ធនាគារ​ពិភពលោក​​ព្យាករ​​ថា​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ថយ​ចុះ​នៅ​ឆ្នាំ​២០១៥

របាយការណ៍​វាយ​តម្លៃ​បច្ចុប្បន្នភាព​ស្ដីពី​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក (WB) ចេញ​ផ្សាយ​នៅ​ថ្ងៃ​៥ ខែ​តុលា ព្យាករ​ថា សេដ្ឋកិច្ច​​​កម្ពុជា នឹង​ថយ​ចុះ​នៅ​ត្រឹម ៦,៩​ភាគរយ នៅ​ឆ្នាំ​២០១៥។ ទន្ទឹម​នឹង​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ពី​កំណើន​សេដ្ឋកិច្ច​នេះ​ មិន​បាន​ស្មើ​គ្នា​ទេ ព្រោះ​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ក្រីក្រ​ដដែល។

ធនាគារ​ពិភពលោក បាន​ចេញ​របាយការណ៍​ស្ដីពី​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៥ ថា​មាន​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ កន្លង​ទៅ។ របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ថយ​ចុះ​មក​នៅ​ត្រឹម ៦,៩​ភាគរយ នៅ​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​កំណើន ៧,២​ភាគរយ។ ការ​បញ្ចេញ​របាយការណ៍​ស្ដី​អំពី​សេដ្ឋកិច្ច​កម្ពុជា​នេះ បន្ទាប់​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន ៧​ភាគរយ នៅ​ឆ្នាំ​២០១៥។

លោក ស៊ូឌៀរ សេតទី (Sudhir Shetty ) ប្រធាន​ក្រុម​អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា កំណើន​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ថយ​ចុះ​បន្ថែម​ទៀត ដោយសារ​តែ​ឥទ្ធិពល​មក​ពី​ប្រទេស​ចិន កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​​មាន​តុល្យភាព​ឡើង​វិញ​ និង​ឥទ្ធិពល​នៃ​ការ​គ្រោង​ធ្វើ​បទដ្ឋានីយកម្ម​លើ​គោលនយោបាយ​ស្ដីពី​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក។ កត្តា​ទាំង​នេះ អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ខ្លី​ ក៏ប៉ុន្តែ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​កែតម្រូវ​ដើម្បី​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ចិរភាព​ក្នុង​រយៈពេល​វែង។

របាយការណ៍​នេះ បាន​លើក​ឡើង​​បន្ថែម​ទៀត​ថា វិស័យ​សំណង់ ការ​នាំ​ចេញ​សំលៀកបំពាក់ និង​វិស័យ​ទេសចរណ៍ នៅ​តែ​ជា​វិស័យ​នាំ​មុខ​គេ​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ និន្នាការ​នេះ​នឹង​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ជា​ពិសេស​នៅ​តំបន់​ទីប្រជុំជន​ដែល​វិស័យ​សំណង់​នៅ​តែ​បន្ត​រក្សា​ស្ថានភាព​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ គេ​សង្កេត​ឃើញ​មាន​សញ្ញាណ​មួយ​ចំនួន​នៃ​ការ​បន្ត​ធ្លាក់​ចុះ ជា​ពិសេស​ លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​ដែល​ផ្អែក​ទៅ​លើ​តម្រូវការ​ពី​ខាង​ក្រៅ និង​តម្លៃ​ផលិតផល​អន្តរជាតិ។

សន្និសីទ​ ធនាគារ​ពិភពលោក ៦២០
កិច្ច​ប្រជុំ​តាម​រយៈ​វីដេអូ ខនហ្វ្រិន (Video Conference) ស្តី​អំពី​រាយការណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​ធនាគារ​ពិភពលោក (World Bank) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Ek Sirei

ទន្ទឹម​នឹង​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៥ នេះ នឹង​កើន​លើស ៧​ភាគរយ ច្រើន​ជាង​តួលេខ​ដែល​លើក​ឡើង​ដោយ​ធនាគារ​ពិភពលោក៖ «ជា​ធម្មតា​អ្វី​ដែល​ជា​គោលបំណង​​របស់​កម្ពុជា​យើង គឺ​ការ​រក្សា​បាន​នូវ​ស្ថិរភាព​មីក្រូសេដ្ឋកិច្ច គឺ​​ផលិតផល​សរុប (GDP) រក្សា​ឲ្យ​បាន ៧​ភាគរយ។ យើង​មិនទាន់​ចប់​ទេ នៅ​ឆ្នាំ​២០១៥ យ៉ាង​ហោច​ណាស់ យើង​នៅ​សល់​ពីរ​ខែ​ទៀត ចាំ​រំពឹង​មើល​ ប៉ុន្តែ​រដ្ឋាភិបាល​យល់​ថា​ យើង​មាន​កំណើន​ច្រើន​ជាង​ ៧​ភាគរយ នោះ​បើ​សិន​អត់​មាន​យថាហេតុ​ណា​មួយ​ដែល​រំខាន​សេដ្ឋកិច្ច​របស់​យើង»

យ៉ាង​ណា​មិញ លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ស្ថានភាព​ប្រជាជន​កម្ពុជា ទាំង​មូល​នោះ​ទេ ត្បិត​ប្រជាជន​ភាគ​ច្រើន​មិន​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ​ដោយ​ស្មើ​ភាព​ឡើយ។

លោក កែម ឡី៖ «កំណើន​សេដ្ឋកិច្ច​មែន ប៉ុន្តែ​ផល​ដែល​ចេញ​ពី​សេដ្ឋកិច្ច​នេះ​វា​ទៅ​​ក្រុម​មនុស្ស​មួយ​ក្រុម ហើយ​ប្រជាជន​ភាគ​ច្រើន​អត់​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ហ្នឹង​ទេ។ បើ​មើល​តាម​កំណើន វា​ល្អ​ណាស់! វា​រីក​ចំរើន​ណាស់! សំខាន់​ការ​រីក​ចំរើន​បាន​ទៅ​ណា? ទី​មួយ ក្រុមហ៊ុន​ឯកជន​ក្រៅ​ប្រទេស រោងចក្រ​កាត់ដេរ បាន​ផល ក្រុមហ៊ុន​ហុងកុង តៃវ៉ាន់ ចិន។ វិនិយោគ​ផ្សេងៗ ធនធាន​រ៉ែ កៅស៊ូ បាន​ទៅ​ក្រុមហ៊ុន វៀតណាម ចិន ។ ម្យ៉ាង​ដោយសារ​ប្រព័ន្ធ​ពន្ធដារ​ធ្លុះធ្លាយ​ផង កំណើន​សេដ្ឋកិច្ច​កើន​មិន​បាន​ផល​ជាក់ស្ដែង​ដល់​ប្រជាពលរដ្ឋ»

របាយការណ៍​ធនាគារ​ពិភពលោក​បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​មាន​ចំនួន ១៧,៧​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១២ ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ជិត​ ៣​លាន​នាក់ និង​​ជាង ៨,១​លាន​នាក់ រស់​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ។ ប្រហែល ៩០​ភាគរយ នៃ​ប្រជាពលរដ្ឋ​ទាំង​នេះ រស់​នៅ​ក្នុង​តំបន់​ជនបទ។ ការ​ប៉ាន់​ប្រមាណ​របស់​ធនាគារ​ពិភពលោក​បង្ហាញ​ទៀត​ថា កម្ពុជា​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន ៥០​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០០៩។ ក៏​ប៉ុន្តែ គ្រួសារ​ភាគ​ច្រើន​លើសលប់​ដែល​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ អាច​មាន​ជីវភាព​ល្អ​ប្រសើរ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។