អូស្ត្រាលី ផ្តល់ជំនួយបន្ថែមជាង ៣ លានដុល្លារអូស្ត្រាលី ដល់សាលាក្តីខ្មែរក្រហម

ភ្នំពេញ: សាលាក្តីខ្មែរក្រហម បានប្រកាសនៅថ្ងៃទី៦តុលានេះថា រដ្ឋាភិបាលអូស្ត្រាលី បាន​សន្យាផ្តល់ជំនួយថវិកាថ្មី ចំនួន ៣.២៥០.០០០ ដុល្លារអូស្ត្រាលី ស្មើប្រមាណ ២.៣១១.០១០ ដុល្លារអាមេរិក ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា អវតក ឬសាលាក្តីខ្មែរក្រហម។ ជាមួយនឹងជំនួយថ្មីនេះ រដ្ឋាភិបាល​អូស្ត្រាលី បានផ្តល់ថវិកាសរុបជាង ២៩ លានដុល្លារអូស្ត្រាលី ស្មើប្រមាណ ២០.៦២១.៣២០ ដុល្លារអាមេរិក។

សេចក្តីប្រកាសចុះថ្ងៃទី៦តុលានេះ បង្ហាញថា អូស្ត្រាលី ជាប្រទេសម្ចាស់ជំនួយធំទី២ របស់សាលាក្តីខ្មែរក្រហម អវតក ដែលបានគាំទ្រតុលាការនេះ ចាប់តាំងពីការចាប់ផ្តើមដំណើរការមក។

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីចម្រុះកាត់ទោសអតីតមេខ្មែរក្រហម ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ បង្ហាញថា លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃអវតក បានមាន​ប្រសាសន៍​ថា "ក្នុងនាម អវតក យើងខ្ញុំសូមសម្តែងនូវកតវេទិកាគុណ​ចំពោះការ​បន្តការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី។ វិភាគទានថ្មីនេះ នឹងជួយអវតក ឈាន​ទៅបញ្ចប់យុត្តាធិការរបស់ខ្លួនតាមកាលកំណត់"។

សូមរម្លឹកថា ចាប់តាំងពីដំណើរការ នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៤ សាលាក្តី​ខ្មែរក្រហម បានចំណាយថវិកា សរុបចំនួន ២០៤,៩ លានដុល្លារ ក្នុងនោះ ភាគីជាតិ​ចំណាយអស់ជាង ៥៤ លានដុល្លារ ហើយភាគីអន្តរជាតិ ចំណាយអស់ជាង ១៥៤ លានដុល្លារ៕