បាត់​ប្រពន្ធ​ និង​កូន​៦ថ្ងៃ​ដើរ​រក​នៅ​ម្តុំ​ផ្លូវ​រទេះ​ភ្លើង​ គេ​ច្រឡំថា​ចោរ​ចាប់​វាយ​ឡើង​ទ្រម​ខ្លួន​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​ឡោម​ព័ទ្ធ​វាយ​ទ្រម​ខ្លួន ព្រោះ​ស្មានថា​ជា​ចោរ​ចូល​មក​លួច​យក​ទ្រព្យសម្បត្តិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលពេញ​មួយ​ភូមិ​ផ្លូវរ​ទះ​ភ្លើង​ទាំង​យប់ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៥ ​តុលា​២០១០ ស្ថិត​ក្នុង​ម្តុំ​បន្ទប់​ជួល​ភូមិរ​ទះ​ភ្លើង សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

បុរស​ដែល​ត្រូវ​គេ​ច្រឡំ​ថា​ ជា​ចោរ​នោះ​មាន ឈ្មោះ អ៊ុំ​យុន ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៧ឆ្នាំ ​ស្នាក់​នៅ​ជិត​ម្តុំរ​ទះ​ភ្លើង​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ផង​ដែរ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​​ថា មុនពេល​កើតហេតុ ​ពួក​គាត់​បានឃើញ​បុរស​ម្នាក់​ខាងលើ​នេះ​មក​អើត​ឡើម​មិនដឹង​រក​អ្វី​តាំងពី​ថ្ងៃ​មក​ម្ល៉េះ លុះ​នៅ​ម៉ោង​កើត​​ហេតុ​​បុរស​ម្នាក់​នេះ​មក​កន្លែង​ដដែល​ម្តង​ទៀត​ ហើយ​ដើរ​សំដៅ​មក​បន្ទប់​ជួល​ដោយ​មិនដឹង​មាន​បំណង​អ្វី ​​បន្ទាប់មក​បុរស​នោះ​ក៏ស្ទុះ​ទៅ​ទាញបន្ទប់​គេ​ស្នាក់នៅ​ធ្វើឱ្យ​អ្នក​នៅ​ក្នុង​បន្ទប់​ស្រែក​ឆោឡោបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាងជិត​មួយ​ភូមិចេញ​មក​ដេញ​វាយ​បុរស​ដែល​គេ​មិន​ស្គាល់​នោះធ្វើឱ្យ​រូប​គេ​ភ័យ​ពេក​ក៏​រត់​ទៅ​លោត​ចូល​បឹង​កំប្លោកសម្ងំ​ក្នុង​ទឹក​ជាង​១​ម៉ោង ទាល់តែ​សមត្ថកិច្ច​មក​ដល់​ទើប​បុរស​នោះ​ងើបឡើង​មក​វិញ ។

ក្រោយ​ពី​ការ​សួរនាំ​របស់​សមត្ថកិច្ច បុរស​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​ជា​ចោរ​នោះបាន​ឆ្លើយ​ប្រាប់​ទាំង​ឈាម​ហូរ​ស្រោច​មុខ​ថា រូប​គាត់​មិនមែន​ជា​ចោរលួច​ប្លន់​អ្នក​ណា​ឡើយ គឺ​គាត់​មក​រកប្រពន្ធ​ និង​កូន​ដែល​មិន​ទៅ​ផ្ទះ​ជាង​៦​ថ្ងៃ​​​ហើយ ដោយ​គាត់​ឭ​គេ​ប្រាប់​ថា ​ឃើញ​ប្រពន្ធ​ និង​កូន​របស់​គាត់​ស្នាក់​នៅ​ម្តុំ​បន្ទប់​ជួល​នោះ គាត់​ដើរមក​រក​ទៅ ស្រាប់តែ​គាត់​បានឃើញ​ប្រពន្ធ​របស់​គាត់​ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​នោះ​ពិតមែន តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ប្រជាពលរដ្ឋ​ក្បែរ​នោះស្រែ​កថា​ គាត់​ជា​ចោរ​ក៏​ដេញ​វាយ​ និង​ធាក់​គាត់​ដោយ​មិន​បាន​សួរនាំ​អ្វី​ទាំងអស់ ព្រោះតែ​ភ័យ​ពេក​គាត់​ក៏​រត់គេច​ខ្លួន​ទៅ​ហក់​ចូល​ទៅ​បឹង​ក​ប្លោកសម្ងំ​ក្នុង​ទឹក​នោះ​តែ​ម្តង​ទៅ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន​។

ទោះ​យ៉ាង​សមត្ថកិច្ច​នៅ​តែ​យក​បុរស​ដែលត្រូវ​គេ​សង្ស័យ​ជា​ចោរលួច​នោះ​ទៅ​សួរនាំ​នៅ​ប៉ុ​ស្តិ៍​នគរបាល​បឹង​កក់​សិន ដើម្បី​ឱ្យ​ដឹង​រឿង​កាន់តែ​ច្បាស់ ហើយ​បើសិនជា​បុរស​ដែល​គេ​សង្ស័យ​នោះ​មិន​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​រឿង​មែន សមត្ថកិច្ច​នឹង​ដោះ​លែង​គាត់​វិញ ​៕​