បណ្តា​ពួក​ឧទ្ទាម​ស៊ី​រី​ចង់​បង្កើត​សម្ព័ន្ធភាព​មួយ​ប្រឆាំង​អន្តរាគមន៍​យោធា​រុ​ស្ស៊ី

យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ តុលា ថា ក្រុម​ឧទ្ទាម​ស៊ី​រី​ជា​ច្រើន​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​ឱ្យ​បង្កើត​សម្ព័ន្ធភាព​មួយ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​រុ​ស្ស៊ី ។

ក្នុង​សេចក្តី​ប្រកាស​នេះ ពួក​ឧទ្ទាម​ដល់​ទៅ​យ៉ាងតិច​៤១​ក្រុម ក្នុង​នោះ​មាន​ចលនា​ដែល​ខ្លាំង AHRAR AL CHAM  ផង ចាត់​ទុក​អន្តរាគមន៍​យោធា​រុ​ស្ស៊ី​ថា ជា​ការ​កាន់កាប់ ហើយ​បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​ឱ្យ​បង្កើត​ក្រុមចម្រុះ​មួយ​ដែរ ដែល​អាច​ប្រឈម​មុខ​នឹង​ក្រុម​ដែល​នាំមុខ​ដោយ​រុ​ស្ស៊ី ដែល​រួម​មាន​អីុរ៉​ង់ អីុ​រ៉ា​ក់ និង​ស៊ី​រី​ផង​ដែរ ។

សេចក្តី​ប្រកាស​នេះ​បង្ហាញ​ពី​ប្រតិកម្ម​របស់​បណ្តា​ក្រុម​ឧទ្ទាម ដែល​ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ។ កង​យន្តហោះ​រុ​ស្ស៊ី​ចាប់ផ្តើម​វាយប្រហារ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក ។ នេះ​ជា​យុទ្ធនាការ​វាយប្រហារ​ដំបូង​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី ប្រឆាំង​បណ្តា​ក្រុម​ភេរវកម្ម ។

ក្រុង​ដា​ម៉ាស់​អះអាង​ថា បាន​ស្នើការ​ជួយ​ទ្រទ្រង់​ខាង​យោធា​ពី​រុ​ស្ស៊ី ដោយ​បញ្ជាក់​ថា កងកម្លាំង​អាកាសចរណ៍​រុ​ស្ស៊ី​បាន​ធ្វើ​អន្តរាគមន៍​តាម​សំណើ​របស់​លោក​ប្រធានាធិបតី​បា​ចា អាល់​អាសា​ដ ។

បណ្តា​ស្ថាប័ន​ដឹកនាំ​រុ​ស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​បាន​យល់ព្រម​ឱ្យ​មាន​ជំនួយ​យោធា​រុ​ស្ស៊ី​ដល់​កងទ័ព​ស៊ី​រី ។ បណ្តា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​គូសបញ្ជាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា ក្រុង​មូ​ស្គូ​នឹង​បន្ត​ផ្តល់​ជំនួយ​យោធា​ពិសេស​តាម​រយៈ​បណ្តា​អ្នកឯកទេស​ដល់​ក្រុង​ដា​ម៉ាស់ ។

ទូរទស្សន៍​អា​រ៉ាប់ AL MAYADEEN រាយការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​សំដៅលើ​ទីតាំង​ជា​ច្រើន​របស់​បណ្តា​ក្រុម​ជី​ហា​ដ​នៅ​ទូ​ទាំង​ប្រទេស ។ ទូរទស្សន៍​នេះ​រៀបរាប់​ថា ការ​ផ្ទុះ​ខ្លាំង​ៗ​ស្តាប់​ឮ​ពេល​កង​យន្តហោះ​រុ​ស្ស៊ី​វាយប្រហារ​លើ​បណ្តា​ទីតាំង​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី នៅ​ក្រុង KAFI HALAH និង​លើ​មូលដ្ឋាន​៤៦ ក្នុង​ខេត្ត​អា​ឡែ​ប ។ កង​យន្តហោះ​រុ​ស្ស៊ី​ក៏​វាយប្រហារ​ដែរ​លើ​បណ្តា​ទីតាំង​របស់​ក្រុម​ឧទ្ទាម JAISH AL FATAH នៅ​ជិត​មូលដ្ឋាន​អាកាសចរណ៍ KOERSE ដែល​ពួក​ឧទ្ទាម​ឡោម​ព័ទ្ធ​ចាប់តាំងពី​យូរ​មក​ហើយ ។ ម្យ៉ាងទៀត កង​យន្តហោះ​រុ​ស្ស៊ី​វាយប្រហារ​លើ​បណ្តា​ទីតាំង​របស់​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្បែរ​ក្រុង AL QARYATAIN  និង​ក្រុង JABAL BATRA ក្នុង​ខេត្ត HOMS ភាគ​កណ្តាល​ប្រទេស ព្រមទាំង​លើ​បណ្តា​តំបន់​ស្ថិត​នៅ​ជម្រាលភ្នំ​ខាងកើត នៃ​ជួរ​ភ្នំ QALAMOUN នា​ភាគ​ខាងជើង​ក្រុង​ដា​ម៉ាស់ និង​ជិត​ប្រទេស​លី​បង់ ។

ចំណែក​ប្រទេស​តួ​ក​គី និង​អង្គការ​អូតង់​កាលពី​ថ្ងៃ​ទី​៥ តុលា បាន​បន្តឹង​សំឡេង​ប្រឆាំង​រុ​ស្ស៊ី ដោយ​ព្រមាន​ប្រឆាំង​ការ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី ហើយ​ស្នើ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស ដែល​ពួក​គេ​ថា សំដៅលើ​ជន​ស៊ី​វិល ។

ពេល​សង្គ្រាម​កាន់តែ​រីក​ដាល ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រួតត្រា​ដែនដី​ស៊ី​រី​ពាក់កណ្តាល​បាន​បន្ត​យុទ្ធនាការ​កម្ទេច​ចោល​ទីតាំង​បុរាណ​នៅ​ក្រុង PALMYRE ដោយ​បំផ្លាញ​ខ្ទេច​គ្មាន​សល់​ប្រាសាទ ARC DE TRIOMPHE ល្បីល្បាញ​នៅ​ទីនោះ ។

ប្រទេស​តួ​ក​គី​ប្រកាស​ថា បណ្តា​យន្តហោះ​ធុន F-16 របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ តុលា បាន​ចេញ​ស្ទាក់​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​១​គ្រឿង​បង្ខំ​ឱ្យ​បក​ក្រោយ​វិញ និង​ថា យន្តហោះ​ប្រដេញ​តួ​ក​គី​២​គ្រឿង​រង​ការ​គំរាម​កាលពី​ថ្ងៃ​ទី​៤ តុលា ពេល​កំពុង​ហោះហើរ​ល្បាត​ដោយ​យន្តហោះ​ធុន MIG-29 មួយ​គ្រឿង ពុំ​ដឹង​អត្តសញ្ញាណ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ពន្យល់​ថា យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ចូល​ក្នុង​ដែនអាកាស​តួ​ក​គី ដោយសារ​ធាតុអាកាស​អាក្រក់ ហើយ​បដិសេធ​រាល់​ការ​ទាក់ទិន​នឹង​ការ​គំរាម​បណ្តា​យន្តហោះ
តួ​ក​គី ដោយ​អះអាង​ថា បណ្តា​យន្តហោះ​ធុន MIG-29 ពុំ​មាន​ប្រើ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​ឡើយ ។

រួម​ប្រជុំ​បន្ទាន់​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​ទាំង​២៨​ជា​សមាជិក​អូតង់ រួម​មាន​ប្រទេស​តួ​ក​គី​ដែរ ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ ចាត់​ទុក​ការ​លុកលុយ​ដែនអាកាស​តួ​ក​គី​របស់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ថា ជា​រឿង​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​ដោយ​បរិហារ​ថា នោះ​ជា​ឥរិយាបថ​គ្មាន​ការ​ទទួលខុសត្រូវ ៕