នគរបាលប្រទះ​​​ឃើញ​សាកសព​ស្ត្រីមានផ្ទៃពោះ​ដែល​​​ត្រូវ​​​គេ​​​សម្លាប់​​​​ក្នុង​ព្រៃ​​​ឧទ្យានជាតិ​គិរីរម្យ​

មន្ត្រី​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​ថា សាក​​​សព​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កាប់ ​​​និង​ដុត​រោល​នោះ​​​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​​​​នៅ​​​​​​តំបន់​​​ដាច់​​​ស្រយាល​​​មួយ​​​នៃ​​​ឧទ្យាន​​​ជាតិ​​​គិរីរម្យ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

ស្ត្រី​​​រូប​​​នេះ​​​ដែល​​​អាជ្ញាធរ​​​​​​មិន​​​ទាន់​​​អាច​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​បាន​​​ដោយ​​​សារ​​​សភាព​​​សាក​​​សពស្អុយ​​​រលួយ​​​នោះ ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​ម៉ោង​​​​​៥​​​និង​​​៣៥​​​នាទី​​ល្ងាច ​​​បន្ទាប់​​ពី​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​ឈើ​​​ម្នាក់​​​ដែល​​​ដើរ​​​ល្បាត​​​នៅ​​​តំបន់​​​នោះ​​​បាន​​​​​​​ធុំ​​​ក្លិន​​​ស្អុយ​​​យ៉ាង​​​ខ្លាំង​​​ហើយ​​​បាន​​​ដើរ​​​តាម​​​ទៅ​​​​​​ស្រាប់​​​តែ​​​ឃើញ​​​សាក​​​ ​​​សព​​​នោះ​​​​​​តែ​​​ម្តង​​​។ ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​ជា​​​ច្រើន​​​ពូថៅត្រង់​​​ក្បាល​​​ និង​​​ក​​​ ហើយ​​​​​​​​ត្រូវ​​​បាន​​​ដុត​​​ឆេះ​​រោល​ដងខ្លួន​ និង​​​ផ្ទៃ​​​មុខ​​​។

លោក សំ សាក់ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ជឿ​​​ថា ជន​​​រង​​​គ្រោះ​​​អាយុ​​​ខ្ទង់​​​២០​​​​​​ឆ្នាំ ហើយ​​​មាន​​​ផ្ទៃ​​​ពោះ​​​ប្រហែល៥​​​ទៅ​​​៧​​​ខែ​​​។ ដោយ​​​សារ​សាក​​​សព​​​​​មាន​​​​​សភាព​​​ស្អុយ​​​រលួយខ្លាំង​​​​ លោក​​​សន្និដ្ឋាន​​​ថា ស្ត្រី​​​រូប​​​នេះ​​​ប្រហែល​ស្លាប់​​​​​​ជិត​​​មួយ​​​សប្តាហ៍​​​មក​​​ហើយ​​​។

លោក​​​ សំ សាក់​​​ ថ្លែង​​​ថា “យើង​​​អាច​​​ប្រាប់​​​បាន​​​ថា ជន​​​សង្ស័យ​​​ប្រើ​​​ពូថៅ​​​កាប់​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​រូបនេះ ព្រោ​​​ះ​​​យើង​​​បាន​​​រក​​​ឃើញ​​​ពូថៅ​​​​​មួយ​​​នៅ​​​ក្បែរ​​​សាក​​​សព​​​ជន​​​រង​​​គ្រោះ”​​​។ ស្ត្រី​​​រូប​នេះ​​​ត្រូវ​​​ជន​​​សង្ស័យ​​​កាប់​​​បួន​​​ពូថៅ​​​ត្រង់​​​ក្បាល និង​​​កាប់​​​ជា​​​ច្រើន​​​ពូថៅ​​​ទៀត​​​ត្រង់​​​ក។

លោក សំ សាក់ បាន​​​​​​ថ្លែង​​​ថា នគ​​​របាល​​​ជឿ​​​ថា បទ​​​ឧក្រិដ្ឋ​​​នេះ​​​ត្រូវ​​​បាន​​​គិត​​​ទុក​​​ជា​​​មុន ហើយ​​​មិន​​​មែន​​​ជា​​​អំពើ​​​ប្លន់​​​ទេ​​​ ពីព្រោះជន​​​រង​​​គ្រោះ​​​នៅ​មាន​​​ក្រវិល​​​មាស​​​មួយ​​​គូ​​​ ​និង​​​ខ្សែ​​​ដៃមាស​​​មួយ​​​ខ្សែជាប់​​​នឹង​​​ខ្លួន​​​នៅ​ពេលត្រូវ​បាន​ប្រទះឃើញ​​​។

លោក​​​បាន​​​ថ្លែង​​​ថា លោក​​​សង្ស័យ​​​ថា ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​សម្លាប់​​​ដោយ​​​បុរ​​​សម្នាក់​​​ដែល​​​​​​នាង​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ ប៉ុន្តែថា នគ​​​របាល​​​​​​កំពុង​​​សើុប​​​អង្កេតករណី​​​នេះ​​​​​​នៅ​​​​​​ឡើយ​​​។

លោក រស់ សារិន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ចំបក់ ក្នុង​​​ស្រុក​​​ភ្នំ​​​ស្រួច​​​ កន្លែង​​​ដែល​​​សាក​​​សព​​​​​​ត្រូ​​​វបាន​​​ប្រទះ​​​ឃើញ​​​ ក៏បាន​​​មាន​​​ប្រសាសន៍​​​ផង​ដែរ​ថា ​​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​ទំនង​​​ជា​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​អ្នក​​​ដែល​​​នាង​​​ស្គាល់​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ស្គាល់​​​គ្នា​​​ ពួក​​​គេ​​​មិន​​​អាច​​​ទៅ​​​កន្លែង​​​ស្ងាត់​​​ក្នុង​​​ព្រៃ​​​បែប​​​នេះ​​ឡើយ​​​”៕ សារុន​​​​​​

The post នគរបាលប្រទះ​​​ឃើញ​សាកសព​ស្ត្រីមានផ្ទៃពោះ​ដែល​​​ត្រូវ​​​គេ​​​សម្លាប់​​​​ក្នុង​ព្រៃ​​​ឧទ្យានជាតិ​គិរីរម្យ​ appeared first on ខេមបូឌា ដេលី.