គណបក្សសំបុកឃ្មុំ ចាប់ផ្តើមរង្គោះរង្គើ លោក ម៉ម សូណង់ដូ ស្វាគមន៍បណ្តឹង ពីអនុប្រធានបក្ស

ភ្នំពេញ ៖ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធានដែល ទើបតែបង្កើត ឡើងបានជិត១ខែនោះ ចាប់ផ្តើមមានបញ្ហា ជាមួយគ្នាហើយរវាងប្រធាន និងអនុប្រធាន។

ខណៈនេះ លោក ហ៊ាង រិទ្ធី អនុប្រធានគណបក្សបានត្រៀមប្តឹងលោកម៉ម សូណង់ដូ។ លោក ហ៊ាង រិទ្ធីអះ អាងថា លោក ម៉ម សូណង់ដូ ប្រើពាក្យដកលោក និងសមាជិកប៉ុន្មាននាក់ផ្សេងទៀតចេញពីបក្ស ប៉ុន្តែលោក ម៉ម សូណង់ដូលើកឡើងថា លោកមិនបានបណ្តេញចេញនោះទេ ហើយលោកសាទរចំពោះពាក្យបណ្តឹងនេះ។

លោក ម៉ម សូណង់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ថា ប្រសិនបើលោកធ្វើអ្វីខុសនោះ ចង់ប្តឹងក៏ប្តឹងទៅលោកអត់មានសិទ្ធិអ្វីទៅហាមឃាត់នោះទេ។

លោកបញ្ជាក់ថា “ខ្ញុំអត់បានធ្វើលិខិតដកអ្នកណាទេ ហើយមិនដឹងជាគាត់(លោក ហ៊ាង រិទ្ធី)សំអាងអី បើគាត់ប្តឹងក៏ប្តឹងទៅ”។

ប្រធានរូបនេះបន្ថែមថា លោក ហ៊ាង រិទ្ធី ត្រូវបានតែងតាំងដោយសមាជ បើមានការដកចេញនោះទាល់ តែលោកធ្វើខុសវិន័យយ៉ាងធ្ងន់ធ្ងរ ទាក់ទងទៅនឹងគណៈកម្មការវិន័យ។

ពាក់ព័ន្ធករណីនេះ លោក អ៊ូ វីរៈ ប្រធានវេទិការនៃអនាគត បានថ្លែងថា លោកគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ពីព្រោះការរៀចំរចនាសម្ព័នគណបក្សមួយឡើងមានភាពលំបាក់ជាច្រើនដែលត្រូវជួបប្រទះ។

លោកថា បើមើលតាមទិដ្ឋភាពរួមគ្មានមូលហេតុអ្វីដែលត្រូវប្តឹងលោកម៉ម សូណង់ដូនោះទេ។

សូមបញ្ជាក់ថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនេះ បានប្រកាសបង្កើតជាផ្លូវការកាលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៥ដែលគិតមកទល់ពេលនេះជិតមួយខែហើយ ក្នុងនោះ លោក ម៉ម សូណង់ដូ ធ្វើជាប្រធានបក្ស និងអនុប្រធានបក្សពីររូបទៀត គឺលោក ហ៊ាង រិទ្ធី និងលោក ហារី សំអាត ៕

គណបក្សសំបុកឃ្មុំ ចាប់ផ្តើមរង្គោះរង្គើ លោក ម៉ម សូណង់ដូ ស្វាគមន៍បណ្តឹង ពីអនុប្រធានបក្ស