ជនជាតិ​យួន​នៅតែ​ឆ្លងដែន​ចូលលុកលុយ​ក្នុង​ខេត្តស្វាយរៀង យ៉ាង​អនាធិបតេយ្យ​

​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សណ្ដាប់ធ្នាប់​សង្គម​នោះទេ ហើយ​នៅតែ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​លក់​ឆ្នោត និង​ប្រកប​របរ​រកស៊ី​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តស្វាយរៀង​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ចាប់ផ្ដើម​ចូលមក​លក់​ឆ្នោត​ឡើងវិញ​ហើយ បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​ជាង​១​សប្ដាហ៍​ដោយសារ​សមត្ថកិច្ច​បង្ក្រាប កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​។ មានន័យថា​អាជ្ញាធរខេត្ត​ស្វាយរៀង បាន​បើកទូលាយ​ឲ្យ​ជនជាតិ​យួន​ចូលមក​ប្រកប​របរ​លក់​សន្លឹកឆ្នោត និង​ប្រក​បរបរ​ផ្សេងៗ​ទៀត​ដោយ​មិន​ខ្វល់​ពី​រឿង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាវិត ស្រុក​ចន្ទ្រា ស្រុក​កំពង់​រោទ៍ ស្រុក​ស្វាយជ្រំ និង​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹងថា ចំណាត់ការ​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តស្វាយរៀង ក្នុងការ​ទប់ស្កាត់​ជនជាតិ​យួន​ចូលមក​លក់​ឆ្នោត គឺ​ពុំមាន​ប្រសិទ្ធភាព​ទេ​។ ដោយហេតុថា ជនជាតិ​យួន​រាប់រយ​នាក់​នៅតែ​អាច​ដើរ​លក់​សន្លឹកឆ្នោត​តាម​ហាង​កាហ្វេ ភោជនីយដ្ឋាន ក្នុង​ក្រុង​ស្វាយរៀង និង​ទីរួមស្រុក​នានា​យ៉ាង​អនាធិបតេយ្យ​។ ប្រការនេះ​ត្រូវបាន​គេ​ដឹងថា មកពី​សមត្ថកិច្ច​ខ្មែរ​ឈរជើង​តាម​ព្រំដែន​មាន​ភាព​ធូររលុង​ខ្លាំងពេក និង​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង និង​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ភាពអនាធិបតេយ្យ​របស់​ជនជាតិ​យួន​ចូលមក​លក់​ឆ្នោត នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។​

មន្ត្រីរាជការ​ក្នុង​ក្រុង​ស្វាយរៀង និង​បណ្ដា​ស្រុក​មួយចំនួន​ដូចខាងលើ បាន​ឲ្យ​ដឹងថា សន្លឹកឆ្នោត​ដែលមាន​ប្រភព​ចេញពី​ទីក្រុង​ហូជីមិញ​(​ព្រៃនគរ​) ត្រូវ​ជនជាតិ​យួន​យកមក​លក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​១​សន្លឹក​តម្លៃ​២០០០​ទៅ​២៥០០​រៀល ដោយ​ជនជាតិ​យួន​អាច​ចំណេញ​ក្នុង​១​សន្លឹក​ពី​១០០០​ទៅ​១៥០០​រៀល​។ មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិនអាច​ទប់ស្កាត់​ជនជាតិ​យួន​ដែល​ចូលមក​លក់​ឆ្នោត​បានទេ ព្រោះ​ពួកគេ​មាន​មេខ្លោង​ធំ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តស្វាយរៀង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ជនជាតិ​យួន​ចូលមក​លក់​ឆ្នោត​ក្នុង​ខេត្តស្វាយរៀង កាន់តែ​ច្រើនឡើងៗ​ហើយ​សមត្ថកិច្ច​នគរ​បាល​និង​អាជ្ញាធរខេត្ត​ស្វាយរៀង មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

11200811_1661104964122176_8835873200171145530_nលោក ជៀង អំ អភិបាលខេត្តស្វាយរៀង មិនខ្វល់រឿងយួនចូលស្រុក image