Rojo ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​​ពី​ក្រុម​ជម្រើស​អាហ្សង់ទីន

កីឡាករ Marcos Rojo ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​គ្រូបង្វឹក​លោក Gerardo Martino បានទទួល​យក​ថា មិនចាំបាច់​សម្រាប់​កីឡាក​រូបនេះ​ត្រលប់មក​ផ្ទះ​វិញ​ទេ ដោយសារ​រូបគេ​កំពុងមាន​បញ្ហា​របួស​ស​រ​សៃ​ពួរ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ។

Marcos

Rojo ត្រូវបាន​សម្រាក​បាល​ព្យាបាល ក្រោយ​ទទួលរង​របួស​ក្នុងអំឡុងពេល​ប្រកួត​ឈ្នះ​លើ​ក្លិប Southampton ៣-២ កាលពី​ថ្ងៃទី២០ ខែកញ្ញា។

ទោះបី Rojo មាន​បញ្ហា​របួស​​ត្រូវការ​ឈប់សម្រាក​ព្យាបាល​យ៉ាងហោចណាស់ ៣ សប្តាហ៍ ក៏​កីឡាករ​នេះ​កាលពី​ខែ​មុន ត្រូវបាន​ក្រុម​កោះហៅ​ឲ្យ​ចូលក្នុង​ក្រុម​ជម្រើសជាតិ ដោយ​លោក Martino ប៉ុន្តែ​កីឡាករ វ័យ ២៥ ឆ្នាំ​រូបនេះ​បានស្នើ​សុំ​វិញ​ទៅ សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីនថា មិនអាច​ចូល​រួម​​ក្រុម​បាន​ទេ។

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Luis van Gaal ក៏​បាន​ពន្យល់​ប្រាប់​លោក Gerardo Martino អំពី​បញ្ហា​របួស​របស់​ខ្សែ​ការពារ​រូប​នេះ​ផង​ដែរ​ថា ចាំ​បាច់​ត្រូវ​ការ​ពេល​ព្យាបាល​បន្ថែម។

អា​ហ្ស​ង់​ទីន​ត្រូវ​លេង​ជាមួយ អេ​ក្វា​ឌ័​រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ជួប ប៉ា​រ៉ា​ហ្គា​យ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ក្នុង​វគ្គ​ជម្រុះ World Cup។