វិចារណកថាៈ សង្ឃឹមថាមានការ នាំចេញ នាំចូលទំនិញ និងបង់ពន្ធត្រឹមត្រូវ

កន្លងមកតែងតែមាន សេចក្តីរាយការណ៍ថា នៅតាមច្រកអន្តរជាតិ និងច្រកព្រំដែនមួយចំនួន ក្រុមឈ្មួញបាននាំ ចេញ-នាំ ចូលទំនិញយ៉ាងពេញបន្ទុក ប៉ុន្តែពុំមានការត្រួតពិនិត្យ និងបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យ រដ្ឋខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។ ជាងនេះទៅទៀត នៅតាមច្រក អន្តរជាតិ និងច្រកព្រំដែន មួយចំនួន ឈ្មួញបាននាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត ហើយសូម្បីតែទំនិញខូចគុណភាព និងទំនិញផុត កាលកំណត់ប្រើប្រាស់ ក៏ឈ្មួញអាចនាំចូលមក ចែកចាយ ក្នុងទីផ្សារប្រទេសកម្ពុជាបានដែរ ។ មិនតែ ប៉ុណ្ណោះ ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូន អ្នកដំណើរមួយចំនួន បានលួចបង្កប់ទំនិញគេចពន្ធរាប់តោនដោយមានការឃុប ឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពីស្ថាប័ននានា ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ ។ ជាពិសេសការបន្លំប្រភេទ ទំនិញគឺជាករណីមួយ ដែលធ្វើឲ្យ រដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយស្ថាប័នគយជា អ្នកទទួលខុស ត្រូវចំពោះបញ្ហានេះ ។

ឥឡូវនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញលិខិតមួយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ព្រមានចាត់ វិធានការចំពោះអ្នកនាំចេញ-នាំចូលទំនិញដែលអនុវត្តន៍មិនត្រឹមត្រូវតាមច្បាប់ ។ លិខិតបានបញ្ជាក់ថា “អគ្គ នាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជាមានកិត្តិយសសូមជម្រាបជូនលោកឧកញ៉ា លោក លោកស្រី ដែលជាធុរជន ម្ចាស់ទំនិញ ប្រតិបត្តិ ករដឹកជញ្ជូន និងជើងសាគយឲ្យបានជ្រាបថា ធុរជននាំចេញនាំចូលប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយមួយចំនួន ពុំបានយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានជាធរ មាននានាដោយបានប្រកាសបង់ពន្ធ អាករខុសយថាប្រភេទទំនិញ បរិមាណ និងប្រភពដើមកំណើតទំនិញ ។ លើសពីនេះម្ចាស់ទំនិញ និងប្រតិបត្តិករដឹក ជញ្ជូនមួយចំនួននោះបានដឹកទំនិញពីមាត់ច្រកបំពេញ បែបបទនានា ដោយពុំបានភ្ជាប់មកជាមួយនូវបង្កាន់ដៃពន្ធ និងឯក សារពាក់ព័ន្ធ និងការបំពេញបែបបទ បញ្ចេញទំនិញ ចេញពីគយ ។ ទង្វើទាំងនោះសុទ្ធតែជាសកម្មភាពល្មើសច្បាប់ស្តីពី គយដែលត្រូវរងនូវការពិន័យ និងទោស ទណ្ឌតាមបញ្ញតិ្តនៃច្បាប់នេះ” ។

លិខិតចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានលើកឡើងទៀតថា ក្នុងគោល បំណងពង្រឹងវិធានការអនុវត្តន៍ច្បាប់ និងបទបញ្ញតិ្តជាធរមាន និងដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និងអាករចូលថវិកាជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំដូចខាងក្រោម៖ ១-ប្រកាស មុខទំនិញឲ្យបាន ត្រឹមត្រូវតាមយថាប្រភេទទំនិញ បរិមាណ និងប្រភពដើមកំណើតទំនិញ ។ ២-ត្រូវបំពេញ កាតព្វកិច្ចពន្ធ និងអាករលើ មុខទំនិញនាំចេញ នាំចូលគ្រប់ប្រភេទតាមបទបញ្ញតិ្តជាធរមាន ។ ៣-ត្រូវអមមក ជាមួយនូវបង្កាន់ដៃពន្ធច្បាប់ដើម ប្រតិវេទន៍ច្បាប់ចម្លង ឬលិខិតអនុញ្ញាតិដឹកជញ្ជូន ច្បាប់ដើមភ្ជាប់ជាមួយ បង្កាន់ដៃពន្ធច្បាប់ចម្លងដែលចេញដោយមន្រ្តី គយ និងរដ្ឋាករមានសមត្ថកិច្ច ព្រមទាំងឯកសារពាក់ព័ន្ធ មកជា មួយមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់រាជ ធានីភ្នំពេញ ឬគម្យដ្ឋានផ្សេងៗ ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះ មជ្ឈដ្ឋាននានាសង្ឃឹមថាចាប់ពីពេលនេះតទៅឈ្មួញមិនអាចនាំចូលទំនិញ គេចពន្ធ ទំនិញខុសច្បាប់ បន្លំប្រភេទទំនិញ និងបន្លំបរិមាណទំនិញស្រេចតែអំពើចិត្តដូចកាលពីមុនទៀតទេ ។ ក្នុងនោះ ដើម្បីឲ្យការប្រមូលពន្ធមានប្រសិទ្ធភាពពិតប្រាកដ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវពិនិត្យ ឲ្យបានដិតដល់ទៅ លើការងាររបស់មន្រ្តីគយ និងភ្នាក់ងារគយនៅតាមច្រកអន្តរជាតិ និងច្រកព្រំដែននានា នៅទូទាំងប្រទេស ។ ដោយហេតុ ថាកន្លងមកតែងតែមានការរិះគន់ទៅលើមន្រ្តីគយនៅតាមច្រកអន្តរជាតិ និងច្រកព្រំដែនមួយចំនួនគឺជាអ្នកឃុបឃិតបើក ដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ បន្លំយថាប្រភេទទំនិញ បន្លំបរិមាណទំនិញយ៉ាងរលូនដោយសារតែមានការបែងចែក ផលប្រយោជន៍ ។ ជាពិសេសករណី ខ្លះឈ្មួញនាំចូលគ្រឿងអេឡិចត្រូនិច និងទំនិញផ្សេងៗដែលត្រូវបង់ពន្ធក្នុងកម្រិត ខ្ពស់ ប៉ុន្តែក្នុងបង្កាន់ដៃបង់ ពន្ធគេដាក់ថា ជាទំនិញចាប់ហួយទៅវិញ ។

នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ទៀតថា “យន្តការតាមដានមួយត្រូវបានបង្កើតដើម្បីអង្កេត និងឃ្លាំមើលការអនុវត្តលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងការ នាំចេញនាំ ចូល ជាពិសេសកាតព្វកិច្ចពន្ធអាករ ហើយនឹងមានវិធានការចាប់ឃាត់ជាក់ស្តែងលើទំនិញ និងមធ្យោបាយ ដឹកជញ្ជូន របស់លោក លោកស្រី ក្នុងករណីខកខានពុំបានអនុវត្តន៍ ឲ្យសមស្របតាមសេចក្តី ណែនាំខាងលើនេះ” ។ តាមរយៈសេច ក្តីណែនាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី៣០ ខែកញ្ញា គឺចាប់ពីថ្ងៃនេះតទៅពុំមានឈ្មួញ ឬអាជីវករ ណានាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ឬបន្លំប្រភេទំនិញតាម អំពើចិត្តទៀតឡើយ ។ ចំណែកមន្រ្តីគយ និងភ្នាក់ងារ គយក៏មិនហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូល ម៉ូតូគេច ពន្ធ រថយន្តគេចពន្ធ ទូរសព្ទដៃទំនើបៗ គ្រឿងអេឡិចត្រូនិច គ្រឿងអលង្ការ និងស្រាថ្លៃៗ ស្រេចតែអំពើចិត្តដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួនដូចកាលពីមុនទៀតទេ ព្រោះអាចប្រឈម នឹងចំណាត់ការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕