អ្នកគ្រប់គ្រង ជំរុញឲ្យអត្តពលិកត្រូវប្រកួត MMA ថ្នាក់ជាត់ពង្រឹងការហ្វឹកហាត់

អ្នក​គ្រប់​គ្រងខាង​បច្ចេក​ទេស​នៃ​ការ​​ប្រកួតកីឡា​វាយ​ដាក់​ទ្រុង(MMA) ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៥ កំពុង​តែ​ស្វះ​ស្វែង​ជំរុញ​ឲ្យ​ក្លិប​នីមួយៗ ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​​ បង្កើន​ការ​ហ្វឹក​ហាត់ដល់​អត្ត​ពលិករបស់​ខ្លួន​​​ឲ្យ​បាន​ខ្លាំង ដើម្បី​ត្រៀម​ការ​ប្រកួត​នេះ។

លោក ធិន វិចិត្រ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាចំបាប់​កម្ពុជា និង​ជា​អ្នក​គ្រប់​គ្រង​ខាង​បច្ចេក​ទេស​នៃ​ការ​ប្រកួតកីឡា​វាយ​ដាក់​ទ្រុងជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិនេះ បាន​ចំណាយ​ពេល​ប្រហែល​២​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ Call ទៅ​​កាន់​អ្នក​គ្រប់​គ្រង ឬ​គ្រូ​បង្វឹក​នៃ​ក្លិប​-សមាគម​ទាំង​១៣ ដែល​បាន​ដាក់​ចូល​រួម​ ដោយ​​ប្រាប់​ឲ្យ​ក្លិប-សមាគម​នីមួយៗ ត្រូវ​​ពង្រឹង​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ការ​ប្រកួត​ MMA ដែល​គ្រោង​ធ្វើ​នៅ​ណាហ្គាវើល ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ខាង​មុខ​​នេះ អត់​មាន​ការ​លើក​ពេល​ទៀត​នោះ​ឡើយ។
1
លោក​​បាន​ពន្យល់​​ដល់​តំណាង​ក្លិប-សមាគម​ទាំង​នោះ​ថា៖​«សូម​លោក​គ្រូ ជួយ​ជំរុញ​ឲ្យ​​កីឡាករ​របស់​លោក​គ្រូ ដែល​នឹង​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រកួត​ MMA ថ្នាក់​ជាតិ នា​ពេល​ខាង​មុខ​នេះ បង្កើន​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ការ​ប្រកួត​នេះ​អត់​មានការ​លើក​ពេល​ទៀត​នោះ​ទេ ហើយ​មុន​ការ​ប្រកួត​ យើង​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​សាក​ល្បង​ប្រហែល​១សប្តាហ៍ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា តើ​អ្នក​បាន​ដាក់​ពាក្យ​ចូល​រួម​ទាំង​នោះ មាន​សមត្ថ​ភាពប្រកួត ដើម្បី​ដណ្តើម​យក​ប្រាក់​រង្វាន់​ដ៏​ច្រើន​ពី​ព្រឹត្តិការណ៍នេះ​បាន​ទេ»។

លោក​បាន​សង្កត់​ធ្ងន់​ថា៖​«​​យើង​មិន​ចង់​​ឃើញ អ្នក​មក​ប្រកួត​គ្រាន់​តែ​បង្រ្គប់​កិច្ច ដើម្បី​យក​ប្រាក់​តម្លៃ​ខ្លួន​នោះ​ទេ គឺ​យើង​ចង់ឲ្យ​​មាន​ការ​ប្រកួត​ដ៏​ពិត​ប្រាកដ​មួយ ដោយ​ឈ្នះ​ដឹង​ថា​ឈ្នះ ហើយ​ចាញ់​ឲ្យ​ដឹង​ថា​ចាញ់ ព្រោះ​​ក្នុង​មួយ​ប្រកួតៗ​អ្នក​ឈ្នះ​បាន​៣០០​ដុល្លារ និង​អ្នក​ចាញ់​បាន​២០០​ដុល្លារ ហើយ​អ្នក​ទទួល​ជ័យ​លាភី អាច​ទទួល​បាន​ប្រាក់​​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​ពី​ការ​ប្រកួត​នេះ»។ ​
2
គិត​មក​ដល់​ពេល​​នេះ ការ​​ប្រកួតកីឡា​វាយ​ដាក់​ទ្រុង(MMA) ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៥ ដែល​មាន​តែ​២​ប្រកួត​ទម្ងន់​គឺ​ទម្ងន់​៦៦​គ.ក្រ និង​៥៧​គ.ក្រ នោះ មានកីឡាករ​ដាក់​ពាក្យ​ចូល​រួម​ចំនួន២២​នាក់​ហើយ ដោយពួក​គេ​ប្រកួត​តំណាង​ឲ្យ​ក្លិប-សមាគម​​ចំនួន​១៣ គឺ​ប្រភេទ​ទម្ងន់​៦៦គីឡូ​ក្រាម​មាន​១០នាក់ និង​ទម្ងន់​៥៧​គ.ក្រ មាន​១២​នាក់។

ប៉ុន្តែ​លោក ធិន វិចិត្រ បាន​ប្រាប់​ថា ចំនួន​អ្នក​ចូល​រួម​ទាំង​នេះ អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ បន្ទាប់​ពី​ការ​ប្រកួត​សាក​ល្បង​បាន​បញ្ចប់ គឺ​អាច​នឹង​មាន​បន្ថែម​ឲ្យ​បាន​ច្រើន​ជាង​នេះ ឬ​ក៏​តិច​ជាង​នេះ បើ​សិន​ជា​ក្រោយ​ការ​ប្រកួត​សាក​ល្បងនោះឃើញ​ថា មាន​អ្នក​ខ្លះ​មិន​អាច​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​នោះ ខណៈការ​ប្រកួត​​ទាំង​២​ប្រភេទ​ទម្ងន់នេះ​​គឺត្រូវ​​ធ្វើ​តាម​រូប​មន្តវិល​ជុំ ដើម្បី​រក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៤​នាក់ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ៕