សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សក្ខីកម្ម​របស់​អតីត​អនុ​គណៈ​ស្រុក​នៅ​ខេត្ត​កំពង់ចាម

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​៥ តុលា បាន​ស្ដាប់​សក្ខីកម្ម​របស់​​សាក្សី​មួយ​រូប ដែល​ជា​អតីត​អនុ​គណៈ​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ សាក្សី​ឈ្មោះ បាន សៀក ក៏​ជា​អតីត​អនុ​គណៈ​ស្រុក​ក្រូចឆ្មារ ដែល​ជា​កន្លែង​សម្លាប់​បោស​សម្អាត​ជនជាតិ​ចាម​ដែរ។

សាក្សី បាន សៀក ដែល​មាន​ឈ្មោះ​ដើម​ថា ហង្ស ស៊ុនហូ បដិសេធ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ដាក់​ផែនការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិ​ចាម នៅ​ស្រុក​ចម្ការលើ​ទេ។ ប៉ុន្តែ លោក​បាន​ដឹង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ស្រុក​ក្រូចឆ្មារ ក្នុង​ឆ្នាំ​១៩៧៨៖ «គឺ​កង​ចល័ត​បះបោរ។ ខ្ញុំ​មិន​បាន​ទៅ​ឃើញ​ទេ ប៉ុន្តែ​សុទ្ធតែ​ក្មេងៗ អាយុ ១៧ ទៅ ២០​ជាង​អី​ហ្នឹង។ សុទ្ធតែ​ក្មេងៗ ទេ។ តាម​ខ្ញុំ​ដឹង​ពី​បង គាត់​ថា ពួក​ហ្នឹង​ដូច​ជា​ដាច់​ខ្សែ​ពី​ព្រៃ​ហ្នឹង មក​ដល់​នាំ​គ្នា​ប្រជុំ​បះបោរ​បណ្ដោយ។ ដល់​អ៊ីចឹង​ទៅ​ធម្មតា​ទេ នៅ​ក្នុង​របប​នោះ តែ​ប្រឆាំង​ទោះ​ជា​សាច់​ញាតិ ក៏​គ្មាន​ភ័ន្តភាំង​ដែរ គឺ​កម្ទេច​ឱ្យ​ចេញ​គ្មាន​សល់​ម្នាក់។ នៅ​ក្នុង​របប​ហ្នឹង គឺ​អ៊ីចឹង។ យុវជន​ទាំង​អស់​ហ្នឹង យក​ទៅ​កន្លែង​មួយ​ហើយ​គេ​បោស​សម្អាត​ទាំង​អស់។ ខាង​លើ​បញ្ជា​មក​ភូមិភាគ ភូមិភាគ​បញ្ជា​មក​តំបន់ តំបន់​បញ្ជា​មក​ស្រុក ស្រុក​ប្រាប់​មក​យោធាៗ គេ​ដោះស្រាយ»

ក្នុង​សវនាការ​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​៥ តុលា មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា​បាន​លើក​យក​សក្ខីកម្ម​របស់​សាក្សី​មួយ​ចំនួន​មក​សួរ​ដេញដោល​សាក្សី បាន សៀក ហៅ ហង្ស ស៊ុនហូ ទាក់ទង​នឹង​ការ​សម្លាប់​មនុស្ស​នៅ​ស្រុក​ចម្ការលើ និង​ស្រុក​ក្រូចឆ្មារ។

ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ចាម នៅ​ស្រុក​ក្រូចឆ្មារ សាក្សី​ជា​ជនជាតិ​ចាម មួយ​រូប​ឈ្មោះ ណូ សាដះ អះអាង​ក្នុង​សវនាការ​កាល​ពី​ចុង​ខែ​កញ្ញា ថា គណៈ​ស្រុក​ឈ្មោះ ហូ ជា​អ្នក​ចង​លោកស្រី​នៅ​កន្លែង​ឃុំឃាំង​ក្នុង​ផ្ទះ​មួយ នៅ​ភូមិ​ទ្រា​ស្រុក​ក្រូចឆ្មារ៖ «គេ​យក​ទៅ​ដាក់​ផ្ទះ​មួយៗ។ រួច​ពួក​ខ្ញុំ​ឡើង​លើ​ផ្ទះ​ហ្នឹង ពួក​ខ្ញុំ​ទន់​ខ្លួន។ ដេក​ប្រហែល​អត់​ដល់ ២០​នាទី​ផង ចៅហ្វាយ​ស្រុក ហូ ឡើង​ទៅ​មាន​យោធា​ពីរ​នាក់ ស្រី​ម្នាក់​កាន់​ខ្សែ​អង្រឹង​ទៀត។ ចៅហ្វាយ​ស្រុក​ឈ្មោះ ហូ ថា ក្មួយ យើង​ក្រោក​ឡើង ពូ​សុំ​ចង! ពួក​ខ្ញុំ​ក្រោក​ឡើង​ឱ្យ​គេ​ចង​យ៉ាង​ស្រួល គ្មាន​អី​ថា​ងាករេ​ទៅ​ខាង​ណា​ទេ។ ចង​រួច​គេ​តម្រង់​ជួរ​មួយ​ជួរៗ។ ប្រហែល​ជា ៣០០ ឬ ៤០០​នាក់ នៅ​ផ្ទះ​ហ្នឹង។ សុទ្ធ​តែ​នារី»

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ លោក បាន សៀក ហៅ ហូ ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​មិន​ដែល​ស្គាល់​លោកស្រី សាដះ ទេ ហើយ​ក៏​មិន​បាន​សួរ​ដូច្នោះ​ដែរ៖ «ពេល​នោះ​ខ្ញុំ​មិន​បាន​ចាំ ឬ​មិន​បាន​សួរ​ទេ ព្រោះ​ពេល​នោះ​ខ្ញុំ​មិន​បាន​ដឹង​អី​ផង។ មិន​បា​ទៅ​សួរ​អី​សព្វ​អ៊ីចឹង​ទេ។ មិន​បាន​ដឹង​ហ្នឹង ព្រោះ​ខ្ញុំ​បាទ​មិន​បាន​នៅ​កន្លែង​សួរ​ចម្លើយ។ ខ្ញុំ​បាទ​បាន​ទៅ​ការដ្ឋាន​ហើយ ព្រោះ​នៅ​ក្នុង​ហ្នឹង ហោ ជា​អនុ​ប្រធាន​គាត់​នៅ​ទី​ហ្នឹង ក៏​គាត់​ប្រហាក់​ប្រហែល​គ្នា។ ដូច្នេះ បញ្ហា​ហ្នឹង ដូច​ថា ស្គាល់​ខ្ញុំ ខ្ញុំ​មិន​មែន​ឈ្មោះ​ហ្នឹង​ទេ ពេល​ខ្ញុំ​ទៅ​នៅ​ភូមិ​ភាគ​បូព៌ា​នោះ។ ឈ្មោះ​ហ្នឹង​កាល​ខ្ញុំ​នៅ​ឡូត៍​នេសាទ​ទេ​លោក!»

លោក បាន សៀក ថ្លែង​ថា លោក​ត្រូវ​បាន​កម្មាភិបាល​ឈ្មោះ សូ សឿន តែងតាំង​ជា​អនុ​គណៈ​ស្រុក នៅ​ខេត្ត​កំពង់ចាម នោះ។ សូ សឿន ជា​ប្រពន្ធ​របស់​គណៈ​ភូមិភាគ​ឧត្ដរ​ឈ្មោះ កែ ពក។ លោក​អះអាង​ថា លោក​ទៅ​គ្រប់គ្រង​នៅ​ទីនោះ ក្រោយ​ការ​បោស​សម្អាត​ហើយ។

សហ​ព្រះរាជ​អាជ្ញា​លើក​យក​ចម្លើយ​សាក្សី​មួយ​រូប​ទៀត ដែល​ថា គាត់​បាន​ឮ​កម្មាភិបាល​ខ្មែរក្រហម​ប្រកាស​ថា ខ្មាំង​របស់​បដិវត្តន៍​ធំ​ជាង​គេ​បំផុត គឺ​ជនជាតិ​ចាម ហើយ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់​នៅ​មុន​ឆ្នាំ​១៩៨០។ ដល់​ចំណុច​ត្រង់​នេះ ក្រុម​មេធាវី​ការពារ​ក្ដី នួន ជា សុំ​ឱ្យ​អង្គ​ជម្រះ​ផ្អាក​ការ​សវនាការ​លើ​អង្គហេតុ​ចាម​សិន ដោយ​ហេតុ​ថា ភាគី​សហ​ព្រះរាជអាជ្ញា យក​ឯកសារ​ពី​សំណុំរឿង ០០៤ ច្រើន​ពេក​ចូល​ក្នុង​សវនាការ​វគ្គ ២​នេះ។ ប៉ុន្តែ​អង្គ​ជម្រះ​សម្រេច​បន្ត​ធ្វើ​សវនាការ​លើ​បញ្ហា​អង្គហេតុ​នេះ​ទៀត ព្រោះ​អង្គ​ជម្រះ​បាន​កំណត់​សាក្សី​មក​ផ្ដល់​សក្ខីកម្ម និង​កំណត់​កាលវិភាគ​រួច​ហើយ។

សវនាការ​សួរ​ដេញដោល​សាក្សី បាន សៀក ហៅ ហង្ស ស៊ុនហូ នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។