​រថយន្ត​ដឹក​ដី បើក​បុក​ម៉ូតូ អូស​រ៉ឺម៉ក​ដឹក​ដែក បណ្តាល​ឲ្យ​យុវជន ២ នាក់​រងរបួស​

ភ្នំពេញ: រថយន្ត​ដឹក​ដី បើក​បុក​ម៉ូតូ អូស​រ៉ឺម៉ក​ដឹក​ដែក ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​២​នាក់ រងរបួស​ធ្ងន់ ក្នុងនោះ​ម្នាក់​បាក់ជើង និង​ម្នាក់​បែកក្បាល​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​ព្រៃ​ស កែង​ផ្លូវលំ ចូល វត្ត​ឫស្សី​សាញ់ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​យុវជន ២​នាក់ ដែល​រងរបួស ទី​១-​ឈ្មោះ ឈាន វិ​ន ភេទ​ប្រុស​អាយុ ២១ ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ឃ្លាំង​ដែក សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ( អ្នកបើក​រ៉ឺម៉ក​) និង​ទី​២ ឈ្មោះ ឡា ឡយ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​ជាងដែក មាន​ស្រុកកំណើត នៅ​ឃុំ​ព្រែក​អំ​បុល ស្រុក​ស្អាង ខេត្ត កណ្តាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​ក្រោយ​កើតហេតុ រូបគេ​រត់​គេចខ្លួនបាត់ ។​

​តាម​សាក្សី​នៅ​និង​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ បាន​ជិះ​រ៉ឺម៉ក​ដឹក​ដែក​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ បេតុង ព្រៃ​ស ទិសដៅ​ពី​លិចទៅ កើត លុះ​មកដល់​ផ្លូវកែង​បត់ ចូល​វត្ត​ឫស្សី​សាញ់ ស្រាប់​តែមាន​រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B.1111 កំពុងបើក​ចេញពី​កន្លែង​ចាក់ដី ខាងជើង​វត្ត​ឫស្សី​សាញ់ ដោយបាន​បើកបរ​ក្នុង​ល្បឿន យ៉ាង​លឿន ហើយ​បាន​ជ្រុល​បុក​ចំ​ពីមុខ រ៉ឺម៉ក​ដឹក​ដែក​ពេញទំហឹង បណ្តាល​យុវជន​២ នាក់ ធ្លាក់​ពីលើ​រ៉ឺម៉ក​ដឹក​ដែក ត្រូវ​រថយន្ត​កិន​ម្នាក់ បាក់ជើង និង​ម្នាក់​បែកក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ទាំង​២ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យបង្អែក​ដង្កោ ជួយ​អន្តរាគមន៍​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​រ៉ឺម៉ក​វិញ ត្រូវ​រថយន្ត​ដឹក​ដី​កិន​ពីលើ​ខ្ទេច រង​ការខូចខាត​ទាំងស្រុង ។ រថយន្ត​បង្ក និង​រ៉ឺម៉ក ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាម​នីតិវិធី​៕V/S

​រថយន្ត​ដឹក​ដី បើក​បុក​ម៉ូតូ អូស​រ៉ឺម៉ក​ដឹក​ដែក បណ្តាល​ឲ្យ​យុវជន ២ នាក់​រងរបួស​