ម៉ូ​រី​ន​ញ៉ូ នឹង​ចាក​ចេញពី Chelsea បើ​កីឡាករ​មិន​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក

លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប Chelsea បាន​បង្ហាញ​ពី​ហេតុផល​មួយ​ក្នុង​ការ​ដាក់​ពាក្យសុំ​លាឈប់​ពី​ទឹកដី «​ស្ដេ​ម​ហ្វ​ត​ប្រ៊ី​ដ​» របស់​ក្លិប​Chelsea ប្រសិនបើ​កីឡាករ​គ្រប់​រូប​បញ្ជាក់​ថា មិន​ត្រូវការ​លោក​ក្រោយ​ពី​ប្រកួត​ចាញ់​ក្នុង​ទឹកដី​ជាមួយ​ក្លិប Southamton ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ទី​៣ តុលា កន្លង​មក ។

ចំនួន​៨​ប្រកួត​បាន​កន្លង​ផុត​ក្លិប​Chelsea ក្នុង​នាម​ជា​អតីត​ជើងឯក គឺ​ស្ថិត​នៅ​លំដាប់​ទី​១៦ មាន​៨​ពិន្ទុ ដោយនៅ​ពីលើ​តារាង​គ្រោះថ្នាក់​ចំនួន​៤​ពិន្ទុ និង​តាម​ពីក្រោយ​ក្លិប​កំពូល​តារាង Man City ចំនួន​១០​ពិន្ទុ ។ ប្រាកដ​ណាស់​បញ្ហា​នេះ​រមែង​មានការ​និយាយ​ពី​ការ​ប្ដូរ​គ្រូបង្វឹក​ជា​រឿយ​ៗ​របស់​អ្នកគាំទ្រ​ក្លិប ។ កាលពី​រដូវ​កាល​២០០៧-២០០៨ លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ ដែល​ដឹកនាំ​ក្លិប Chelsea បើក​ឆាក​ដំបូង​មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​បណ្ដេញចេញ​នៅ​ពាក់កណ្ដាល​ខែកញ្ញា និង​ដាក់​ជំនួស​ដោយ​លោក អា​ហ្វ្រ​រ៉ា​ម ហ្គ្រែ​ន ។

ជា​ចុង​ក្រោយ​លោក​ម៉ូ​រី​ន​ញ៉ូ​ថ្លែង​ថា​៖ «​មនុស្ស​គ្រប់​រូប​អាច​និយាយ​ពី​អ្វី​ដែល​ពួក​គេ​ត្រូវការ​បាន ប៉ុន្តែ​គួរ​ធ្វើការ​សាកសួរ​នៅ​ទីលាន​ហ្វឹកហាត់​ខ​ប់​ហេម នៅ​ស​ប្ដា​ហ៍​ក្រោយ រួច​ត្រូវ​សួរ​យោបល់​កីឡាករ ច​ន ធឺ​រី ឌី​យេ​ហ្គោ កូ​ស្ដា និង​រ៉ា​មី​រ៉េ​ស ដែល​មិន​បាន​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ ។ ប្រសិនបើ​ពួក​គេ​ប្រាប់​ថា មិន​ជឿជាក់​លើ​ការ​ដឹកនាំ​របស់ខ្ញុំ នោះ​គឺជា​ហេតុផល​មួយ​ក្នុង​ការ​លាលែង​របស់ខ្ញុំ​យ៉ាង​ពិតប្រាកដ​» ៕