​លោក កឹម សុខា បញ្ជាក់ថា ការធ្វើ​បុណ្យ​រួមគ្នា​គឺ​បង្ហាញ​ពី​ការឯកភាព​ក្នុងសង្គម​ជាតិខ្មែរ​

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា លោក កឹម សុខា បាន​ថ្លែង​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ថា ការដែល​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួមគ្នា​ធ្វើបុណ្យ​ជាមួយគ្នា​មិន​ត្រឹមតែ​បាន​បង្ហាញថា​មានការ​រួបរួមគ្នា​រវាង​ពុទ្ធបរិស័ទ​នៅតាម​វត្ត​អារាម​នោះទេ តែ​វា​ក៏បាន​បង្ហាញ​ពី​ការរួបរួម​គ្នា​រវាង​ជនរួមជាតិ​ខ្មែរ​ទាំងមូល​ផងដែរ​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឃើញ​ឯកភាព​ជាតិខ្មែរ​ទាំងមូល ហើយ​ឈប់​ប្រកាន់​បក្ខពួក​តទៅទៀត ទើប​ខ្មែរ​យើង​បាន​សុខសាន្ត​។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា បាន​ពន្យល់ថា បើទោះជា​មាន​និន្នាការ​នយោបាយ​ខុសគ្នា​ក៏ដោយ តែ​នៅពេលដែល​ខ្មែរ​ឈប់​ប្រកាន់​បក្ខពួក ឈប់​ប្រើ​អំពើហិង្សា​ដាក់គ្នា ឈប់​កាប់សម្លាប់​គ្នា នោះ​ខ្មែរ​នឹង​បាន​សុខ និង​ទទួលបាន​ការរីកចម្រើន​ពិតប្រាកដ​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា មិន​ថា​មាន​ជីវភាព​ខុសគ្នា​ក៏ដោយ ក៏​ខ្មែរ​គ្រប់រូប​ត្រូវតែ​រួបរួមគ្នា​ការពារ​ទឹកដី និង​ការពារ​ផលប្រយោជន៍​របស់​ខ្មែរ​ឲ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូតដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​គួររំលឹកថា ក្នុងឱកាស​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​បញ្ជាក់ដែរថា​លោក​មិន​និយាយ​ពីសារ​នយោបាយ​អ្វី​ទេ តែ​លោក​ចង់ឃើញ​ខ្មែរ​គ្រប់រូប​បាន​សុខ និង​មាន​សេរីភាព​គ្រប់គ្នា ពោលគឺ​មិន​ត្រូវបាន​គេ​ចាប់ចង​ដោយ​អយុត្តិធម៌​នោះទេ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​វី​រះ​ជន​ខ្មែរ​ទាំងអស់ ដែល​បាន​បូជាជីវិត​ក្នុង​អតីតកាល ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង​បាន​នៅ​គង់វង្ស​មកទល់នឹង​សព្វថ្ងៃ​៕

12072804_1210098395674124_1524520164598842239_n 12096361_1210098679007429_6032980200427427698_n