អ្នក​បើក​យន្តហោះ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​ពេល​កំពុង​បញ្ជា​យន្តហោះ

ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក AMERICAN AIRLINES(A-A) រាយការណ៍​ថា អ្នក​បើក​យន្តហោះ​ម្នាក់​ដែល​បើក​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​ពី​ទីក្រុង PHOENIX ទៅ​កាន់​ក្រុង​បូ​ស្តុ​ន បាន​ស្លាប់់​ពេល​កំពុង​បញ្ជា​យន្តហោះ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៤ មក​ទី​៥ តុលា ។ ទោះបី​បែប​នេះ​សហ​អ្នក​បើក​អាច​បញ្ជា​យន្តហោះ​ជំនួស​ចុះ​ចត​ជា​ធម្មតា។

ហោះ​ចេញពី​ទីក្រុង PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​និរតី​សហរដ្ឋអាមេរិក​ជាមួយ​អ្នកដំណើរ​១៤៧​នាក់ និង​សមាជិក​ក្រុម​យានិក​៥​នាក់ យន្តហោះ​ធុន AIRBUS A320 បាន​ហោះ​ងាក​ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្តហោះ SYRACUSE រដ្ឋ​ញូ​វ​យ៉​ក ព្រោះ​អ្នក​បើក​មាន​បញ្ហា​សុខភាព​ហើយ​រូបគេ​បាន​ស្លាប់ ។

ទោះបី​យ៉ាងណា​ក្រុមហ៊ុន​អាកាសចរណ៍​AA បាន​បដិសេធ​មិន​លាតត្រដាង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​បើក​យន្តហោះ​រូប​នេះ​ឡើយ ។ ដោយសារ​សហ​អ្នក​បើក​យន្ត​ហោះ​អាច​ចុះ​ចត​ដោយ​ធម្មតា​នៅ​ព្រ​លាន​យន្តហោះ SYRACUSE   នា​វេលា​ម៉ោង​៧​និង​១៣​នាទី​ម៉ោង​ក្នុងស្រុក ។  នា​វេលា​ម៉ោង​៨​យន្តហោះ​នោះ​បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​នោះ​ឆ្ពោះទៅ​កាន់​គោលដៅ​គឺ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ា​សាជូ​សេត ។ នេះ​ពុំ​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​កើត​មាន​សោកនាដកម្ម​បែប​នេះ ។ កាលពី​ឆ្នាំ​២០០៩ អ្នក​បើក​យន្តហោះ​មួយ​ដែល​ហោះ​រវាង​ទីក្រុង​ព្រុ​ច​សែ​ល និង​ញូ​វ​យ៉​ក ក៏​ស្លាប់​ពេល​កំពុង​បើក​ដែរ ប្រហែល​មក​ពី​បញ្ហា​សុខភាព​ជា​ធម្មជាតិ ៕