លោក សម រង្ស៊ី រិះគន់ថា​សញ្ញាបត្រ​គ្មាន​តម្លៃ​ដោយសារតែ​គុណភាព​អប់រំ​កម្ពុជា​នៅ​ទន់ខ្សោយ​

​នៅ​ដើម​សប្តាហ៍​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​រិះគន់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា មាន​លក្ខណៈ​ទន់ខ្សោយ​បំផុត ហើយ​ភាគច្រើន​នៃ​សញ្ញាបត្រ ដែល​ទទួលបាន​មិនមាន​តម្លៃ​នោះទេ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា និស្សិត​ខ្លះ​អត់​មាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា ហើយ​បណ្ឌិត​មួយចំនួនទៀត ទោះជា​អត់​ទៅ​សាលា​ក៏​ទទួលបាន​សញ្ញាបត្រ​ពីសា​លា ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កែប្រែ​ប្រព័ន្ធ​អប់រំ​នៅ​ស្រុក​ខ្មែរ​ឡើងវិញ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ថ្លែង​ទៀតថា សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​អត់​មានតម្លៃ ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា​ទន់ខ្សោយ​ជាទីបំផុត​។ ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រៀបចំ​ប្រទេស​ឡើងវិញ រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើងវិញ កំណត់​ទិសដៅ​ធំៗ កែប្រែ​ផ្លាស់ប្តូរ នឹង​ប្តូរ​ច្រើនណាស់ ដើម្បីឱ្យ​ក្មួយៗ​យុវជន​មាន​អនាគត និង​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា និង​សង្គម​កម្ពុជា​មានការ លូតលាស់ មាន​សេដ្ឋកិច្ច​រីកចម្រើន​រុងរឿង​ពិតប្រាកដ​។​

​ជុំវិញ​បញ្ហា​នេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បញ្ជាក់ដែរថា លោកគ្រូ អ្នកគ្រូ ជា​អ្នក​ធ្វើអោយ​ជីវិត​សិស្ស និស្សិត មានការ​ផ្លាស់ប្តូរ​ទៅរក​ភាពប្រសើរឡើង បង្រៀន​សិស្ស និស្សិត លើកទឹកចិត្ត​សិស្ស និស្សិត  និង​ជំរុញ​ឲ្យ​សិស្ស និស្សិត មានការ​អប់រំ​ល្អ ឲ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល សម្រាប់​ប្រទេសជាតិ​។​

​លោក យឹម សុវណ្ណ ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ការស្នើសុំ​សម​ហេតុផល របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា អនាគត​ប្រទេសជាតិ ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​អប់រំ ដែល​ក្នុងនោះ គ្រូបង្រៀន និង​ជីវភាព​រស់នៅ​សមរម្យ​របស់​ពួកគាត់ ជា​កត្តាចាំបាច់​៕

1546373_974536909269709_7443357729559323783_n