​ឃាត់ខ្លួន​ជនសង្ស័យ​​ពាក់ព័ន្ធ​គ្រឿង​ញៀន​​៣​នាក់ ​​ក្នុង​ផ្ទះ​សំណាក់​ពិភព​ថ្មី

ខេត្តកំពត ​៖ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​កិច្ចសហការ​ជាមួយ​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ ​កម្លាំងមន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោកវរសេនីយ៍ទោ ហែម ​ច័​ន្ទ​ដា​រ៉ា ​មេបញ្ជាការ​រង ​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​​​មួយ​ឈ្មោះ​ពិភព​ថ្មី ​ឃាត់​ខ្លួនជន​សង្ស័យ​ប្រុស​ស្រី​៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា​ ២០១៥​ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ។

​លោក​វរសេនីយ៍ទោ ហែម ច័​ន្ទ​ដា​រ៉ា​ ​​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​​​​នេះ មាន​ ១-​ឈ្មោះ សួង ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ​ជា​​អ្នក​​​លក់​ស្រា​បៀរ​ ​២-​ឈ្មោះ យឹ​ម ចាន់​ណា ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ ​ជា​អ្នក​​លក់​ស្រា​បៀរ​ និង​​៣-​ឈ្មោះ សាយ ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ​ជា​​កសិករ​ ។ ​ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន​ មាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​តូច  ​ឧ​បករណ៍​សម្រាប់​​ជក់​២ ​ទូរ​ស័ព្ទដៃ​៣​គ្រឿង ​ប្រាក់​​​អាមេរិក​៧០ដុល្លា​រ​ និង​ប្រាក់​​ខ្មែរ​​១០.២០០០​រៀល ។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ​ចាត់ការ​តាម​នីតិវិធី​​ ​៕