ធ្វើការ​អត់​បើក​ប្រាក់ខែ​ឱ្យ ទ្រាំ​លែង​បាន​យក​របាំង​បិទផ្លូវ

ខេត្តកំពត ៖ កម្មករ​ជំនាញ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នាក់ ដែល​ធ្វើការ​ឱ្យ​អ្នកម៉ៅការ​នៅ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ភ្នំ​ទទុង​ទូក​មាស កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា បាន​នាំ​គ្នា​ធ្វើ​របាំង​រាំងផ្លូវ មិន​ឱ្យ​រថយន្ត​មេការ​ជា​ជនជាតិ​ថៃ បើក​ចេញ​ក្រៅ​រោងចក្រ​ទ្បើ​យ ដើម្បី​ទាមទារ​បើក​ប្រាក់ខែ ដោយសារ​កម្មករ​ជា​ច្រើន​នាក់ បាន​ធ្វើការ​ច្រើន​ខែ​មក​ហើយ មិន​បាន​ទទួល​ប្រាក់ខែ​ពី​ក្រុមហ៊ុន ។

កម្មករ​ម្នាក់​ឈ្មោះ ឃឿ​ត ឃាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ខេត្តបាត់ដំបង បាន​និយាយ​ថា គាត់​បាន​នាំ​ទាំង​ប្រពន្ធ​កូន​តាំងពី​ខេត្តបាត់ដំបង​មក​ធ្វើ​ជា​កម្មករ​ក្រុមហ៊ុន​ទ្បុ​ង​រ៉ូ​ហ្វា ស៊ី​ម ដែល​ម៉ៅ​ការ​ពី​រោងចក្រ​ស៊ីម៉ង់ត៍ អស់​រយៈពេល​យូរ​ខែ​ហើយ​មិន​បើក​ប្រាក់ខែ​ឱ្យ​សោះ ។

កម្មករ​រូប​នេះ​បាន​និយាយ​ថា ការ​សន្យា​របស់​មេការ​ជា​ជនជាតិ​ថៃ​នេះ មាន​ច្រើន​ដង​មក​ហើយ​ថា នឹង​បើក​ប្រាក់ខែ​ឱ្យ រហូត​ដល់​ពេល​ចូល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​ហើយ ក៏​នៅ​តែ​មិន​បើក​ប្រាក់ខែ​តាម​សន្យា​ទៀត ទើប​ពួក​គាត់​លើកគ្នា​មក​តវ៉ា ដោយ​យក​រនាំង​បាំង​មិន​ឱ្យ​រថយន្ត​មេការ​ជនជាតិ​ថៃ បើក​ចេញ​ក្រៅ​បាន ។

ដោយសារ​តែ​មាន​ភាព​វឹកវរ​ខ្លាច​មាន​អំពើ​ហិង្សា​ផ្ទុះ​ចេញពី​កម្មករ ដែល​មាន​កំហឹង កម្លាំង​នគរបាល​ស្រុក​បន្ទាយមាស បាន​ចុះ​មក​ដល់​កន្លែង​ស្នាក់​នៅ​របស់​កម្មករ និង​បាន​ហៅ​តំណាង​ក្រុមហ៊ុន​នីមួយ​ៗ ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្នុង​នោះ​មាន​តំណាង​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ចំនួន​៦​នាក់ ។

មន្ត្រី​នគរបាល​បាន​សាកសួរ​តំណាង​ក្រុមហ៊ុន ប៉ុន្តែ​តំណាង​ក្រុមហ៊ុន បាន​និយាយ​ប្រាប់​នគរបាល​វិញ​ថា ពួក​គេ​គ្រាន់តែ​ជា​មេការ​ទេ ហើយ​អ្វី​ៗ​ស្រេច​លើ​ក្រុមហ៊ុន ។ ចំណែក​ខាង​ក្រុមហ៊ុន​និយាយ​ថា វេរ​លុយ​មិន​ទាន់៕