សហព័ន្ធ​ព្រមាន​កីឡាករ​ប្រដាល់​ទាំង​អស់ ចំពោះ​ទង្វើ​ស៊ី​លុយ​គ្រប់​រូបភាព

សហព័ន្ធ​ព្រមាន​កីឡាករ​ប្រដាល់​ទាំង​អស់ ចំពោះ​ទង្វើ​ស៊ី​លុយ​គ្រប់​រូបភាព

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​​ព្រមាន​ដល់​អ្នក​ប្រដាល់​ទាំង​អស់​ដែល​ប្រកួត​នៅ​តាម​សង្វៀន​ផ្សេង​ៗ​ក៏​ដូច​ជា​ត្រៀម​ខ្លួន​ចូល​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឱ្យ​បាន​ដឹង​ថា​ សហព័ន្ធ​នឹង​​​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ប្រើ​ល្បិច ប្រកួត​មិន​អស់​សមត្ថភាព​និង​ទង្វើ​ស៊ី​លុយ​ផ្សេង​ៗ​ទៀត។

 

សហព័ន្ធ​ព្រមាន​កីឡាករ​ប្រដាល់​ទាំង​អស់ ចំពោះ​ទង្វើ​ស៊ី​លុយ​គ្រប់​រូបភាពលោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​

 

កាល​ពី​ពេល​កន្លង​ទៅ ការ​ប្រកួត​តាម​សង្វៀន​តែងតែ​មាន​ការ​លេង​ល្បិច​ធ្វើ​ជា​ចាញ់​ឬ​ប្រកួត​ដោយ​មិន​ប្រឹង ដើម្បី​បាន​លុយ​ក្រៅ​ពី​បុគ្គល​មួយ​ចំនួន​ដែល​កុម្ម៉ង់​ឱ្យ​កីឡាករ​ណា​ម្នាក់​ចាញ់​ការ​ប្រកួត។ ខណៈ​ដែល​ការ​ប្រកួត​ថ្នាក់​ជាតិ​វិញ ​កីឡាករ​ដែល​ខ្សោយ​ៗ ពេល​ប៉ះ​អ្នក​ខ្លាំង​​​អាច​​ធ្វើ​ជា​ចាញ់​ដើម្បី​កុំ​ឱ្យ​ឈឺ​សាច់​ច្រើន ព្រោះ​ពួកគេ​ដឹង​ថា​មិន​បាន​ប្រាក់​រង្វាន់​អ្វី​ច្រើន​ទេ។  ដោយ​ឡែក​ពេល​នេះ ខាង​សហព័ន្ធ​កីឡា​ប្រដាល់​បាន​រឹត​បណ្ដឹង​សកម្មភាព​នេះ​ជា​ខ្លាំង ក្នុង​គោលបំណង​ចង់​ឱ្យ​វិស័យ​កីឡា​ក្បាច់​គុន​មួយ​នេះ​មាន​ការ​វិវត្តន៍​កាន់​តែ​ខ្លាំង​ឡើង ​ជា​ពិសេស​ចំពោះ​ការ​ប្រកួត​ថ្នាក់​ជាតិ ជា​កាតព្វកិច្ច​របស់​កីឡាករ​គ្រប់​រូប​ មិន​អាច​យក​មក​លេង​សើច​បាន​ទេ។

 

លោក តែម ម៉ឺន ​បាន​និយាយ​បញ្ជាក់​បន្ថែម​ថា៖ “កីឡាករ​ណា​ប្រកួត​មិន​អស់​សមត្ថភាព ខាង​សហព័ន្ធ​នឹង​អនុវត្តន៍​តាម​វិន័យ​នៃ​គោលការណ៍​បច្ចេកទេស​ជា​ដាច់​ខាត ដោយ​អាច​នឹង​បណ្ដេញ ការ​ព្យួរ​ជើង ​ហើយ​បើ​មាន​ករណី​ធ្ងន់ធ្ងរ​អាច​នឹង​កាត់​ចេញ​ពី​សមាជិក​របស់​សហព័ន្ធ​តែ​ម្ដង។ យើង​មិន​អាច​បណ្ដោយ​ឱ្យ​ប្រយោជន៍​របស់​បុគ្គល​កីឡាករ​នោះ មក​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​សហព័ន្ធ​បាន​ទេ”។

 

ដើម្បី​ត្រៀម​ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ខាង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​មាន​យុទ្ធសាស្ត្រ​រួច​ជា​ស្រេច​ដើម្បី​ប្រជែង​យក​មេដាយ ដោយ​បាន​បង្កើត​ជា​សាលា​គុន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដើម្បី​ជ្រើសរើស​ជើង​ខ្លាំង និង​មាន​រៀប​ចំ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ផ្សេង​ៗ ៕

 

សហព័ន្ធ​ព្រមាន​កីឡាករ​ប្រដាល់​ទាំង​អស់ ចំពោះ​ទង្វើ​ស៊ី​លុយ​គ្រប់​រូបភាពរូបថត​ប្រកួត​ជើង​​ឯក​ជាតិ​ឆ្នាំ​២០១៤​កន្លង​ទៅ

 

 ចុចអាន៖ប្រធាន​សហព័ន្ធ​​ប្រដាល់​ថា មិន​ដែល​ដាក់​រហស្សនាម​ឱ្យ​កីឡាករ​ណា​ម្នាក់​ទេ សូម្បី អេ ភូថង

 

​អត្ថបទ៖ មុន្នី រម្យ