ជន​សង្ស័យ​២នាក់​កំពុង​លួច​បូមប្រេង​ម៉ាស៊ូត​ក្នុង​ក្រុម​ហ៊ុន ​ត្រូវ​សមត្ថ​កិច្ចមក​ទាន់​ក្របួច​ជាប់

ខេត្ត​កំពង់​ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​​​ឃាត់ខ្លួន ​ខ​ណៈ​ពួក​គេ​កំពុង​​ធ្វើ​សកម្មភាព​លួច​ប្រេងម៉ាស៊ូតនៅក្នុង​ក្រុមហ៊ុន​កិន​ថ្ម​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី០៥ ​តុលា​ ២០១៥​នៅ​ចំណុចក្រុមហ៊ុន​ថ្ម H.T.T.K​ ស្ថិត​នៅ​ភូមិ​ព្រៃ​វៀវ ឃុំ​ធម្មតា​ ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​អនុ​សេនី​យ៍ឯក​ទិ​ត្យ​ វ​ណ្ណៈ ​ប្រធាន​មន្ទីរ​យុត្តិធម៌​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​០២​នាក់​ដែល​ខាង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​មាន​ឈ្មោះ ម៉ាក សូ​ណា ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ និងឈ្មោះ ភឿ​ង ពន្លឺ ភេទ​ប្រុស​ អាយុ១៨​ឆ្នាំ មុខរបរសិស្សសាលា មាន​ទីលំនៅ​ភូមិ-​ឃុំ​ជាមួយ​គ្នា​។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​នេះ​បន្ទាប់​ពី​សមត្ថ​កិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ខាង​ក្រុមហ៊ុន​កិន​ថ្ម​ថា ​មាន​មនុស្ស​លួច​បូម​ប្រេង​លក់​ជា​រៀង​រាល់​យប់​ទើប​លោក​អនុ​សេនី​យ៍ឯក​ទិ​ត្យ​ វ​ណ្ណៈ ​ប្រធាន​មន្ទី​រយុត្តិធម៌​សុំ​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ហើយ​ដឹកនាំ​កម្លាំង​ក្រោម​បញ្ជា​ចុះ​ធ្វើការ​ឃ្លាំមើល​មុខសញ្ញា​លួច​ប្រេង​រហូត​កំណត់​បាន​មុខសញ្ញា​ក៏​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ឃាត់ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដកហូត​បាន​ប្រេង​ម៉ា​ស៊ូត​២​ប៊ីដុង​ស្មើនឹង​៦០​លី​ត្រ​ ម៉ូតូ០១​គ្រេឿ​ង ម៉ាក​ស្គូ​ពី ព​ណ៌​ផ្កាឈូក ស្លាក​លេខ កំពង់ស្ពឺ ១G.3095​ ទូរ​សព្ទ័​ដៃចុច​ពិល​ចំនួន០២​គ្រឿង​៕