សម្តេច​សខេង និង​លោក​សមរង្ស៊ី ជួបគ្នា​ម្តងទៀត នៅ​ល្ងាច​ថ្ងៃទី​៩​តុលា​

ភ្នំពេញ: ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា នឹង​ជួបប្រជុំ​ពិភាក្សាគ្នា អំពី​បញ្ហា​ដែល​សេសសល់ ពាក់ព័ន្ធ​នឹង​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ ទី​៩ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៧ ល្ងាច នៅ​វិមាន​រដ្ឋសភា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ បង្ហាញថា ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន ចំណែក​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សមរង្ស៊ី ប្រធាន និង​មានការ​ចូលរួម​ពី​ក្រុមការងារ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ​ផងដែរ​។​

​សូមជម្រាបថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ បាន​ជួបគ្នា​ពីរលើក​រួចមកហើយ តែ​នៅ​មិនទាន់​ឯកភាពគ្នា​លើ​ចំណុច​សេសសល់​ក្នុង​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នៅឡើយ​ទេ​៕​

សម្តេច​សខេង និង​លោក​សមរង្ស៊ី ជួបគ្នា​ម្តងទៀត នៅ​ល្ងាច​ថ្ងៃទី​៩​តុលា​