​ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ម្នាក់​រត់​ពន្ធ​ឆ្អឹងសំណាក​សត្វ​ព្រៃ​ឆ្លង​ទ្វីប​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បាន​​ឃាត់ខ្លួន​​​ជនជាតិ​វៀតណាមម្នាក់ ពាក់​ព័ន្ធ​ករណី​លួច​ដឹកជញ្ជូន​សំណាកសត្វព្រៃ​ដ៏​កម្រ​​​ឆ្លង​ដែន​ខុសច្បាប់​ កាល​ពីវេលា​ម៉ោង១១ ​និង​១៥​នាទីយប់​ ថ្ងៃ​ទី​០៤​ តុលា ​២០១៥ ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​។

លោក គង់ សុខ​ផល្លា​គុណ ប្រធាន​ការិយាល័យត្រួតពិនិត្យ​គយ​នៃ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី០៦ ​តុលា​នេះ​ថា ​ជនសង្ស័យ​មានឈ្មោះ​ Vu le thuy​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ ជនជាតិ​វៀតណាម ​បាន​ដឹក​ឆ្អឹង​សត្វព្រៃ​តាម​ជើង​យន្តហោះ​លេខ​OZ.737(​អី​ន ជន​.​សៀមរាប​)​ ដោយ​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២​​ តុលា​ពី​ប្រទេសអង់កូ​ឡា​នៃ​ទ្វីបអាហ្វ្រិក ឆ្លង​ចូល​ប្រទេស​អេ​ចូ​ពី រួច​ចូល​ប្រទេស​កូរ៉េ​ និង​បន្តដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទីយប់ ​ថ្ងៃ​ទី​០៤​ តុលា ហើយ​ត្រូវ​សមត្ថ​កិច្ច​​ឆែកឆេរ​ និង​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​ និង​១៥​នាទីយប់ ក្នុង​នោះ​មាន​​វ៉ា​លី​ចំនួន​២​ទម្ងន់​៥២​គីឡូក្រាម ចំណែក​ទម្ងន់​វត្ថុ​តាងទម្ងន់​៤៥.៦​គីឡូក្រាម ដែល​មានកំណាត់​ភ្លុក​ដំរី ចំនួន​១៥​ដុំ ទម្ងន់​៤៣​គីឡូក្រាម ចុងកន្ទុយ​ដំរី​ក្រៀម​ចំនួន​១១​កន្ទុយ ទម្ងន់​១.៩គីឡូក្រាម ច​ង្គូ​ម​ខ្លា​ និង​ក្រញាំ​ខ្លា​ចំនួន​០.២​គីឡូក្រាម​។​

លោក​បន្ត​ថា តាម​ការ​សួរ​ចម្លើយជនសង្ស័យ​បាន​សារភាព​ថា នៅ​ប្រទេស​អាហ្វ្រិក​មិន​មានទោស​នោះ​ទេ ទើប​គាត់​ទិញ​នាំ​មក​លក់​តែ​ម្តង ជនសង្ស័យ​បាន​បញ្ជាក់​ថា ខ្លួន​គេ​ជា​អ្នក​កាន់​អី​វ៉ា​ន់​ឲ្យ​គេ​ទេ​។ លោក​បន្ថែម​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕
       ​