គេ​គ្មាន​ជំនឿ​លើ​ការព្រមាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​ទេ​

កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចេញ​លិខិត​មួយ​ព្រមាន​ទៅលើ​អ្នក​នាំចេញ នាំចូល ទំនិញ​ដែល​មិន​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ បន្លំ​ប្រភេទ​ទំនិញ​និង​បន្លំ​បរិមាណ​ទំនិញ​ជាដើម​។ លិខិត​របស់លោក គុណ ញឹម ក៏បាន​ព្រមាន​ដាក់ពិន័យ​និង​ទោសទណ្ឌ​ទៅលើ​ឈ្មួញ​ដែល​នាំចេញ នាំចូល ទំនិញ​មិន​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ពន្ធ​និង​អាករ​ចូល​ថវិកាជាតិ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​ការព្រមាន​របស់លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​នោះទេ ព្រោះ​កន្លងមក​មន្ត្រី​គយ​តាម​ច្រក​អន្តរជាតិ​និង​ច្រកព្រំដែន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​បន្លំ​ប្រភេទ​ទំនិញ​តាម​អំពើ​ចិត្ត​។

​នៅក្នុង​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​លេខ​១៤០៦ អ គ រ ចុះ​ថ្ងៃទី​៣០ ខែកញ្ញា បាន​ណែនាំ​ដល់​ឈ្មួញ​ដែល​នាំ​ទំនិញ​ចេញចូល​ថាៈ ១-​ត្រូវ​ប្រកាស​មុខទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​យ​ថា​ប្រភេទ​ទំនិញ បរិមាណ និង​ប្រភព​ដើមកំណើត​ទំនិញ​។ ២-​ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​លើ​មុខទំនិញ​នាំចេញ នាំចូល គ្រប់​ប្រភេទ​តាម​បទបញ្ញត្តិ​ជា​ធរមាន​។ ៣-​ត្រូវ​អម​មកជា​មួយ​នៅ​បង្កាន់ដៃ​ច្បាប់ដើម ប្រតិវេទន៍​គយ​ច្បាប់​ចម្លង​ឬ​លិខិត​ដឹកជញ្ជូន​ច្បាប់ដើម​ភ្ជាប់​ជាមួយ​បង្កាន់ដៃ​ពន្ធ ច្បាប់​ចម្លង ដែល​ចេញ​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​មកជា​មួយ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​រាជធានី​ភ្នំពេញ និង​គ​ម្យ​ដ្ឋា​ន​ផ្សេងៗ​។

​ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​នានា​ពុំ​មានជំនឿថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អាចអនុវត្ត​ន៍​តាម​លិខិត​ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ដោយហេតុថា កន្លងមក​សមត្ថកិច្ច​គយ​នៃ​ច្រក​ប៉ោយប៉ែត ច្រក​ចាំ​យាម ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ច្រក​បាវិត និង​ច្រក​ភ្នំ​ដិ​ន​ជាដើម គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ បន្លំ​ប្រភេទ​ទំនិញ​និង​បន្លំ​បរិមាណ​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក គុណ ញឹម គួរតែ​ព្រមាន​លើ​ក្រុមមន្ត្រី​គយ​តាម​ច្រកព្រំដែន ប្រសើរ​ជាង​ព្រមាន​លើ​ឈ្មួញ​នាំ​ទំនិញ​ចេញចូល ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​គយ​ទេ ឈ្មួញ​មិនអាច​នាំចូល​ទំនិញគេចពន្ធ និង​បន្លំ​ប្រភេទ​ទំនិញ ក៏ដូចជា​បរិមាណ​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​៕

307លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​    ​