​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ព្រមាន​លោក សម រង្ស៊ី ទាក់ទង​នយោបាយ​ដីធ្លី

​រាជធានី​ភ្នំពេញ៖​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​សម្ដែង ការសោកស្ដាយ​ចំពោះ​នយោបាយ​របស់លោក​សម​រង្ស៊ី​ដែល​បានប្រកាស​ថាបើ​គណបក្ស លោក​ឈ្នះឆ្នោត​លោក​នឹង​រិ​ប​អូស​ដីធ្លី​របស់​ពួក​អ្នកមាន​ទៅ​ឲ្យ​អ្នកក្រ​។ 

​    ​សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ បានសរសេរថា សារ​នយោបាយ​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​ជើងចាស់​ម្នាក់​ដែលមាន​គំនិត​រឹបអូស ដី​ពី​អ្នកមាន​ទៅឱ្យ​អ្នកក្រ គឺជា​រឿង​មិន​ត្រឹមត្រូវ​ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​។ សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា សារ​នយោបាយ​អំពី​ការកើត​សង្គ្រាម បើ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅពេល​អនាគត គឺ​ឆ្លុះបញ្ចាំង​អំពី​ភាពមិន​ទទួលខុសត្រូវ ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ គ្រា​ដែល​សារ​ទាំងនោះ​ក៏​បង្ហាញ​នូវ​ការបំភិតបំភ័យ​ដល់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​។ 

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់ឃើញថា រដ្ឋ​មាន​កាតព្វកិច្ច​ក្នុងការ​គ្រប់គ្រង​ដីធ្លី​រួមមាន​៖ 

​    ​១. ធានា​ដល់​សិទ្ធិ​ដីធ្លី​ដល់​បុគ្គល​គ្រប់រូប រួមទាំង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​អ្នកវិនិយោគទុន​ក្នុង​វិស័យ​កសិកម្ម​។ 

​    ​២. ជួយ​កសិករ​មាន​ដី​តិច​ឲ្យ​ចេះ​បង្កើន​ផលិតកម្ម តាមរយៈ​ការងារ​ផ្សព្វផ្សាយ​កសិកម្ម និង​មានលទ្ធភាព​ទទួលបាន​ទុន​កម្ចី ដែលមាន​ការប្រាក់​ទាប សម្រាប់​វិនិយោគ​បង្កើត​ផលិតកម្ម​។ 

​    ​៣. ប្រគល់​ដី​របស់​រដ្ឋ​ដែល​នៅ​ទំនេរ​ដល់​អ្នក​អត់​ដី​តាមរយៈ​ដី​សម្បទាន សង្គមកិច្ច​។ បើទោះបី​សេចក្ដីថ្លែងការណ៍​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​លើកឡើង ចំឈ្មោះ​អ្នកនយោបាយ​ណាមួយ​ក៏ដោយ ក៏​គេ​ដឹងថា ការលើកឡើង​ដូច្នេះ គឺជា​ការព្រមាន​តប​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទទូច​ឲ្យ​ពួក​អ្នកមាន និង​ឧកញ៉ា​ណា ដែល​បាន​រឹបអូស​ដី​រាស្ត្រ​ត្រូវប្រគល់​សង​រាស្ត្រ​វិញ ឲ្យ​បាន​មុន​ឆ្នាំ​២០១៨​។ 

​    ​លោក សម រង្ស៊ី ថែមទាំង​បាន​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត គឺ​ប្រជាជន​ដែលជា​ជនរងគ្រោះ​នឹង​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង ព្រោះ​ពេលនោះ​តុលាការ​ថ្មី​ជា​តុលាការ​ឯករាជ្យ នឹង​កាត់ក្ដី​បង្គាប់​ឲ្យ​ប្រគល់​ដី​មក​ជនរងគ្រោះ​វិញ​។ 

​    ​អ្នកវិភាគ​នយោបាយ​បាន​អះអាងថា សារ​នយោបាយ​ជាច្រើន​របស់លោក សម រង្ស៊ី ប្រធាន CNRP មាន​ច​រិ​ក​មិន​ខុសពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​ក្រុម ប៉ុលពត​នោះឡើយ ដូច​ជាការ​ភូតកុហក និយាយ​ល្អ​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​តែ​អូសទាញ​ការគាំទ្រ ការ​ញុះញង់​រួមទាំង​ការ​ចងគំនុំ​និង​ប្រកាន់ពូជសាសន៍​ជាដើម ដែល​ទាំងអស់នេះ​សុទ្ធសឹង​ជា​ឈ្នួន​ផ្ទុះ​សង្គ្រាម ឬ ការកាប់សម្លាប់​ដោយ​ចៀស​មិន​រួច​ពេល​លោក សម រង្ស៊ី ឈ្នះឆ្នោត ដូច​សម័យ​ប៉ុលពត​ឈ្នះ​ដូច្នេះ​ដែរ​៕

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ព្រមាន​លោក សម រង្ស៊ី ទាក់ទង​នយោបាយ​ដីធ្លី