ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​បញ្ហា​តម្លៃ​ជ័រ​កៅស៊ូ​កាន់​តែ​ចុះ​ថោក

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ ព្រួយ​បារម្ភ​ចំពោះ​ការ​ជំពាក់​បំណុល​ធនាគារ។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​តម្លៃ​ផលិតផល​ជ័រ​កៅស៊ូ​របស់​ពួក​គាត់ កាន់​តែ​ធ្លាក់​ថ្លៃ​ទៅៗ ហើយ​ដើម​ទុន​ដែល​ចំណាយ​លើ​ដំណាំ​មួយ​នេះ ភាគ​ច្រើន​ពលរដ្ឋ​បាន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​តម្លៃ​កៅស៊ូ​ចុះ​ថោក?

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ មិន​បាន​ដឹង​ច្បាស់​ទេ​ថា ហេតុ​អ្វី​បាន​ជា​តម្លៃ​ជ័រ​កៅស៊ូ​នា​ពេល​បច្ចុប្បន្ន កាន់​តែ​ធ្លាក់​ចុះ ប៉ុន្តែ​ពួក​គាត់​យល់​ថា អាច​បណ្ដាល​មក​ពី​ប្រទេស​កម្ពុជា មាន​ទីផ្សារ​ចង្អៀត ពោល​គឺ​ជ័រ​កៅស៊ូ​របស់​ពលរដ្ឋ​លក់​ឲ្យ​ទីផ្សារ​វៀតណាម តែ​មួយ។

ពលរដ្ឋ​នៅ​ឃុំ​ដា ស្រុក​មេមត់ លោក ម៉ៅ គង់ ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ តម្លៃ​ជ័រ​កៅស៊ូ​កាន់​តែ​ចុះ​ថោក​ទៅៗ។ លោក​ថា កាល​ពី​ឆ្នាំ​មុនៗ ពលរដ្ឋ​អាច​លក់​ជ័រ​កៅស៊ូ​ចន្លោះ​ពី ៥.០០០​រៀល​ទៅ ៨.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ប៉ុន្តែ​ឆ្នាំ​២០១៥ នេះ​វិញ គឺ​ធ្លាក់​តម្លៃ​មក​នៅ​ត្រឹម ១.៦០០​រៀល ទៅ ១.៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​សម្រាប់​ជ័រ​ថ្មីៗ៖ «អូ! បង​ឥឡូវ​ហ្នឹង ខ្ញុំ​ចង់​តែ​វ័ណ្ឌ​ក ហើយ​កាល​ពី​នៅ​មុន​ជ័រ​ថ្លៃ ដល់​ពេល​យក​លុយ​គេ ត្រូវ​បង់​លុយ​គេ​មិន​គ្រប់​ផង»

ដំណាំ​កៅស៊ូ​ជា​ដំណាំ​ប្រើ​រយៈពេល​វែង ដោយ​កសិករ​ត្រូវ​ចំណាយ​ពេល​ដាំ​ពី ៦​ឆ្នាំ​ទៅ ៨​ឆ្នាំ ទើប​ទទួល​ផល​បាន។ ដោយឡែក​ក្នុង​រយៈពេល​កៅស៊ូ​មិន​ទាន់​ឲ្យ​ផល កសិករ​ត្រូវ​មើល​ថែ​ទាំ​កូន​កៅស៊ូ និង​ដី​ឲ្យ​ស្អាត​គ្រប់​ពេល ប៉ុន្តែ​កសិករ​ខ្លះ​ឆ្លៀត​ដាំ​ដំណាំ​ផ្សេងៗ​តាម​ជួរ​ដើម​កៅស៊ូ។ ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ដាំ​កៅស៊ូ ហើយ​ស្រប​ពេល​តម្លៃ​ជ័រ​កៅស៊ូ​ចុះ​ថោក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។

ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ឈឹម សុគន្ធ ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ចម្ការ​កៅស៊ូ​ប្រមាណ ៨​ហិកតារ ហើយ​នៅ​ពេល​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន រួម​ទាំង​អ្នកស្រី​ផង សម្រេច​កាប់​ដើម​កៅស៊ូ​ចោល​ខ្លះ ព្រោះ​មិន​អាច​ទប់ទល់​ការ​ចំណាយ​បាន ម្យ៉ាង​ដើម្បី​យក​ដី​ទៅ​ដាំ​ដំឡូង ឬ​ម្រេច​វិញ គ្រាន់​ស្ដារ​ដើម​បាន​ខ្លះ និង​ត្រូវ​ការ​ប្រាក់​សង​ទៅ​ធនាគារ​ផង៖ «ចម្ការ​ច្រើន​ណាស់​បង​អើយ! ហើយ​ឥឡូវ​នេះ​ពិបាក​ដល់​ហើយ កៅស៊ូ​ចុះ​ថោក។ អ៊ីចឹង​ខ្ញុំ​និយាយ​មិន​ចេញ​ហ្មង​ហ្នឹង។ ជំពាក់​ធនាគារ​ផង​អី​ផង»

មិន​ខុស​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ លោក ម៉ៅ មេន មាន​ប្រសាសន៍​ថា តម្លៃ​ជ័រ​កៅស៊ូ​ធ្លាក់​ចុះ អាច​ដោយសារ​តែ​កសិករ​មាន​ទីផ្សារ​តែ​ប្រទេស​វៀតណាម មួយ។ លោក​បន្ត​ថា ប្រសិន​បើ​ប្រទេស​កម្ពុជា មាន​រោងចក្រ​កែច្នៃ ឬ​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន គឺ​អាច​ធ្វើ​ឲ្យ​កសិករ​មាន​ជីវភាព​ប្រសើរ ព្រោះ​ជ័រ​កៅស៊ូ​អាច​មាន​តម្លៃ​ខ្ពស់៖ «កាល​ពី​មុន តម្លៃ​ជ័រ គឺ​សមរម្យ​ដែរ ដល់​ឥឡូវ​មក​ឆ្នាំ​ហ្នឹង ជ័រ​វា​ចុះ​ថ្លៃ​មែន​ទែន ធ្លាក់​ថ្លៃ​ជាង​ពាក់​កណ្ដាល។ អ៊ីចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ចិត្ត»

លោក​បន្ថែម​ទៀត​ថា ស្រប​ពេល​កៅស៊ូ​ធ្លាក់​ថ្លៃ តម្លៃ​ជួល​កម្មករ​ក៏​ឡើង ហើយ​តម្លៃ​ទំនិញ​ទីផ្សារ​ឡើង​គ្មាន​ឈប់​ឈរ រហូត​ធ្វើ​ឲ្យ​កសិករ​ខ្លះ​រក​តែ​ប្រាក់​ជួល​កម្មករ​មិន​បាន និង​ខ្លះ​សម្រេច​ទុក​ដើម​កៅស៊ូ​ចោល​តែ​ម្តង។

ចម្ការ​កៅស៊ូ ៦២០
ចម្ការ​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ RFA/Saut Sokprathna

ជាមួយ​គ្នា​នេះ ឈ្មួញ​ទិញ​ជ័រ​កៅស៊ូ​នៅ​ស្រុក​តំបែរ សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា លោក​មិន​បាន​ដឹង​ថា គេ​ទិញ​ជ័រ​ពី​មុន​តម្លៃ​យ៉ាង​ណា​ទេ? ព្រោះ​លោក​ទើប​តែ​ទិញ​ឆ្នាំ​នេះ ប៉ុន្តែ​លោក​ថា តម្លៃ​ជ័រ​បច្ចុប្បន្ន គឺ​ធ្វើ​ឲ្យ​កសិករ​ជាច្រើន ត្អូញត្អែរ​ជា​ខ្លាំង។ លោក​ថា ពេល​យក​ជ័រ​កៅស៊ូ​ទៅ​លក់​ឲ្យ​វៀតណាម គឺ​ឮ​ជនជាតិ​វៀតណាម និយាយ​ថា ការ​ធ្លាក់​ថ្លៃ​នោះ​ដោយសារ​តែ​តម្លៃ និង​តម្រូវ​ការ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ។ ដូច​នេះ​លោក​យល់​ថា ជ័រ​កៅស៊ូ​ធ្លាក់​ថ្លៃ​ពេល​នេះ មិន​មែន​ព្រោះ​តែ​វៀតណាម ជា​អ្នក​កំណត់​ឡើយ៖ «ខ្ញុំ​មិន​ដឹង​ដែរ ប៉ុន្តែ​កាល​ខ្ញុំ​យក​ទៅ​យួន យួន​ថា​គេ​ត្រូវ​យក​ទៅ​ឥណ្ឌា ហើយ​យក​ទៅ​ចិន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ដើម​ឆ្នាំ​២០១៥ សមាជិក​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ជូន​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​រក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជា​កសិករ​នៅ​ជួប​បញ្ហា​នេះ​ដដែល។

បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ តុលា ថា ចំនួន​នាំ​ចេញ គឺ​ខាង​ក្រសួង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ព្រោះ​គេ​មិន​ទាន់​បូក​សរុប​របាយការណ៍ ៩​ខែ​ដើម​ឆ្នាំ​២០១៥។ ចំណែក​ការ​ធ្លាក់​ថ្លៃ​វិញ លោក កែន រដ្ឋា ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ដោយ​លោក​ប្រាប់​ថា មាន​មន្ត្រី​ជំនាញ​ផ្សេង​ទៀត​កាន់​ផ្នែក​នេះ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា អាច​ពាក់ព័ន្ធ​ទីផ្សារ​ក្រៅ​ប្រទេស ឬ​តម្រូវ​ការ​អន្តរជាតិ​ប្រែប្រួល។

ទាក់ទិន​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​អង្គការ​សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា បញ្ហា​ធ្លាក់​ថ្លៃ គឺ​ពិត​ពាក់ព័ន្ធ​នឹង​ទីផ្សារ​អន្តរជាតិ​មែន ព្រោះ​ប្រទេស​កម្ពុជា មិន​មាន​រោងចក្រ​កែច្នៃ​ដោយ​ខ្លួន​ឯង ពោល​គឺ​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ស្ទើរ​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ លោក​ថា សូម្បី​តែ​កសិករ​ប្រទេស​ថៃ ក៏​ជួប​បញ្ហា​ដូច​កសិករ​ខ្មែរ​ដែរ។ លោក​បន្ត​ថា តម្លៃ​ដំណាំ​កសិឧស្សាហកម្ម​ចុះ​ថោក គឺ​ពិត​ជា​ប៉ះពាល់​ដល់​ប្រជា​កសិករ៖ «វា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ដោយ​ជជែក​គ្នា។ ឧទាហរណ៍ ក្នុង​ចំណោម​អ្នក​ដាំ​ជាទូទៅ​ត្រូវ​មាន​ក្រុម ឬ​សមាគម ដើម្បី​អាច​ជជែក​គ្នា​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល»

មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ដដែល លោក យ៉ង សាំងកុមារ បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​សិក្សា និង​ប្រមូល​ព័ត៌មាន​ពី​កសិករ​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​មាន​កសិករ​ប៉ុន្មាន​គ្រួសារ ដែល​ដាំ​ដំណាំ​នេះ ហើយ​ប៉ុន្មាន​គ្រួសារ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ និង​មធ្យម? ចុង​ក្រោយ រដ្ឋាភិបាល​មាន​តួនាទី​ដោះស្រាយ​នូវ​ផល​ប៉ះពាល់​ទាំង​នោះ​ទៅ​តាម​ភាព​ជាក់ស្តែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។