​បង្ក្រាប​គ្រឿងញៀនក្នុង​ឱកាស​កាន់​​បិណ្ឌ​​ឃាត់ខ្លួន​ជនសង្ស័យ​​​​៤​នាក់​ និង​ម៉ា​ទឹក​កក៧ថង់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្នុង​ឱកាស​កាន់បិណ្ឌ​នេះ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀនបាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀនចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដោយ​ឡែក​ពី​គ្នា ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ ។

លោក​វរសេនីយ៍ទោ​ធិ​ន ស៊ី​ន​ដេ​ត នាយការិយាល័យនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និងក្រោម​​ការ​ណែនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការ​រងជា​ប្រធាន​ការិយាល័យកណ្តាល​ប្រឆាំង​បទល្មើស ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ផា​ន់ វណ្ណ​រ័​ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​នៅ​វេលា​ម៉ោង​៣​ និង​១៥​នាទីរសៀល ​ថ្ងៃ​ទី​០៥​ តុលា​ ២០១៥ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀនបាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ​​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​២​កន្លែង​ដោយឡែក​ពី​គ្នា ។

ដំបូង​គឺ​បាន​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ឈ្មោះ​អៀង សុ​វ​ណ្ណា ( ហៅ​ឆែប​) ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ម៉ា​ទឹកកក​) ចំនួន​៣​កូន​ថង់​តូច រួច​ក៏​បាន​បន្ត​ទៅ​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ស៊ិ​ន បារាំង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ នៅ​ភូមិអណ្តូង​ថ្លុ​ង ឃុំ​គំរូ ស្រុក​ថ្មពួក ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ចំនួន​៤​កូន​ថង់ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​,​ ម៉ូតូ​១​គ្រឿង​​ និង​​ឃាត់ខ្លួន​មុខសញ្ញា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ទៀត សរុប​ទាំង​អ្នក​ប្រើប្រាស់​ និង​ជួញដូរចំនួន​៤​នាក់ ថ្នាំ​ញៀន​ចំនួន​៧​កូន​ថង់​៕

    ​​