មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាម​អំពើ​ចិត្ត

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​គ្រាន់តែ​លោក ឆេង សុវត្ថិ ឡើងកាន់តំណែង​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ចាប សុ​ផា​រិ​ទ្ធ ភ្លាម​ក៏​ចាប់ផ្ដើម​ប្រើ​អំណាច​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​។ តាម​ការអះអាង​ពី​មន្ត្រីនគរបាល​មួយចំនួន​បាន​ឲ្យ​ដឹងថា ទំនង​មានការ​បើកដៃ​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​លោក ឆេង សុវត្ថិ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ក្នុងនោះ​ការ​ជំរិត​យកលុយ​ពី​អាជីវករ​ដឹកជញ្ជូន​ទំនិញ​និង​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត កំពុងតែ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក ឆេង សុវត្ថិ ដែលជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មាន​គោលដៅ​សំខាន់ៗ​ជាច្រើន​កន្លែង​ត្រូវបាន​លោក ឆេង សុវត្ថិ ដាក់ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ឲ្យ​ជំរិត​យកលុយ​ពី​អាជីវករ និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ប្រសេចប្រសាច​។ គោលដៅ​ដែល​លោក ឆេង សុវត្ថិ ដាក់ពង្រាយ​កូនចៅ​មានដូចជា ចំណុច​សាលា​ក្រហម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តសៀមរាប ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ច្រក​បឹង​ត្រកួន និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជាដើម​។ ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​ក៏ដោយ ត្រូវ​បង់លុយ​ឲ្យ​កូនចៅ​លោក ឆេង សុវត្ថិ តាម​ការកំណត់ បើ​មិន​ព្រម​បង់លុយ​ទេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាមិនខាន​។

ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​គោលដៅ​ដូចខាងលើ បាន​អំពាវនាវ​ឲ្យ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឆេង សុវត្ថិ ជាបន្ទាន់​។ ដោយហេតុថា ក្រោយពេល​ទទួលបាន​តំណែង​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ភ្លាម លោក ឆេង សុវត្ថិ មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​នោះទេ​។ ផ្ទុយទៅវិញ​លោក ឆេង សុវត្ថិ បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​តាមរបៀប​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ក្រអឺតក្រទម​។ លោក ឆេង សុវត្ថិ កំពុង​ប្រព្រឹត្ត​បំពាន​ទៅលើ​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ហើយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បែរ​សម្ងំស្ងៀម​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​៕

3345លោក អាត់​ ខែម​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ