ហេតុអ្វី​សមត្ថកិច្ច​សាខាគយ​ខេត្តបន្ទាយមានជ័យ ចាប់​រថយន្តក្រុង​ដឹកទំនិញ​គេចពន្ធ​ហើយ​ដោះលែង​វិញ​?

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ករណី​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​បង្កប់​ទំនិញ​គេចពន្ធ​ពី​ក្រុង​ប៉ោយប៉ែត ចូលមក​រាជធានី​ភ្នំពេញ បានកើត​ឡើងជា​បន្តបន្ទាប់​ដូចជា​ក្រុមហ៊ុន​ថោង​ស៊ី​ង ជាដើម​។ ចំណែក​កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ មន្ត្រី​សាខាគយ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ ពាក់​ស្លាក​លេខ​3C-1398 ដែល​បាន​បង្កប់​នូវ​ទំនិញ​ជា​ផ្លែឈើ​មួយចំនួន ហើយ​នៅក្នុង​នោះគេ​មិនដឹងថា​មាន​បង្កប់​ទំនិញ​អ្វីខ្លះ​ផ្សេងទៀត​ទេ​។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​នោះ គឺ​មន្ត្រី​សាខាគយ​ខេត្តបន្ទាយមានជ័យ ឃាត់​រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ បាន​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ក៏​ដោះលែង​វិញ​។

​តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ពួកគេ​ឃើញ​មន្ត្រី​គយ​២​ទៅ​៣​នាក់​និង​មាន​រថយន្ត​២​គ្រឿង​បិទ​ពីមុខ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ នៅ​នឹង​មុខ​ស្នាក់ការ​សាខាគយ​ខេត្តបន្ទាយមានជ័យ​តែម្ដង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មើល​ពី​ខាងក្រៅ​គេ​ឃើញ​នៅក្នុង​ឃ្លុប​រថយន្ត​មានតែ​ផ្លែឈើ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុងនោះ​មិនដឹង​មាន​ទំនិញ​អ្វី​ផ្សេងទៀត​ឬ​អត់​នោះទេ ព្រោះ​មន្ត្រី​គយ​មិនបាន​ពិនិត្យ​ឲ្យ​ត្រឹមត្រូវ​។ ម្យ៉ាងទៀត​មុនពេល​អនុញ្ញាត​ឲ្យ​រថយន្ត​នោះ​បន្ត​ទៅមុខទៀត គេ​ឃើញ​មន្ត្រី​គយ​ទាក់ទង​តាម​ទូរស័ព្ទ តែ​មិនដឹងថា​ទាក់ទង​ទៅ​ក្រុមហ៊ុន​រថយន្តក្រុង​ឬ​យ៉ាងណា​នោះទេ ព្រោះ​អ្វីៗ​ហាក់ដូច​ជាមាន​អាថ៌កំបាំង​។ ជាពិសេស​នៅពេល​អ្នកសារព័ត៌មាន​ចុះ​ទៅដល់​ស្រាប់តែ​មន្ត្រី​គយ​ទាំងនោះ​ដើរ​ចូលទៅ​កន្លែងធ្វើការ​ងារ​របស់​ខ្លួន ដោយ​មិន​ងាកក្រោយ​ឡើយ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​សង្ស័យថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ មិនមែន​ដឹក​តែ​ផ្លែឈើ​នោះទេ គឺ​អាចមាន​បង្កប់​ទំនិញ​គេចពន្ធ​ផងដែរ ប៉ុន្តែ​ដោយសារ​មាន​ទំនាក់ទំនង​រវាង​ម្ចាស់​ក្រុមហ៊ុន​និង​សមត្ថកិច្ច​គយ ទើប​មានការ​ដោះលែង​ទៅវិញ​ក្រោយពេល​ឃាត់ទុក​តែមួយ​ភ្លែត​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​សាខាគយ​ខេត្តបន្ទាយមានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ថោង សុខាំ​ភូ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ជាការ​ពិត​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ មិនដែល​ត្រូវបាន​សមត្ថកិច្ច​គយ​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ទេ គឺ​បានត្រឹមតែ​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ជា​លេស​ឲ្យ​ម្ចាស់​ទំនិញ​ចរចា​បង់លុយ ហើយ​ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ​តែម្ដង​៕

Hong-0061 Hong-0059