ប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​៖ ថៅកែ​ព្រម​ឡើងដល់ ៤% រីឯ​សហជីព ចុះមក​ត្រឹម ២៥%

ភ្នំពេញ: ​ក្នុង​កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ មកដល់​ព្រឹក​ថ្ងៃទី​៦​តុលា​នេះ គឺ​ភាគី​ថៅកែរោងចក្រ បាន​ព្រម​ឡើងដល់ ៤% ថែម​លើ​ប្រាក់ខែ​ចាស់ ១២៨ ដុល្លារ​។ រីឯ​ភាគី​សហជីព​កម្មករ ក៏បាន​ចុះការទាមទារ ​មក​ត្រឹម ២៥% ថែម​លើ​ប្រាក់ខែ​ចាស់​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក ហេង សួរ ដែលជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦​តុលា​នេះ​ថា ក្នុង​កិច្ចប្រជុំ​ភាគី​សហជីព​កម្មករ បាន​បន្ថយ​តួលេខ​បន្តិច ហើយ​ភាគី​និយោជក ថៅកែ​រោងចក្រ​កាត់ដេរ បាន​បង្កើន​តួលេខ​បន្តិច​ផងដែរ​។ ពោលគឺ​សហជីព បាន​ព្រមព្រៀង​បន្ថយ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ មក​ត្រឹម ២៥%​។ រីឯ​និយោជក ព្រម​ឡើងដល់ ៤% លើ​ប្រាក់ខែ​ឆ្នាំមុន​។ ពោលគឺ​សហជីព​ទាមទារ​ឡើង​ចំនួន ១៦០ ដុល្លារ​។ រីឯ​ថៅកែ​ព្រម​ឡើងដល់ ១៣៣,១២ ដុល្លារ​។​

​ទោះបីជា​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា​រវាង​សហជីព​កម្មករ និង​ថៅកែ​រោងចក្រ​កាត់ដេរ​ដូច្នេះ​ក៏ដោយ ក៏​លោក ហេង​សួរ មានជំនឿថា ភាគី​ទាំងពីរ នៅតែ​បន្ត​ប្រជុំ ដើម្បី​ស្វែងរក​តួលេខ​ប្រហាក់ប្រហែល​មួយ ដើម្បី​ឈានទៅដល់​ការបោះឆ្នោត​សម្រេច នៅក្នុង​សប្តាហ៍​នេះ មុននឹង​បញ្ជូន​ទៅកាន់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច នាពេល​ឆាប់ៗ​នេះ​។​

​នៅ​រសៀល​ថ្ងៃទី​៦​តុលា​នេះ ភាគី​សហជីព និង​ភាគី​ថៅកែ​រោងចក្រ នឹងត្រូវ​ប្រជុំ​ផ្ទៃក្នុង ហើយ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នឹង​បន្តធ្វើ​នៅ​ថ្ងៃទី​៧​តុលា​៕​

ប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​៖ ថៅកែ​ព្រម​ឡើងដល់ ៤% រីឯ​សហជីព ចុះមក​ត្រឹម ២៥%

ប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​៖ ថៅកែ​ព្រម​ឡើងដល់ ៤% រីឯ​សហជីព ចុះមក​ត្រឹម ២៥%
ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី នាព្រឹកថ្ងៃទី៦តុលានេះ ភាគីនិយោជក ព្រមឡើងដល់ ៤% រីឯសហជីព ព្រមបញ្ចុះមកត្រឹម ២៥%
( រូបភាពបានមក​ពីលោក ហេងសួរ )