WB ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​ត្រឹម​6,9​ភាគរយ​នៅ​ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​បន្តិច​នៅ​ត្រឹម​៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ពី​៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៤ ។ ទោះបី​យ៉ាងណា កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំងក្លា​នៅឡើយ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ តុលា ម្សិលមិញ​នេះ ។

កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​តែ​ត្រូវ​បាន​នាំមុខ​ដោយ​វិស័យ​៤​រួម​មាន វិស័យ​សំណង់ ការ​នាំ​ចេញ​សម្លៀក​បំពាក់ វិស័យ​ទេសចរណ៍ និង​កសិកម្ម ដែល​វិស័យ​សំណង់​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​បំផុត​នៃ​កំណើនសេដ្ឋកិច្ច ។ ក៏​ប៉ុន្តែ វា​មាន​សញ្ញា​មួយ​ចំនួន​ធ្លាក់​ចុះ ជា​ពិសេស លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​ផ្អែក​ទៅ​លើ​តម្រូវការ​ពី​ខាងក្រៅ និង​តម្លៃ​ផលិតផល​អន្តរជាតិ ។

លោក សូ​ដេ​ត អ្នក​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា សេដ្ឋ កិច្ច​កម្ពុជា​នៅ​តែ​មាន​កម្លាំង​រឹង​មាំ​ដដែល ទោះបី​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​បន្តិចបន្តួច​ពី​៧,១​ភាគ រយ​នៅ​ឆ្នាំ​២០១៤​និង​៦,៩​ភាគរយ​នៅ​ឆ្នាំ​២០១៥​ក៏​ដោយ ។ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ខ្លាំង តែ​សេដ្ឋកិច្ច​កម្ពុជា​មាន​បញ្ហា​ទាក់ទង​នឹង​ការ​នាំ​ចេញ ទេសចរណ៍ និង​កសិកម្ម ។

លោក សូ​ដេ​ត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « កំណើន​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន ថយ​ចុះ​ក្នុងអំឡុងពេល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៥ ដូច្នេះ​កា​កែខៃ​អត្ថ​ប្រយោជន៍​ប្រកួតប្រជែង​របស់​កម្ពុជា​គឺជា​អាទិភាព » ។

លោក​បាន​បន្ត​ថា នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​បញ្ហា​ប្រឈម​កាន់តែ​ច្រើន គឺ​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ដូច​ជា​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ទើបតែ​បើក​ទីផ្សារ និង​មាន​កម្លាំង​ពលកម្ម​ថោក ។ ពី​មុន កម្ពុជា​មាន​កម្លាំង​ពលកម្ម​ថោក តែ​ប្រទេស​ដទៃ​មាន​កម្លាំង​ពលកម្ម​ថ្លៃ ។

ចំពោះ​វិស័យ​ទេសចរណ៍ ក៏​មាន​ធ្លាក់​ចុះ ដោយសារ​ប្រទេស​ជិតខាង​មាន​បញ្ហា ដែល​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ដែរ ពិសេស​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ទេសចរ​ពី​ការ​ហោះហើរ ពី​១២,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ មក​៧,៣​ភាគរយ​ក្នុង​២០១៥ ព្រមទាំង​ការ​ចំណាយ​របស់​អ្នកទេសចរ ធ្លាក់​ចុះ​ពី​១២០,៧​ដុល្លារ​មក​៩៣,៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ ក្នុង​វិស័យ​កសិកម្ម​ក៏​មានការ​ថម ថយ ដោយសារ​កម្ពុជា​នៅ​តែ​ពឹង​លើ​ទឹក​ភ្លៀវ​ច្រើន ហើយ​នៅ​ពេល​ដែល​ភ្លៀង​មិន​ទៀងទាត់ វា​ធ្វើ​ឲ្យ ផលិតផល​កសិកម្ម ពិសេស​គឺ​ស្រូវ មាន​ទិន្នផល​ធ្លាក់​ចុះ និង​ការ​ដាំ​ដុះ​មានការ​លំបាក ។

លោក អាក​សែ​ល វ៉ា​ន់ ត្រុ​ត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង អភិវឌ្ឍន៍​ក្នុង​តំបន់ អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក នៅ​តែ​បន្ត​មាន​ភាពរឹងមាំ ប៉ុន្តែ​និន្នាការ​នៃ​ការ​ថយ​ចុះ​នេះ​ប្រាប់​ដល់​អ្នក​តាក់តែង​គោលនយោបាយ​នានា​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​បន្ត​ផ្តោត ការ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​ជា​មូល​គ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង និង​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព ។

« កំណែទម្រង់​ទាំងនេះ​រួម​មាន ការ​កែ​លម្អ​លិខិត​បទដ្ឋាន​លើ​ផ្នែក​ហិរញ្ញវត្ថុ ទីផ្សារ​ការងារ និង​ផលិតផល ព្រមទាំង​វិធានការ​នានា​ដែល​លើកកម្ពស់​តម្លាភាព និង​គណ​នេយ្យ​​ភាព ដែល​វា​នឹង​ជួយ​កសាង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ និង​គាំទ្រ​ដល់ទី​ផ្សារ ហើយនឹង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ចាក​ពី​ភាព​ក្រីក្រ​បាន » ។ នេះ​បើ​តាម​ប្រសាសន៍​លោក អាក​សែ​ល​វ៉ា​ន់ ត្រុ​ត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​លើក​ឡើង ៕