​វាយខ្នោះជន​សង្ស័យ​​ពាក់ព័ន្ធ​គ្រឿង​ញៀន​​២នាក់​​ទៀត​ហើយ​ ​នៅ​ក្រុង​កំពត​

ខេត្តកំពត ​៖ ​ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័​ន្ទមៈធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត ​និងដោយ​​មាន​ការ​សហការ​ជាមួយ លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​​អម​សាលា​ដំបូង​ខេត្ត ​កម្លាំង​​នគរបាល​ការិយាល័យ​​កណ្តាល​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ខេត្ត​ ដឹកនាំដោយ​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ធ្ងន់​​​ខេត្ត​ បាន​ចុះ​បង្ក្រាប​ទីតាំងជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ​​នៅ​ចំណុច​ខាងក្រោយ​សាលារៀន​ចិន ​កាលពី​វេលា​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ​តុលា​ ២០១៥ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ​។​

​ក្នុង​ប្រតិបត្តិការ​ខាង​លើ​នេះ ​សមត្ថកិច្ច​​​ឃាត់ខ្លួន​ជនសង្ស័យបាន​២​នាក់​ ​​និង​ដក​ហូត​​វត្ថុ​តាង មាន​ ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១១​កញ្ចប់​តូច ថង់​​​​​ច្រក​ថ្នាំ​ញៀន​​មួយ​ចំនួន
ទូរ​ស័ព្ទដៃ​៤​គ្រឿង​ និង​ប្រាក់​រៀល​​​១៩៥.០០០​រៀល​ ។

ជនសង្ស័យ​​ទាំង​២នាក់​ខាង​លើនេះ ​​ម្នាក់​ឈ្មោះ​​ សេង វណ្ណ​ណូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ​និង​ម្នាក់​ទៀត​ ​ឈ្មោះ យិន លី​ឈាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ​។

ជន​ស​ង្ស័យ​ទាំង​ពីរ​នាក់​ រួម​នឹង​​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕