លោក ម៉ម ប៊ុនហេង ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កាន់តែ​អន់ថយ​ទៅៗ​

​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បានធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កាន់តែ​អន់ថយ​ទៅៗ ហើយ​ប្រឈម​ទៅនឹង​ការរិះគន់​កាន់តែខ្លាំង​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​។ មន្ទីរពេទ្យ​រដ្ឋ​និង​មន្ទីរពេទ្យ​ឯកជន​មួយចំនួន​មានការ​រិះគន់ថា គ្រូពេទ្យ​រើសអើង​ជាមួយ​អ្នកជំងឺ យកចិត្តទុកដាក់​តែ​ជាមួយ​អ្នកជំងឺ​ដែលមាន​លុយ ចំណែក​អ្នកជំងឺ​ក្រីក្រ​ត្រូវគេ​ទុកចោល​ដូច​សត្វ​ធាតុ​។ ជាក់ស្ដែង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) មានការ​រើសអើង​យ៉ាងខ្លាំង​ជាមួយ​អ្នកជំងឺ​ដូចដែល​សារព័ត៌មាន​នានា និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook) បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​។

គួរ​រំលឹក​ដែរ​ថា​ថ្មីៗ​កន្លងទៅនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា រដ្ឋាភិបាល​និង​ខិតខំ​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជាងនេះទៅទៀត​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រសួងសុខាភិបាល បានប្រកាស​សហការ​រួម​គ្នា​ក្នុងការ​គ្រប់គ្រង​គុណភាព សេវាកម្ម និង​ចាត់វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​និង​ឈ្មួញ​ខិលខូច​នៅតែ​អាច​នាំចូល​ថ្នាំពេទ្យ​ក្លែងក្លាយ​ខូចគុណភាព​មក​ចែកចាយ​ពេញទី​ផ្សារ​ក្នុងប្រទេស​កម្ពុជា ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​មិនចេះ​អស់នោះ​ឡើយ​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​អស់ជំនឿ​លើ​ការងារ​របស់​ក្រសួងសុខាភិបាល​ដែលមាន​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ព្រោះ​ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ លោក ម៉ម ប៊ុនហេង គ្មាន​សមត្ថភាព​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​ប្រសើរ​ជាង​មុន​នោះទេ​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ដោយសារតែ​អស់ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល ទើប​ពលរដ្ឋ​ខ្មែរ​ដែលមាន​ធនធាន​មធ្យម​និង​បង្គួរ បានចេញ​ទៅពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ដូចជា សិង្ហ​បុរី សៀម និង​យួន ជាដើម​។ តាម​របាយការណ៍​មួយ​បាន​បង្ហាញថា ក្នុង​មួយឆ្នាំៗ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ពី​៥០០០​ទៅ​៧០០០​នាក់​ឬ​ច្រើនជាង​នេះ ដោយសារតែ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅនេះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កំពុង​ខូច​ឈ្មោះ​ដោយសារ​គ្រូពេទ្យ​អសីលធម៌​មួយចំនួន ហើយ​អត្តសញ្ញាណ​គ្រូពេទ្យ​ទាំងនោះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ប្រជាពលរដ្ឋ​ទូទៅ​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​យកចិត្តទុកដាក់​ឡើងវិញ​ក្នុងការ​ពង្រឹង​វិស័យ​សុខាភិបាល ព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​ទន់ខ្សោយ​កាន់តែខ្លាំង ដោយសារ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រព្រឹត្ត​អំពើពុករលួយ ហើយ​គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

2លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល