អីុរ៉ា​ក់ ៖ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត​មនុស្ស​70​នាក់ និង​វាយប្រហារ​គ្រឿងផ្ទុះ​ស្លាប់​50​នាក់

ប្រភព​ព័ត៌មាន​ប៉ូលិស និង​មេដឹកនាំ​កុលសម្ព័ន្ធ​ម្នាក់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ តុលា​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រហារជីវិត​សមាជិក​កុលសម្ព័ន្ធ​ស៊ុន​នី​ត​ប្រឆាំង​ខ្លួន​៧០​នាក់​នៅ​ខេត្ត​អាន​បា ។

លោក CHEIKH NA'IM AL GAOUD ប្រមុខ​កុលសម្ព័ន្ធ​ស៊ុន​នី​ត ALBU NIMER គូសបញ្ជាក់​ថា ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចាប់ពង្រត់ ហើយ​ប្រហារជីវិត​មនុស្ស​៧០​នាក់​ជា​សមាជិក​កុលសម្ព័ន្ធ​របស់​លោក​នៅ​ខេត្ត​អាន​បា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្តាសារ​ព័ត៌មាន​អីុ​រ៉ា​ក់ លោក AL GAOUD រៀបរាប់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​៤ តុលា បាន​ចាប់ពង្រត់​សមាជិក​កុលសម្ព័ន្ធ ALBU NIMER ប្រមាណ​ជា​៧០​នាក់​ក្នុង​តំបន់ THARTHAR ភាគ​ខាងជើង​ទីក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​ខេត្ត ហើយ​បាញ់​សម្លាប់​ពួក​គេ​នៅ​តំបន់​នោះ ។

ប្រមុខ​កុលសម្ព័ន្ធ​រូប​នេះ​បញ្ជាក់​ថា មនុស្ស​ទាំងអស់​ដែល​ត្រូវ​ប្រហារជីវិត​ជា​ជន​ស៊ី​វិល ដែល​ឪពុក​ឬ​បងប្អូន​ពួក​គេ​ចូល​បម្រើកងទ័ព ប៉ូលិស និង​ចូល​ក្នុង​ជួរ​កងជីវពល SAHWA គាំទ្រ​ដោយ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​បា​វ៉ា​ណា ជិត​ក្រុង​ហា​ឌី​ថា ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​បា​ដា​ដ ។

ចំណែក​មនុស្ស​យ៉ាងតិច​៥០​នាក់​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​រង​របួស​នា​ថ្ងៃ​ទី​៥ តុលា​ដែរ ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​ខេត្ត​ឌី​យ៉ា​ឡា​ភាគ​ខាងកើត​អីុរ៉ា​ក់ ។ ក្នុង​ចំណោម​ការ​វាយប្រហារ​ទាំងនេះ​មានការ​វាយប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​ខា​លី​សភាគ​ខាងជើង​ទីប្រជុំជន​ខេត្ត គឺ​ទីក្រុង​បា​គូ​បា ចម្ងាយ​៦៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​បា​ដា​ដ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់ និង​របួស​៤០​នាក់ ៕