​ជា​កូន​កំព្រា​ ឃន ដាលីន​​តស៊ូ​រហូត​បាន​អាហារូបករណ៍​​ថ្នាក់​​អនុបណ្ឌិត​​​​នៅ​កូរ៉េ

​ជា​កូន​កំព្រា​ ឃន ដាលីន​​តស៊ូ​រហូត​បាន​អាហារូបករណ៍​​ថ្នាក់​​អនុបណ្ឌិត​​​​នៅ​កូរ៉េ

ធំធាត់​ក្នុង​គ្រួសារ​ដែល​មាន​បងស្រី​ជា​មេ​គ្រួសារ ​ប្រកប​របរ​ជា​​អ្នក​ដាំ​ថ្នាំ​ជក់​ ​ ​​យុវតី ​ឃន ដាលីន​​​មាន​ប្រវត្តិ​​តស៊ូ​ និង​ជីវិត​រសាត់​អណ្ដែត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ជាប់​រហូត។ ​តែ​ការ​បម្លាស់ទី​ពី​ទឹកដី​កោះ​មក​កាន់​ទី​រួម​ខេត្ត​ ពី​ខេត្ត​មក​រាជធានី ​និង​ចុងក្រោយ​មាន​ឱកាស​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​កូរ៉េខាងត្បូង​នេះ​គឺ​ ​ក្នុង​គោលបំណង​ធំ​តែ​មួយ​​គឺ​​ដើម្បី​ការសិក្សា ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​។

 ​

​ជា​កូន​កំព្រា​ ឃន ដាលីន​​តស៊ូ​រហូត​បាន​អាហារូបករណ៍​​ថ្នាក់​​អនុបណ្ឌិត​​​​នៅ​កូរ៉េ

 ​

ដាលីន ​ក្នុង​ពិព័រណ៍​មួយ​នៅ​កូរ៉េ

 ​

កំព្រា​ឪពុកម្ដាយ​តាំង​ពី​អាយុ​ ៧ ​ឆ្នាំ

 ​

ដាលីន ​មាន​ស្រុក​កំណើត​នៅ​ឃុំ​កោះតាស៊ុយ ​​ស្រុក​ព្រែក​ប្រសព្វ​ ​ខេត្ត​ក្រចេះ។ ​នាង​មាន​បងប្អូន​ ៦ ​នាក់ ​ស្រី​បី​នាក់ ​ប្រុស​បី​នាក់ ​ដោយ​​នាង​ជា​កូន​ពៅ។​​ នៅ​អាយុ​ ៧ ​ឆ្នាំ​នាង​បាន​ក្លាយ​ខ្លួន​ជា​កូន​កំព្រា​ដោយសារ​មាន​ហេតុភេទ​មិន​ល្អ​ (ឃាតកម្ម) ​កើត​លើ​ឪពុកម្ដាយ​នាង ​បន្សល់​ទុក​កូនៗ​ ៦ ​នាក់​ជា​ក្មេង​កំព្រា។ ​​ចាប់​តាំង​ពី​ពេល​នោះ​មក​ បងស្រី​ធំ​របស់​នាង​បាន​ដើរ​តួនាទី​ជា​ម្តាយ ​និង​អាណាព្យាបាល​ ទំនុកបម្រុង​ប្អូនៗ​ទាំង​ ៥ ​នាក់​ឲ្យ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ​និង​​មាន​កន្លែង​ហូបចុក​ ស្នាក់នៅ​ត្រឹមត្រូវ។ ​​​​​គ្រួសារ​របស់​នាង​បាន​ផ្លាស់​មក​រស់នៅ​ទីរួមខេត្ត​ក្រចេះ​​ដើម្បី​ប្រកបរបរ​ថ្មី​​ និង​ដើម្បី​ប្អូនៗ​បាន​រៀន​សាលា​ល្អៗ​ក្នុង​ខេត្ត​ផង។​ ​បង​ស្រី​ដាលីន​​​មិន​ឲ្យ​នាង​ធ្វើ​អ្វី​ច្រើន​ក្រៅ​ពី​​ជួយ​ការងារ​ផ្ទះ​បន្តិចបន្តួច ​និង​​​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​នោះ​ទេ។ ​ការ​ខិតខំ​របស់​នាង​ ជា​លទ្ធផល​​ដាលីន​បាន​ប្រឡង​ចប់​បាក់ឌុប​នៅ​ឆ្នាំ ​២០០៩​ ​ ដោយ​ទទួល​បាន​និទ្ទេស​ B។ ​​

 ​

ជាប់​អាហារូបករណ៍​ពីរ​មហាវិទ្យាល័យ​នៅ​ភ្នំពេញ

​ជា​សិស្ស​ពូកែ​ម្នាក់​ ដាលីន​បាន​ប្រឡង​ជាប់​អាហារូបករណ៍​​​ពីរ​សាកលវិទ្យាល័យ​​ផ្សេងៗ​គ្នា​ដើម្បី​រៀន​បន្ត​​មួយ​គឺ​នៅ​សាកលវិទ្យាល័យ​កម្ពុជា ​និង​មួយ​ទៀត​នៅ​​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ។ ​នៅ​សាកលវិទ្យាល័យ​កម្ពុជា​នាង​ទទួល​បាន​អាហារូបករណ៍​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ឯ​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​នាង​ចាប់​យក​ជំនាញ​ ធនាគារ និង​ហិរញ្ញវត្ថុ។ ​ដោយសារ​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​មាន​ត្រឹម​បរិញ្ញាបត្រ​រង ​នាង​បាន​បន្ត​យក​បរិញ្ញាបត្រ​លើ​ជំនាញ​ដដែល​នៅ​សាកលវិទ្យាល័យ​វេស្ទើន​បន្ត​ទៀត​រហូត​បញ្ចប់​ការ​សិក្សា។

 ​

ការ​ប្រឡង​យក​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​គោលនយោបាយ​អភិវឌ្ឍ​ទៅ​សិក្សា​នៅ​​​​ប្រទេស​កូរ៉េខាងត្បូង

 ​

ស្រប​ពេល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ជិត​បញ្ចប់​ ​ដាលីន ​បាន​លឺ​សាស្ត្រាចារ្យ​របស់​ខ្លួន​និយាយ​ពី​អាហារូបករណ៍​​នៅ​ KDI School of Public Policy and Management ​ប្រទេស​កូរ៉េ​ខាងត្បូង។ ​​​​ដោយ​មាន​ការ​ចាប់អារម្មណ៍ ​និស្សិត​វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ​បន្ត​ស្រាវជ្រាវ​បន្ថែម​នៅ​លើ​គេហទំព័រ​សាលា​ដែល​នាង​ចង់​ដាក់​ទៅ​រៀន។ ​​​នាង​បាន​ប្រមូល​ព័ត៌មាន​​ជា​ច្រើន​ពី​លក្ខខណ្ឌ​ចាំបាច់​នានា​ដែល​តម្រូវ​ឲ្យ​មាន​​​អាច​ប្រឡង​យក​អាហារូបករណ៍​បាន។​ ​ចំណុច​ដែល​មិន​ច្បាស់​ នាង​បាន​ព្យាយាម​សួរ​លោកគ្រូ​ អ្នក​គ្រូ​ឲ្យ​ជួយ​ពន្យល់​បន្ថែម។ ​បន្ទាប់​មក​នាង​បាន​រៀបចំ​ឯកសារ​ដែល​សាលា​តម្រូវ ​ដោយ​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​របស់​សាលា។ ​​ពិន្ទុ​ល្អ​នៅ​សាលា​ជួយ​ឲ្យ​នាង​មាន​អាទិភាព​កាន់​តែ​លឿន។ ​«វា​​ជា​ប្រយោជន៍​មួយ​ ដែល​ខ្ញុំ​មាន​ព្រឹត្តិបត្រ​ពិន្ទុ​ល្អ ​ដូច​នេះ​ ខ្ញុំ​លើក​ទឹកចិត្ត​​ឲ្យ​អ្នក​ដែល​ចង់​ទទួល​បាន​អាហារូបករណ៍​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ និង​មាន​ព្រឹត្តិបត្រ​ពិន្ទុ​ល្អ»។ ​បេក្ខជន​ថ្នាក់​អនុបណ្ឌិត​​​ដដែល​ចែក​រំលែក។

 ​

​ជា​កូន​កំព្រា​ ឃន ដាលីន​​តស៊ូ​រហូត​បាន​អាហារូបករណ៍​​ថ្នាក់​​អនុបណ្ឌិត​​​​នៅ​កូរ៉េ

 ​

​​នាង​រៀបរាប់​ឲ្យ​ដឹង​ថា ​ដើម្បី​បាន​អាហារូបករណ៍​មួយ​នេះ​នាង​ត្រូវ​ឆ្លង​កាត់​ពីរ​ដំណាក់កាល​គឺ​ ការ​ពិនិត្យ​ឯកសារ ​និង​សម្ភាសន៍។ ​សម្រាប់​ការ​ពិនិត្យ​ឯកសារ​គឺ​​ធ្វើ​ឡើង​តាម​អនឡាញ ​និង​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍។ ​ចំណែក​ការ​សម្ភាស​គឺ​ធ្វើ​ឡើង​តាម​ទូរសព្ទ ​​ឬ​ Skype ​ដោយ​​អ្នក​មាន​សិទ្ធិ​ជ្រើសរើស​​ទៅ​តាម​អ្វី​ដែល​អ្នក​យល់​ថា​ ងាយស្រួល​ជាង។ ​​​​​នាង​បន្ត​ថា ​«ការ​ប្រឡង​ជាប់ (អាហារូបករណ៍)​ ​នេះ​មិន​មែន​ជា​សំណាង​ទេ។​ ​និយាយ​ទៅ​គឺ​ខ្ញុំ​បាន​ត្រៀម​ទុក​ជា​មុន»។​ (ចុច​ត្រង់​នេះ!​ បើ​ចង់​មើល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អាហារូបករណ៍​មួយ​នេះ)។​​​​​​​​​​​​

 ​

​​​ការ​សម្រប​ខ្លួន​នៅ​ទឹកដី​ថ្មី

 ​

​ក្រោយ​ជាប់​ទៅ​សិក្សា​នៅ​កូរ៉េខាងត្បូង ​ដាលីន​បាន​ឲ្យ​ដឹង​ថា​ មាន​បញ្ហា​មួយ​ចំនួន​ដែល​នាង​ត្រូវ​សម្រប។ ​​​ទី​មួយ​គឺ​ភាសា។ ​​បើ​ទោះ​ជា​នាង​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ល្អ ​តែ​និស្សិត​ចម្រុះ​ជាតិសាសន៍​​ធ្វើ​​​ឲ្យ​នាង​មាន​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង។ ​​​«នៅ​ទីនេះ​ ពោរពេញ​ទៅ​ដោយ​សិស្ស​គ្រប់​ជាតិសាសន៍​ដូចជា ​អាហ្វ្រិក ​អាស៊ី ​អាមេរិក​ឡាទីន​ និង​ប្រទេស​ដទៃ​ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់​នឹង​មិន​ដែល​ឮ​ទៀត។ ​ពួកគេ​មាន​ការ​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​ផ្សេងៗ​គ្នា»។ ​​នាង​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ដែល​ចង់​ប្រឡង​ទៅ​ដូច​នាង​ រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ​ ព្រោះ​វា​ងាយស្រួល​ដល់​ការ​ទំនាក់ទំនង។ ​​​ដោយសារ​សិស្ស​មក​ពី​ឧបទ្វីប​ខុសៗ​គ្នា ​ដូច្នេះ​​ការ​រស់នៅ​ វប្បធម៌ ​សាសនា​របស់​និស្សិត​នៅ​ទី​នោះ​ក៏​ចម្រុះ​ដែរ។ ​​វា​ទាមទារ​ឲ្យ​​មាន​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ការ​រស់នៅ​ចុះ​សម្រុង​នឹង​គ្នា។ ​ការ​លំបាក​មួយ​ទៀត​សម្រាប់​នាង​​គឺ​ ពេលវេលា​ខ្លី។ ​«ដោយ​ហេតុ​ថា ​អាហារូបករណ៍​របស់​ខ្ញុំ​មាន​រយៈពេល​ត្រឹម​តែ​ ១ ​ឆ្នាំ​ ដូចនេះ​ ការ​រៀនសូត្រ​របស់​ខ្ញុំ​ពិត​ជា​លំបាក ​និង​ពុំសូវ​មាន​ពេល​សម្រាក​ឡើយ»។​

 ​

​ជា​កូន​កំព្រា​ ឃន ដាលីន​​តស៊ូ​រហូត​បាន​អាហារូបករណ៍​​ថ្នាក់​​អនុបណ្ឌិត​​​​នៅ​កូរ៉េ

 ​

ដាលីន និង​មិត្តភក្តិ​បរទេស

 ​

​ទោះ​ជា​យ៉ាង​ណា​ នាង​បាន​មើល​ឃើញ​ចំណុច​ល្អ​ជា​ច្រើន​នៅ​ទី​នោះ​ដូចជា ​​កន្លែង​ស្នាក់នៅ​មាន​ផាសុកភាព ​​មាន​ផ្ទះ​បាយ​ធ្វើ​ម្ហូប ​បណ្ណាល័យ​ ២៤ ​ម៉ោង ​​និង​សម្ភារៈ​ទំនើប​​មួយ​ចំនួន​ទៀត​ដែល​សម្រួល​ដល់​ការ​សិក្សា​របស់​នាង។ ​​​បន្ថែម​ពី​នេះ ​ដាលីន​ថា ​​បុគ្គលិក ​និង​សាស្ត្រាចារ្យ​មាន​ភាព​រួសរាយ​ រាក់ទាក់ ​និង​ឈឺឆ្អាល​ដោយ​រង់ចាំ​ជួយ​នាង​គ្រប់​ពេល​មាន​បញ្ហា ​ឬ​ចម្ងល់​អ្វី​មួយ។​

 ​

​​ឆ្លើយ​តប​នឹង​សំណួរ​ថា ​តើ​ការ​អប់រំ​នៅ​ប្រទេស​អភិវឌ្ឍ​មួយ​នេះ​ និង​កម្ពុជា​ខុស​គ្នា​យ៉ាង​ណា ​​ដាលីន​ថា ​​នាង​មាន​ការ​ពិបាក​ក្នុង​ការ​ប្រៀបធៀប​ ព្រោះ​វិស័យ​អប់រំ​គេ​ដើរ​មុន​យើង​ឆ្ងាយ។ ​​​ចំណុច​ដែល​នាង​យល់​ថា ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​គួរ​តែ​ពង្រឹង​រួម​មាន​សម្ភារៈ​បរិក្ខារ ​និង​គុណភាព​របស់​សាស្ត្រាចារ្យ។

 ​

​​​គោលបំណង​អនាគត

 ​

នៅ​ពេល​បញ្ចប់​ការ​សិក្សា​​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​នេះ​ និស្សិត​ស្រី​​យើង​នឹង​ត្រឡប់​មក​ធ្វើ​ការ​លើ​វិស័យ​អភិវឌ្ឍ​ដែល​នាង​កំពុង​សិក្សា​ស្រាប់។ ​នាង​សង្ឃឹម​ថា ​​នឹង​អាច​ចែក​រំលែក​ចំណេះដឹង​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម​បាន។

 ​

​ដាលីន​មាន​ការ​ផ្ដាំផ្ញើ​ដល់​និស្សិត​ជំនាន់​ក្រោយ​ដូច្នេះ៖ ​«ជា​ចុងក្រោយ​ តាម​ទស្សនៈ​របស់​ខ្ញុំ ​ខ្ញុំ​គិត​ថា​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ ប្អូនៗ​ត្រូវ​តែ​ទទួល​បាន​ព័ត៌មាន​មួយ​ដ៏​ពេញលេញ ​និង​ ត្រូវ​មាន​ការ​រៀបចំ​ទុក​ជាមុន។​ ប្រសិន​បើ​ ប្អូនៗ​ មាន​សំនួរ​ទាក់​ទង​ទៅ​នឹង​អាហារូបករណ៍​នេះ​ ខ្ញុំ​រីករាយ​ក្នុង​ការ​ចែករំលែក។ ​ដូចនេះ​ ប្អូនៗ​​អាច​ទាក់ទង​ខ្ញុំ​តាម​រយៈ​អ៊ីមែល​របស់​ខ្ញុំ៖​ [email protected]

 ​

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​
រូបថត៖ ​ផ្តល់​ដោយ​សាមី​ខ្លួន