លោក សម រង្ស៊ី រិះគន់ ប្រព័ន្ធអប់រំនៅកម្ពុជាថា «ទន់ខ្សោយ» និងថា «សញ្ញាបត្រគ្មានតម្លៃ»

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នាពេលថ្មីៗនេះ បានរិះគន់ប្រព័ន្ធអប់រំនៅកម្ពុជាថា មាន លក្ខណៈទន់ខ្សោយបំផុត ហើយភាគច្រើននៃសញ្ញាបត្រ ដែលទទួលបានមិនមានតម្លៃនោះទេ ប៉ុន្តែ មន្រ្តីតំណាង ក្រសួងអប់រំបានចាត់ទុកថា ការលើកឡើងបែបនេះគ្រាន់តែជាការយល់ឃើញមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ខណៈ ដែលក្រសួងកំពុងធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា លើវិស័យនេះស្ទើរគ្រប់កម្រិត ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សដែលទើបបញ្ចប់វគ្គសិក្សាខ្លី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែល គ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី បាន លើកឡើងអំពី និស្សិតខ្លះអត់មានការងារធ្វើក្រោយបញ្ចប់ការសិក្សា ហើយបណ្ឌិត មួយចំនួនទៀត ទោះជាអត់ ទៅសាលាក៏ទទួលបានសញ្ញាបត្រ ហើយថា គណបក្សសង្រ្គោះជាតិ នឹងកែប្រែប្រព័ន្ធអប់រំនៅស្រុកខ្មែរឡើងវិញ ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ «សញ្ញាបត្រនៅស្រុកខ្មែរភាគច្រើនអត់មានតម្លៃ ប្រព័ន្ធអប់រំសុ្រក យើងទន់ខ្សោយជាទីបំផុត គណបក្សសង្រ្គោះជាតិ នឹងចូលរៀបចំប្រទេសឡើងវិញ រៀបចំប្រព័ន្ធអប់រំឡើងវិញ កំណត់ទិសដៅធំៗ កែប្រែផ្លាស់ប្តូរ នឹងប្តូរច្រើនណាស់ ដើម្បីឱ្យក្មួយៗយុវជនមានអនាគត ឱ្យស្រុកយើងមានការ លូតលាស់ មានសេដ្ឋកិច្ចរីកចម្រើនរុងរឿងពិតប្រាកដ»។

ឆ្លើយតបនឹងការរិះគន់នេះ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការ លើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជាការយល់ឃើញខ្លី ដោយមិនបានផ្អែកលើទិដ្ឋភាពជាក់ស្តែង ឱ្យគ្រប់ ជ្រុងជ្រោយប៉ុណ្ណោះ ព្រោះថា ប្រព័ន្ធអប់រំនៅកម្ពុជា ត្រូវបានធ្វើកំណែទម្រង់ស៊ីជម្រៅ ក្រោយការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ ជាពិសេសនៅមធ្យមសិក្សាទុតិយភូមិ ហើយពេលនេះក្រសួងកំពុងរៀបចំ ធ្វើកំណែទម្រង់ ឧត្តមសិក្សាថែមទៀត ដោយកំណត់ស្តង់ដារមួយច្បាស់លាស់ ដើម្បីធានាគុណភាពធនធានមនុស្សនៅកម្ពុជា ។

លោកថា « ឥឡូវយើងកំពុងធ្វើយ៉ាងណា ដើម្បីឈានទៅរកការពង្រឹងគុណភាពមួយ ដែលគ្រប់ជ្រុងជ្រោយ ប៉ុន្តែ បើយោងលើអ្វី ដែលជាកំណែទម្រង់ឆ្នាំនេះ ចាប់ពីខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ២០១៥នេះ ជាការត្រួតពិនិត្យ ដោយអនុវត្តគម្រោងសាកល្បង ហើយយើងជ្រើសរើស សាកលវិទ្យាល័យចំនួន១១ ក្នុងនោះ សាកលវិទ្យា ល័យរដ្ឋ៦ ហើយសាកលវិទ្យាល័យឯកជន៥ ដែលក្នុងនោះយើងមានការកំណត់ស្តង់ដារគុណវឌ្ឍជាតិ ៩ធំៗ ហើយយើងមាន សូចនាករបង្ហាញចំនួន៧៣ ដើម្បីជាមូលដ្ឋាន(ស្តង់ដារ) ហើយយើងចុះពិនិត្យ សាកលវិទ្យា ល័យទាំង១១នេះ»។

ទោះជាយ៉ាងនេះក្តី បើផ្អែកតាមរបាយការណ៍ របស់ធនាគារពិភពលោក អត្រាអត់ការងារធ្វើនៅក្នុងប្រទេសកម្ពុជា បានថយចុះច្រើនបើធៀបនឹង ប្រទេសមានសេដ្ឋកិច្ច រីកចម្រើន និងប្រទេសជិតខាង ។ តួលេខរបស់ធនាគារពិភព លោក ដែលបង្ហាញកាលពីដើមឆ្នាំ បានឱ្យដឹងថា អត្រាអត់ការងារធ្វើនៅកម្ពុជា បានថយចុះនៅត្រឹម ០,៧% ក្នុង ឆ្នាំ២០១៤ កន្លងទៅ។ ប៉ុន្តែប្រទេសថៃវិញ នៅមានចំនួន ៣,១% ប្រទេសវៀតណាម ៥,៤% ខណៈដែលប្រទេស ចិន ១០,១% ជប៉ុន៦,៨% សហរដ្ឋអាមេរិក១៥.៨%  ៕