​កម្លាំង​ប៉ុស្តិ៍​អូរឫស្សី ៣ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពីបទ​ចែកចាយ និង​ប្រើប្រាស់​

ភ្នំពេញ:  សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា សហជា​មួយ​កម្លាំង​ប៉ុស្តិ៍​អូ​ឬ​ស្សី​៣ ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ កាល​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​តាមផ្លូវ​ដឿ​ង​ហែម ខាងក្រោយ​ប៉ុស្តិ៍​អូរឫស្សី​៣ ក្នុង​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ឈៀង ណេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់នៅ ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​១៦៩ សង្កាត់​វាល​វង ខណ្ឌ​៧​មករា ។ ទី​២.​ឈ្មោះ ស៊ុន ហ៊ាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤០E1z ផ្លូវ​១៦៤ សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា​។ អ្នក​ទាំង​២ មានមុខ​របរ​មិន​ពិតប្រាកដ​ដូចគ្នា​។​

​នៅ​មុនពេល​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប​នោះ មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ថា​នៅ​ចំណុច ផ្លូវឌឿងហែម​ខាងលើ​នោះ គឺមាន​ក្រុមក្មេងស្ទាវ​ជាច្រើន តែង​នាំគ្នា​មក​ជក់​គ្រឿងញៀន នៅ​ប្លុក​នោះ​។ ខណៈនោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅនឹងកន្លែង​កំពុងតែ​ជក់ ជាក់ស្ដែង​តែម្តង និង​ដកហូត​សម្ភារៈ ប្រើប្រាស់​មួយចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច នាំយក​មកកាន់​អធិការ​ដ្នា​ន នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S