អីុ​ស្រា​អែ​ល​ចាត់វិធានការ​ថ្មី​ៗ​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​នៅ​ហ្សេ​រុយ​សា​ឡឹម និង​ស៊ី​ស​ហ្ស៊​ក​ដា​នី

រដ្ឋាភិបាល​អីុ​ស្រា​អែ​ល​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៥ តុលា ពី​ការ​ពង្រឹង​វិធានការ​សន្តិសុខ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​បណ្តាល​ឱ្យ​ក្មេង​ជំទង់​ប៉ា​ឡេ​ស្ទី​ន​អាយុ​១៣​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ជិត​បេ​ត្លេ​អេ​ម តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី​មក ។

ក្មេង​ប្រុស​នេះ​មក​ពី​ជំរំ​ភៀសខ្លួន AL AIDAH ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំ​ទ្រូង ។ កងទ័ព​អីុស្រា​អែ​ល​អះអាង​ថា ពុំ​បាន​ទទួល​ព័ត៌មាន​ណាមួយ​ពី​រឿង​នេះ ហើយ​និយាយ​ថា នឹង​ធ្វើការ​ត្រួតពិនិត្យ​ព័ត៌មាន​នោះ ។

ការ​ប៉ះទង្គិច​គ្នា​ឯទៀត​ៗ​រវាង​កងកម្លាំង​សន្តិសុខ​អីុ​ស្រា​អែ​ល និង​ពួក​បាតុករ​ប៉ា​ឡេ​ស្ទី​ន​ដែល​គប់​ដុំ​ថ្ម បណ្តាល​ឱ្យ​ពួក​ប៉ា​ឡេ​ស្ទី​ន​១៧០​នាក់​រង​របួស ។

ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​ធ្វើការ​វាយប្រហារ​ដោយ​កាំបិត​២​លើក ដោយ​១​លើក​សម្លាប់​បុរស​អីុ​ស្រា​អែ​ល​ម្នាក់​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ។ នៅ​ទីក្រុង​នោះ​ភាព​តានតឹង​មាន​កាន់តែ​ខ្លាំង​ដោយសារ​រឿង​លក្ខន្តិកៈ​នៃ ESPLANADE របស់​បណ្តា​ព្រះ​វិហារ​អ៊ិ​ស្លា​ម ។

កាលពី​ថ្ងៃ​ទី​២ តុលា កន្លង​មកនេះ ប្តី​ប្រពន្ធ​អីុ​ស្រា​អែ​ល​មួយគូ​ត្រូវ​បាញ់​សម្លាប់​នៅ​ជិត​តំបន់​និគមជន​ជ្វី​ហ្វ ITAMAR តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ។

នា​យប់​ថ្ងៃ​ទី​៥ តុលា នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ហើយ​ប្រកាស​ពី​វិធានការ​ថ្មី​ៗ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ ។ លោក​ប្រកាស​ថា កង​ទាហាន​ចំនួន​៤​កងវរសេនាតូច​ទៀត​នឹង​ដាក់​ពង្រាយ​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ហើយ​ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​បញ្ជូន​មក​បន្ថែម​កម្លាំង​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ យើង​នឹង​កម្ទេច​ចោលផ្ទះ​របស់​ពួក​ភេរវ​ករ ហើយ​យើង​អនុញ្ញាត​ឱ្យ​កងកម្លាំង​យើង​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​ពួក​អ្នក​គប់​ដុំ​ថ្ម និង​គប់​ដប​សាំង​ដុត ៕