កីឡាករ រឿង សារ័ត្ន ឡើង​សាក​កណ្ដាប់​ដៃ មាស ច័ន្ទមាន លើ​សង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ រឿង សារ័ត្ន សិស្សគុនក្លឹបកងពលតូច ទ័ពឆ័ត្រយោង៩១១ នឹងឡើងសាកថ្វីដៃជាមួយអ្នកប្រដាល់ជើងចាស់ មាស ច័ន្ទមាន នៃសមាគមកីឡាក្រសួងការពារជាតិ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០១៥ នៅលើសង្វៀន SEA-TV ខាងមុខនេះ ។

មាស ច័ន្ទមាន ជាម្ចាស់ខ្សែក្រវាត់ K.Cement ទម្ងន់៦០គីឡូក្រាម និងជាអ្នកប្រដាល់ជើងខ្លាំង ដែលមានផ្លែកណ្ដាប់ដៃ និងជើងទាត់ល្អ ហើយខ្លាំងមិនងាយនរណា បង្ក្រាបគេបានឡើយ ។ កាលពីកន្លងមករូបគេបានផ្ដួលអ្នកប្រដាល់ថៃឲ្យសន្លប់ក្នុងទឹកទី៤ ឃើញដូច្នេះទើបធ្វើឲ្យអ្នកប្រដាល់ រឿង សារ័ត្ន ចង់សាកកណ្តាប់ដៃជាមួយបែបនេះ ។

លោក ញៀន សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀន SEA-TV បានិយាយថា រឿង សារ័ត្ន ជាអ្នកប្រដាល់ស្រករក្រោយ ឡើងប្រកួតមិន ដែលចាញ់ឡើយ ហើយមានផ្លែល្អ កណ្ដាប់ដៃ និងស្នៀតជើងទាត់ក៏លឿន ហើយគេវាយទៅ តាមលក្ខណៈបច្ចេកទេស ល្អថែមទៀតផង ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏ប្រហែលជាទប់ជាមួយ ច័ន្ទមាន មិនបាននោះទេ ដោយសារពុំអាចទប់ជាប់ជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លារបស់ ច័ន្ទមាន ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបគ្នា សារ័ត្ន លើកនេះ មាស ច័ន្ទមាន ក៏មិនអាចធ្វេសប្រហែសបានដែរ ។

អ្នកប្រដាល់ បឺត សង្ឃឹម ក្លឹបរ៉ាហាប់ស្វាយប៉ាក នឹងជម្រះបញ្ជីចាស់ជាមួយអ្នកប្រដាល់ គង់ ហ៊ូវ មកពីសមាគមកីឡាក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ស្របពេលអ្នកប្រដាល់ សៅ ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យជួបប្រកួតជាមួយអ្នកប្រដាល់ ផាត សុដា ក្លឹបអេភូថងកីឡា ក្នុងទម្ងន់៥៤ឡូក្រាម ៕

កីឡាករ រឿង សារ័ត្ន ឡើង​សាក​កណ្ដាប់​ដៃ មាស ច័ន្ទមាន លើ​សង្វៀន SEA-TV