យឹម សុវណ្ណ បញ្ជាក់ថា​ព្រះសង្ឃ​ត្រូវមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​

​កាលពីពេល​ថ្មីៗ​នេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ព្រះសង្ឃ ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវតែមាន​អត្តសញ្ញាណប័ណ្ណ ជា​ខ្មែរ ដូច្នេះ​ព្រះសង្ឃ ត្រូវតែមាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ការបោះឆ្នោត​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​

​ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានលើកឡើង​ថាបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប្រគេន​លោកសង្ឃ​ទេ តើ​សង្គម​ខ្មែរ ទុក​ព្រះសង្ឃ​ជា​អ្វី នៅក្នុង​សង្គម​ខ្មែរ​? លោក យឹម សុវណ្ណ បានលើកឡើង​ទៀតថា មាន​សញ្ជាតិ​ខ្មែរ ទាល់តែ​កត់សម្គាល់ថា​មាន អត្តសញ្ញាណប័ណ្ណ មាន​សំបុត្រកំណើត​។ ចុះបើ​មិន​ចេញ​អត្តសញ្ញាណប័ណ្ណ ឲ្យ​ព្រះសង្ឃ មានតែ​ចង់​ឲ្យ​លោក គង់នៅ​ក្រៅសង្គម ឬ​យ៉ាងណា​?

​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា យើង​ទុក​ព្រះសង្ឃ​យ៉ាងដូចម្តេច បានជា​យើងទាំងអស់គ្នា មាន​អត្តសញ្ញាណប័ណ្ណ លើកលែងតែ​ព្រោះ​សង្ឃ អត់​មាន​អត្តសញ្ញាណប័ណ្ណ​? ចំពោះមុខ​បញ្ហា​នេះ លោក យឹម សុវណ្ណ បាន​ពន្យល់ថា គេ​ធ្វើ​ហ្នឹង មិន​ចង់​ឲ្យ​ព្រះសង្ឃ​ទៅ​បោះឆ្នោត​ទេ គេ​ដឹងថា​ព្រះសង្ឃ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា មិនត្រូវ​ធ្វើ​ដូច្នេះ​ទេ គួរ​ទុក​សិទ្ធិ​ប្រគេន​ព្រះសង្ឃ ឲ្យ​ព្រះសង្ឃ លោក​មាន​សិទ្ធិ​បញ្ចេញមតិ ពិសេស​អត្តសញ្ញាណប័ណ្ណ ត្រូវតែ​ធ្វើ​ប្រគេន​លោកសង្ឃ​។​

​គួរ​បញ្ជាក់ថា យោងតាម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០០៤ បាន​កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន លុះត្រា​តែមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តែមួយគត់​។ ពាក់ព័ន្ធ​បញ្ហា​នេះ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តែមួយគត់ នោះ​ហើយ ដែល​បាន​ចង​អនុក្រឹត្យ លេខ​៦០ ចេញ​កាលពី​ឆ្នាំ​២០០៧ ដោយ​ហាមឃាត់ មិន​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​។ ចំពោះមុខ​បញ្ហា​នេះ​ធ្វើ​គេ​មាន​ចម្ងល់​ថា ព្រះសង្ឃ អាច​ទៅ​បោះឆ្នោត​បានទេ បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​នោះ​៕

11987156_791999197584974_1037952537611641537_n