វិមាន​បុរាណ​អាយុកាល​២​ពាន់​ឆ្នាំ​នៅ​ស៊ី​រី ត្រូវ​ក្រុម​ISIS​ដាក់​គ្រាប់បែក​បំផ្ទុះ​កម្ទេចចោល​

​ស៊ី​រី​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បានធ្វើ​ការដាក់​បំផ្ទុះ​គ្រាប់បែក​ក​ម្ចេ​ច​វិមាន Arch of Triumph ជា​វិមាន​បុរាណ​មួយ ដែលមាន​អាយុកាល​ប្រមាណ ២០០០​ឆ្នាំ នៅក្នុង​ទីក្រុង Palmyra ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ព័ត៌មាន Channel News Asia​។​

​នាយក​វត្ថុ​បុរាណ​ស៊ី​រី លោក Maamoun Abdulkarim បាន​និយាយថា វិមាន​យុគសម័យ Roman ដែល​ក្រុម​រដ្ឋ​ឥស្លាម​ដាក់​គ្រាប់បែក​បំផ្ទុះ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ UNESCO ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​វា​ត្រូវបាន​ក្រុម​ឧទ្ទាម​វាយ​ដណ្តើមយក ពី​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​ខែឧសភា ដោយ​វិមាន​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កន្លែង​ស័ក្តិសិទ្ធិ​។​

​ដោយឡែក​អង្គការ UNESCO បាន​ហៅ​សកម្មភាព​ទាំងនេះ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បាន​ឲ្យ​ដឹងថា ក្រុម IS កំពុង​ព្យាយាម​បំផ្លាញ​ភស្តុតាង​បេតិកភណ្ឌ​របស់​ស៊ី​រី​។​

​គួរ​បញ្ជាក់ថា កាលពី​ខែសីហា ក្រុម​ឧទ្ទាម Sunni បានដាក់​គ្រាប់បែក​បំផ្លាញ​ប្រាសាទ Baal Shamin បន្ទាប់មក​បំផ្លាញ​ប្រាសាទ Bel ជា​ប្រាសាទ​ស្ថិតក្នុង​យុគសម័យ Roman ដែល​ត្រូវបាន​គេ​ការពារ​។ ទន្ទឹម​នោះ​ក្រុម ISIS​បានប្រកាស​ដាក់​ការិយាល័យ​របស់ខ្លួន នៅលើ​ទឹកដី​ដែល​ខ្លួន​បាន​គ្រប់គ្រង នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៉ី​រ៉ា​ក់ ហើយ​បាន​បំផ្លាញ​នូវ​វិមាន​បុរាណ​ជាច្រើន ដោយបាន​និយាយថា ខ្លួន​មិនមាន​សាសនា និង​គោរព​វត្ថុ​ស័ក្តិសិទ្ធិ​អ្វី​នោះទេ​៕

វិមាន​បុរាណ​អាយុកាល​២​ពាន់​ឆ្នាំ​នៅ​ស៊ី​រី ត្រូវ​ក្រុម​ISIS​ដាក់​គ្រាប់បែក​បំផ្ទុះ​កម្ទេចចោល​