រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជំរុញ​ប្រជាពលរដ្ឋ ប្តឹងទៅ​អាជ្ញាធរ លើ​ករណី​មាន​ការលក់​ឱសថ​ក្លែងក្លាយ​

ភ្នំពេញ​: លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាស​ដោយ​បើកចំហ​ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ធ្វើការ​ប្តឹងទៅ​អាជ្ញាធរ​ដែល​នៅ​ជិត​ខ្លួន ប្រសិនបើ​រកឃើញថា មាន​អ្នកលក់​ថ្នាំពេទ្យ ឬ​ឱសថស្ថាន បានធ្វើការ​សកម្មភាព​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ និង​ចែកចាយ​ឱសថ​ក្លែង​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​ព្យាបាល​ជំងឺ​។​

​នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ក្លែងក្លាយ​ប្រមាណ​៣០​លាន​គ្រាប់ នៅ​សង្កាត់​ជើងឯក រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងថា កន្លែង​លក់​ឱសថ​មិនមែនជា​កន្លែង​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ​នោះទេ ពោលគឺ​មានតែ​គ្រូពេទ្យ​នោះទេ​ដែលមាន​សិទ្ធ​ចេញ​វេជ្ជបញ្ជា​ផ្សំ​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​ទៅ​ទិញ​ឱសថ​តាម​ឱសថដ្ឋាន​ដើម្បី​ព្យាបាល​ជំងឺ​។​

​លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើការ​ប្តឹងទៅ​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល ឬ​ប្តឹងទៅ​នគរបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ប្រសិនបើ​កន្លែង​លក់​ឱសថ​ធ្វើ​ការខុស​តួនាទី​នេះ​។ ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ប្តឹង​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុម​ពេទ្យ​លក់​ឱសថ​គ្មាន​សញ្ញាបត្រ ហើយ​មានចំណេះ​បន្តិចបន្តួច​បន្លំ​ខ្លួន​កេងចំណេញ​ផ្សំ​ថ្នាំ​ដោយ​គ្មាន​ភាពច្បាស់លាស់​។​

​លោក មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង​ផលិត​ក្លែងក្លាយ បាន​ថ្លែងថា នៅក្នុង​អំឡុង​ពេលនេះ ក្រុមការងារ​បាន​កំពុង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មានការ​យល់ដឹង​អំពី​ភាព​ប៉ះពាល់ នៃ​ផលិតផល​ក្លែងក្លាយ ពិសេស​ភាព​ប៉ះពាល​ឱសថ​ក្លែងក្លាយ ខណៈ​បច្ចុប្បន្ន​មាន​មាន​ពួកឧក្រិដ្ឋជន​បាន​កំពុង​យកមុខ​របរ​លក់​ផលិតផល​ក្លែងក្លាយ​នោះ​ចែកចាយ​លួចលាក់​នៅលើ​ផ្សារ​យ៉ាងសកម្ម​។​

​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ចាត់ទុកថា ជាទូទៅ​ប្រជាពលរដ្ឋ​ភាគច្រើន​គឺ​មិនបាន​យល់ដឹង​អំពី​ផលិតផល​ក្លែងក្លាយ​នោះទេ ហើយ​បញ្ហា​នោះ​វា​បានធ្វើ​ឲ្យ​មានការ​ខាតបង់​ប៉ះពាល់​ដល់​សុខភាព និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជាក់ថា ដាក់ទោស​ទណ្ឌ​ចំពោះ​ជនល្មើស​លក់​ចែកចាយ​ឱសថ​ក្លែងក្លាយ គឺ​នៅ​ភាព​តិចតួច ពោលគឺ​តាម​មាត្រា​១២​ថ្មី ច្បាប់​ស្តីពី​គ្រប់គ្រង​ឱសថ គឺ​ជនល្មើស​ត្រូវ​ជាប់ពន្ធនាគា​រ​ពី​៥​ទៅ​១០ ឆ្នាំ និង​មាន​ពិន័យ​ជា​ប្រាក់​ពី​២០​លាន​ទៅ​៥០​លាន​រៀល ហើយ​ច្បាប់​នោះ លោក​ក៏បាន​ស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​ធ្វើការ​ពិចារណា​ឡើងវិញ​៕