រឿងអាស្រូវ​ពុករលួយ​របស់​មេបញ្ជាកា​រ​យោធា​កងពលតូច​៣០១ ត្រូវបាន​លាតត្រដាង​

រឿងអាស្រូវ​ពុករលួយ​និង​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​យោធា​មួយចំនួន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​។ ជាក់ស្ដែង​នាយទាហាន​ពលទាហាន​ប្រមាណ​៨០​នាក់​នៃ​អង្គភាព​កងវរសេនាតូច​ព្រំដែន​គោក​ខេត្តតាកែវ បាន​ប្ដឹង​មេបញ្ជាការ​នៃ​កង​អង្គភាព​ប្រតិបត្តិការ​សឹក​រង​ថា​បាន ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួកនិយម​។ ដូច្នេះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក អេង ឃាង មេបញ្ជាការ​នៃ​កង​អង្គភាព​ប្រតិបត្តិការ​សឹក​រង​៣០១​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៣​។

ប្រភពពី​នាយទាហាន​ពលទាហាន​ក​ង​ពល​តូច​៣០១​បាន​ឲ្យ​ដឹងថា លោក អេង ឃាង ជា​មេបញ្ជាការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ហើយ​ដឹកនាំ​ការងារ​តាមរបៀប​បក្ខពួកនិយម​គិតគូរ​តែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នាយទាហាន​ពលទាហាន​ប្រមាណ​៨០​នាក់​បាន​លាតត្រដាង​ថា លោក អេង ឃាង ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជាច្រើន​ករណី ហើយ​នៅក្នុង​កងពលតូច​លេខ​៣០១​បច្ចុប្បន្ន​មាន​បញ្ហា​គ្រួសារនិយម បក្ខពួកនិយម ហួសហេតុ​។ ការដំឡើង​តំណែង​ឬ​តួនាទី​ផ្សេងៗ​ក្នុង​អង្គភាព​គឺ​លោក អេង ឃាង  ផ្ដល់ឱកាស​សម្រាប់តែ​បក្ខ​ពួកខ្លួន​ប៉ុណ្ណោះ ចំណែក​នាយទាហាន​ពល​ទាហាន​ដែល​បម្រើ​ការងារ​ពី​២០​ទៅ​៣០​ឆ្នាំ​មកហើយ បែរជា​គេ​មើលមិនឃើញ​ឬ​លើកទឹកចិត្ត​ឲ្យ​សម​ទៅនឹង​អតីតភាព​ការងារ​ទេ​។

តាម​ប្រភពពី​នាយទាហាន​និង​ពលទាហាន​ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ដកហូត​លោក អេង ឃាង ចេញពី​តំណែង​មេបញ្ជាការ​នៃ​កង​អង្គភាព​ប្រតិបត្តិការ​សឹក​រង​៣០១ បាន​ឲ្យ​ដឹងថា ពួកគាត់​ទទួលរង​នូវ​ការគំរាមកំហែង​ដកហូត​តួនាទី​ឬ​បណ្ដេញ​ចេញពី​អង្គភាព​ទៀតផង​។ ពាក់ព័ន្ធ​ទៅនឹង​រឿង​ខាងលើនេះ ធ្លាប់មាន​ក្រុមអធិការកិច្ច​ចុះ​ស៊ើបអង្កេត​៤​លើក​រួចមកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​ដកហូត​តំណែង​លោក អេង ឃាង នៅឡើយ​ទេ ប្រហែល​ក្រុមអធិការកិច្ច​ទាំងនោះ​ទទួល​បាល​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក អេង ឃាង​។ ហេតុនេះហើយ​ទើប​នាយទាហាន​និង​ពលទាហាន​ប្រមាណ​៨០​នាក់ បាន​អំពាវនាវ​ឲ្យ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ពិនិត្យមើល​សំណុំ​រឿងនេះ​ឡើងវិញ​ជាបន្ទាន់ គឺ​មិនត្រូវ​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា លោក អេង ឃាង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

kangyothopol3លោក ទៀ​ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ