ជូន​អោយ​តុលាការ ចេញ​ដីកា​ដាក់គុក ជនល្មើស​ច្បាប់​ចរាចរណ៍ គឺ​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​យ៉ាងខ្លាំង បុក​រះ​ម៉ូតូ​៣​គ្រឿង ឡាន​២​គ្រឿង ខូចខាត​យ៉ាងដំណំ និង​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​បង្ក​អោយ​មនុស្ស របួសធ្ងន់​២​នាក់ ស្រាល​១​នាក់​។​
    
​គ្រោះថ្នាក់​កើតឡើង នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវ​ចូល​ស្ថានីយ៍​រថភ្លើង ឬ​ខាងត្បូង​រង្វង់​មូល ស្រី​គ្រប់​ល័ក្ខណ៍ នៅក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
 
​លោក​សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​: ជនល្មើស​ជា​អ្នកបើកបរ​រថយន្ត បង្ក​គ្រោះ​នោះ ឈ្មោះ ហ៊ុ​ង ហួន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា កាមរី ឆ្នាំ​៩៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប ២A២០៥៩​។​
 
​សាក្សី​បានឃើញ​ហេតុការណ៍ បាន​និយាយថា រថយន្ត​បង្ក បាន​បើកបរ​លឿន រេ​ពេញ​ផ្លូវកណ្តាល​ក្រុង ទៅបុក​រថយន្ត​តូយ៉ូតា តា​កូ​ម៉ា ១​បាំង​កន្លះ ១​គ្រឿង ពណ៌​ស្ករ បើកបរ​ដោយ​ឈ្មោះ លាម សុធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ដែល​បាន​ឈប់​ទិញ​ឥ​វ៉ាន់​នៅ​ចិញ្ចើមផ្លូវ ។ បន្ទាប់មក រថយន្ត​បង្ក បាន​បន្ត​បុក​រះ​ម៉ូតូ ៣ គ្រឿង ជា​បន្តបន្ទាប់ ដែល​ឈប់​នៅមុខ និង​ក្បែរៗ រថយន្ត​រងគ្រោះ​នោះដែរ​។​

​ក្រោយពី​បុក​ទាំង​កម្រោល​កណ្តាល ថ្ងៃ​ចែស​នោះ លើ​ឡាន និង​ម៉ូតូ​ទាំងនោះ រថយន្ត​បង្ក បាន​ក្រឡាប់ ៣ ត្រឡប់​សង្កត់​លើ​ម៉ូតូ​បន្ថែម​។​ម៉ូតូ​គ្រឿង និង​ឡាន​១​គ្រឿង​នោះ ខូចខាត​ធ្ងន់ធ្ងរ ហើយក៏​បង្ក​អោយ​រងរបួស​ធ្ងន់ មនុស្ស​២​នាក់ និង​ស្រាល​១​នាក់ ក្នុងនោះ​ម្នាក់ ជា​កុមារ​។​

ជនរងគ្រោះ​មាន​: ១-​អែម វ៉ាន់ឌី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ របួសធ្ងន់​បាក់​ភ្លៅ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ ២-​ឈ្មោះ​ស៊ុន ហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ របួសស្រាល មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​៣-​ឈ្មោះ សេន សំ​ផែត ភេទ​ប្រុស អាយុ​១០​ឆ្នាំ របួសធ្ងន់​ត្រង់​ក្បាល មាន​ទីលំនៅ​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​
 
​លោក សួន នី​ប៉ូ បាន​និយាយ​បន្តថា​: កម្លាំង​នគរបាល​ចរាចរណ៍ និង​រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន បានមក​ដឹក​ជនរងគ្រោះ យកទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​។ នគរបាល​ជំនាញ បាន​វាស់​ជាតិ​អាល់កុល ជនល្មើស​ឃើញ​កម្រិត ១២៣ មក្រ ក្នុង​ខ្យល់ ១ លីត្រ ដែលជា​កម្រិត​ខ្ពស់បំផុត ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី ១​ខែ ទៅ​៦​ខែ និង​ពិន័យ​ពី ៨០ ម៉ឺន ទៅ ៤ លាន​រៀល ហើយ​ត្រូវ​បូក​បន្ថែម បទល្មើស​ធ្ងន់ធ្ងរ ២-៣ ករណី​ទៀត​៕V/S

​ដាក់គុក​អ្នកបើកបរ​ស្រវឹង បើកឡាន​បុក​រះ ខ្ទេច​ម៉ូតូ​៣​គ្រឿង​,​ឡាន​២​គ្រឿង​, រងរបួស​៣​នាក់​

​ដាក់គុក​អ្នកបើកបរ​ស្រវឹង បើកឡាន​បុក​រះ ខ្ទេច​ម៉ូតូ​៣​គ្រឿង​,​ឡាន​២​គ្រឿង​, រងរបួស​៣​នាក់​

​ដាក់គុក​អ្នកបើកបរ​ស្រវឹង បើកឡាន​បុក​រះ ខ្ទេច​ម៉ូតូ​៣​គ្រឿង​,​ឡាន​២​គ្រឿង​, រងរបួស​៣​នាក់​

​ជនល្មើស ជា​អ្នកបើកបរ ទាំង​ស្រវឹង​មាន​ជាតិ​អាល់កុល​កម្រិត​១២៣​មក្រ​/​ខ្យល់​១​លីត្រ​(​រូប​:​សូ​ផុន​)