អ្នកប្រដាល់ថៃ Weerachai សង្ឃឹម​ឡើង​វគ្គបន្ត នៃ​ខ្សែ​ក្រវាត់​ស៊ីម៉ងត៍អូដ្ឋ

ភ្នំពេញ៖ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥គីឡូក្រាម នៅលើសង្វៀន TIFFY ARENA TV5 នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០១៥ ជាការជួបប្រកួតលើកចុងក្រោយរបស់អ្នកប្រដាល់៤រូបនៅក្នុងពូល B ដែលមានអ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិថៃ១រូប ។

សម្រាប់ពូល B លើកទី៣ ជាជុំចុងក្រោយអ្នកប្រដាល់ ធី តុងហ៊ី មកពីក្លឹបសាលវ័ន្តកីឡា ប៉ះអ្នកប្រដាល់ ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ៍សែនជ័យ ។ ធី តុងហ៊ី ២ប្រកួតកន្លងមក ឈ្នះ១ និងចាញ់១ រកបាន៤ពិន្ទុ ដោយប្រកួតចាញ់អ្នកប្រដាល់ថៃ Weerachai ដោយពិន្ទុ និងលើកទី២ ប្រកួតឈ្នះអ្នកប្រដាល់ អៀង ច័ន្ទល័ក្ខ ក្លឹបម្កុដរាជសីហ៍ដោយពិន្ទុ គ្រាដែល អ្នកប្រដាល់ ថៃ ប៊ុនហាន ២ប្រកួតឈ្នះទាំង២ រកបាន៦ពិន្ទុ ។
ថៃ ប៊ុនហាន និង ធី តុងហ៊ី នេះមិនដែលប៉ះគ្នាទេកន្លងមក ពួកគេសុទ្ធតែជាអ្នកប្រដាល់ជើងចាស់ដែលមានបទ ពិសោធន៍ និងកលល្បិចក្នុងការប្រកួតច្រើន និងសម្បូរបែបដូចគ្នា ។

ចំណែកអ្នកប្រដាល់ អៀង ចាន់ល័ក្ខ ក្លឹបម្កុដរាជសីហ៍ជួបជាមួយអ្នកប្រដាល់ថៃ Weerachai Menayuthin ។ អ្នកប្រដាល់ថៃ ២ប្រកួត មាន៤ពិន្ទុ បានផ្តួល ធី តុងហ៊ី ឲ្យសន្លប់ក្នុងទឹកទី៣ និងលើកទី២ ចាញ់អ្នកប្រដាល់ ថៃ ប៊ុនហាន វិញ ។ សម្រាប់ការជួបជាមួយ អៀង ចាន់ល័ក្ខ ក្នុងជុំចុងក្រោយនេះ Weerachai រកបាន៣ពិន្ទុយ៉ាងងាយ ។ អៀង ចាន់ល័ក្ខ ២ប្រកួត ចាញ់ទាំង២ មាន២ពិន្ទុ ។ ប្រកួតលើកនេះ ជាការប្រកួតបង្ក្រប់កិច្ចតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» ទម្ងន់៦៣,៥គីឡូក្រាម នេះនៅក្នុងពូល A បានរកឃើញ អ្នកប្រដាល់២នាក់ដែលត្រូវឡើងទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ ឈាន ហុង សមាគមកីឡាក្រសួងការពារជាតិ និងវ៉ាន់ ចាន់វ៉េត ក្លឹបគីសែមានរិទ្ធ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការប្រកួតខ្សែក្រវាត់ស៊ីម៉ងត៍អូដ្ឋ នៅលើសង្វៀន TIFFY ARENA TV5 នេះ អ្នកប្រដាល់ដែលបែកឈាមនោះ គឺទទួលបានការជួយឧបត្ថម្ភមួយថ្នេរដល់ទៅ ៤០,០០០ រៀលឯណោះ ៕

អ្នកប្រដាល់ថៃ Weerachai សង្ឃឹម​ឡើង​វគ្គបន្ត នៃ​ខ្សែ​ក្រវាត់​ស៊ីម៉ងត៍អូដ្ឋ