ធនា​គារ​ជា​តិ​​​​​នៃ​​កម្ពុ​ជា​​​​ប្រ​កាស​​ឈប់​​​​ទ​ទួល​​ចុះ​​បញ្ជី​​​​ប្រ​តិ​បត្តិ​​ករ​​​​ឥណ​ទាន​​​ជន​​បទ​​​​​

​ភ្នំពេញ៖​ ធនា​គារ​ជា​តិ​​នៃ​​កម្ពុ​ជា បាន​សម្រេច​​ផ្អាក​​ទទួល​​ពាក្យ​សុំ ចុះ​បញ្ជី​​របស់​​ប្រ​តិ​បត្តិ​​ក​រ​ឥណ​ទាន​​ជន​បទ ចាប់​ពី​​ថ្ងៃ​​ទី​ ៣១ ខែ តុ​លា ឆ្នាំ​​២០១៥ ត​ទៅ​បន្ទាប់​​ពី​​ទទួល​​បាន​​ការ​​ដាក់​​ពាក្យ ស្នើ​សុំ​​ចុះ​បញ្ជី​រ​របស់​​ប្រ​តិ​បត្តិ​​ករ​​ឥណ​ទាន​​ជន​បទ​​ចំ​នួន​ ៣០០​​ពាក្យ ​។ នេះ​​បើ​​យោង​តាម​​សេ​ច​ក្តី​ជូន​ដំ​ណឹង​​របស់​​ធ​នា​គារ​ជា​តិ​​នៃ​​កម្ពុ​ជា នៅ​​ថ្ងៃ​​ទី ​០២ ​តុលា​ កន្លង​ទៅ​នេះ​។​   ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ថា ការផ្អាក​ទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​របស់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​នេះ ដើម្បី​ពិនិត្យ និង​​វាយតម្លៃ​លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ទាំង​៣០០​ពាក្យ​នោះ ឲ្យ​សម្រប​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ម្យ៉ាងវិញទៀត ធ​នា​គារជាតិ​នៃ​កម្ពុជា ចាំបាច់​ត្រូវការ​ពេលវេលា និង​ធនធាន​សមស្រប​ដើម្បី​វាយតម្លៃ និង​ត្រួតពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​​ពាក្យសុំ​នី​មួយៗ ដើម្បី​ឲ្យមាន​ភាព​សុក្រិត្យ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ ដោយ៖ សុធី