រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ស្នើ​ឲ្យ​ឡាវ សិក្សា​ពី​ការប៉ះពាល់​នៃ​ការសាងសង់​​ទំនប់​វា​រី​អគ្គិសនី ដង​សា​ហុង​

ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​លោក Somsavat Lengsavad ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច នៃ​ប្រទេស​ឡាវ នៅវេលា​ម៉ោង ១១ ព្រឹក​នេះ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នេះ នៅ​ទីស្តីការ​ក្រសួង​ការបរទេស​។ ក្នុង​កិច្ចប្រជុំ ប្រមុខ​ការទូត​កម្ពុជា បានស្នើ​ឲ្យ​ឡាវ សិក្សា​ឲ្យ​បាន​ល្អិត​ល្ព​ន់​ពី​ការប៉ះពាល់​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដង​សា​ហុង ដែល​ស្ថិតនៅ​ដង​ទន្លេមេគង្គ ជាប់​នឹង​ព្រំដែន​កម្ពុជា​។​

​ក្រៅពី​ពិភាក្សា​លើ​ការងារ​ពង្រឹង​ទំនាក់ទំនង​ការទូត  និង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ពី​បញ្ហា​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង នៅ​ទន្លេមេគង្គ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ផងដែរ​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ពិភាក្សា​ថា បញ្ហា​សាងសង់​ទំនប់​ដង​សា​ហុង ដែលមាន​ចំងាយ​ជិត ២​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា កន្លងមក កម្ពុជា​ក៏ដូចជា​ប្រទេស​នៅ​ខាងក្រោម មានការ​ព្រួយបារម្ភ​អំពី​ការសាងសង់​ទំនប់​ដង​សា​ហុង​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​ដល់​លំហូរ​ទឹក ប៉ះពាល់​ដល់​ចលនា​ត្រី​។

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ លោក Somsavat Lengsavad ក៏បាន​ពន្យល់​ដល់​លោក អំពី​ការសិក្សា​បច្ចេកទេស​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជិតខាង​។

​លោក​ហោ​ណាំហុង ក៏បាន​លើកឡើងថា លោក​ក៏បាន​លើក​សំណូមពរ ដោយសារតែ​លោក​ដឹងថា រដ្ឋសភា​ឡាវ ប៉ុន្មាន​ថ្ងៃមុន​នេះ បានអនុម័ត​ហើយ ដើម្បី​សម្រេច​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដង​សា​ហុង ដោយ​ឡាវ​បាន​និយាយថា ការកសាង​ទំនប់​វា​រី​អគ្គិសនី ដង​សា​ហុង​នេះ ស្ថិតនៅក្នុង​អធិបតេយ្យភាព​របស់​ឡា​វ ដូច្នេះ​លោក​គ្រាន់តែ​សំណូមពរ​ថា ចាប់ពី​ឥឡូវ រហូត​ដល់ពេល​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៥​នេះ សូម​សំ​ណូ​ពរ​ឲ្យ​ឡាវ​ធ្វើការ​សិក្សា​បន្តទៀត រហូត​ដល់ពេល​សាងសង់​ដើម្បី​ជៀសវាង​អំពី​ការប៉ះពាល់​ដល់​បរិស្ថាន​ជាពិសេស​លំហូរ​ទឹក​មក​ទន្លេមេគង្គ​ខាងក្រោម និង​ចលនា​ត្រី​។​
          
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បន្តថា លោក​ក៏បាន​ពន្យល់​ដល់​លោក Somsavat Lengsavad ថា ទន្លេសាប គឺជា​អាយុជីវិត​ប្រជាជន​កម្ពុជា ដោយសារ​ពេល​ទឹក​ឡើង​ពី​ទន្លេមេគង្គ​មក ហូរ​ចូល​ទន្លេសាប ពេល​ត្រី​ចាប់​ពង ពេល​ទឹក​ស្រក​មកពី​ទន្លេសាប​មកវិញ ជា​ពេល​រដូវ​ចាប់​ត្រី​របស់​ប្រជាជន​កម្ពុជា ហើយ​ពេលនោះ ប្រជាជន​កម្ពុជា​មកពី​គ្រប់​ខេត្ត​ដើម្បី​ធ្វើ​ប្រហុក​ហូប​ជា​រៀងរាល់ឆ្នាំ​។ ហើយ​ទន្លេសាប​ដែលជា​អាយុជីវិត​ប្រជាជន​កម្ពុជា អាស្រ័យ​ដោយ​ទឹកទន្លេ​មេគង្គ ដូច្នេះ​អ្វីដែល​ប៉ះពាល់​ដល់​ទឹកទន្លេ​មេគង្គ ប៉ះពាល់​ដល់​ទឹក​ទន្លេសាប​ប៉ះពាល់​ដល់​ធនធាន​ត្រី ប៉ះពាល់​ដល់​អាយុជីវិត​កម្ពុជា​៕​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ស្នើ​ឲ្យ​ឡាវ សិក្សា​ពី​ការប៉ះពាល់​នៃ​ការសាងសង់​​ទំនប់​វា​រី​អគ្គិសនី ដង​សា​ហុង​
លោក ហោ ណាំហុង ជួប​លោក Somsavat Lengsavad ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច នៃ​ប្រទេស​ឡាវ នាព្រឹកថ្ងៃទី៦តុលានេះ