អភិបាល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ដី​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ

អភិបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ដែល​កន្លង​មក​ធ្លាប់​មាន​សកម្មភាព​កាប់​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​ពី​ជន​ខិលខូច​មួយ​ចំនួន។ ក្នុង​នោះ​ក៏​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​ទប់ស្កាត់ មិន​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​លើ​ទីតាំង​ដី​អនុក្រឹត្យ​រក្សា​ប្រភព​ទឹក​ស្អាត ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​ជា​ដាច់ខាត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជុំវិញ​បរិវេណ​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ មាន​ទីតាំង​ក្នុង​សង្កាត់១ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​បញ្ឈប់​កាប់​ព្រៃ​រាន​ដី​រដ្ឋ​ហាមឃាត់ សម្រាប់​រក្សា​ប្រភព​ទឹក​សាប​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ត​ទៅ​ទៀត។

លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​មន្ត្រីរាជការ ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ ទាំង​អស់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ដី​អនុក្រឹត្យ​លេខ ៧៦ ត្រូវ​ដក​ខ្លួន​ចេញ​ពី​បទល្មើស​នេះ ហើយ​ប្រគល់​ដី​ទាំង​នោះ​ជូន​រដ្ឋ​វិញ៖ «»។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ដី​អនុក្រឹត្យ​រក្សា​ប្រភព​ទឹក​ស្អាត​នេះ អាជ្ញាធរ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ការពារ​ឲ្យ​បានជា​ដាច់ខាត។ លោក​បន្ត​ថា ចំពោះ​ប្រជាពលរដ្ឋ​ខ្វះ​ដី​សង់​លំនៅឋាន​ពិត​ប្រាកដ ហើយ​មក​រាន​យក​ដី​សង់​ផ្ទះ​នៅ​ក្នុង​តំបន់​រដ្ឋ​ហាម​ឃាត់​នេះ អាជ្ញាធរ​ខេត្ត​មាន​គោលនយោបាយ​ផ្តល់​ដី​សង្គមកិច្ច​ជូន​ក្នុង​មួយ​គ្រួសារៗ មាន​ផ្ទៃដី​ចំនួន​កន្លះ​ហិកតារ មាន​ទីតាំង​នៅ​ស្រុក​ស្ទឹងហាវ ជំនួស​វិញ៖ «»។

បញ្ហា​នេះ​ដែរ លោក សុខ សកល មេ​បញ្ជាការ​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ដែល​មាន​ភារកិច្ច​ថែរក្សា និង​ឃ្លាំមើល​សកម្មភាព​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ ៧៦ បាន​អះអាង​ថា សព្វថ្ងៃ​នេះ​មិន​មាន​បទល្មើស​កាប់​ព្រៃ​រាន​យក​ដី អនុក្រឹត្យ​រក្សា​ប្រភព​ទឹកសាប​នេះ​ទៀត​ទេ។ លោក​បន្ត​ថា កម្លាំង​របស់​លោក​បាន​ដាក់​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឃ្លាំមើល​បទល្មើស​រាន​ដី​អនុក្រឹត្យ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ​ចំពោះ​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី គឺ​លោក យន្ត មីន ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ដី​អនុក្រឹត្យ​លេខ ៧៦ ហើយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្កើន​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​នេះ៖ «»។

រាជរដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​ចេញ​អនុក្រឹត្យ​លេខ​៧៦ ដោយ​កំណត់​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នេះ​ក្បាលឆាយ មាន​ទំហំ​ផ្ទៃដី​សរុប ៦.២០២​ហិកតារ ដោយ​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម ឲ្យ​ថែរក្សា​ការពារ​ព្រៃ​ធម្មជាតិ និង​ដាំ​ឈើ​នៅ​តំបន់​នេះ​ឡើង​វិញ។

​ត្រង់​ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពិធី​ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី លោក យន្ត មីន ដាក់​ជំនួស​លោក ឈិត សុខុន ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​យក​ដី​ឆ្នេរសមុទ្រ រំលោភ​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ ជា​ដើម ឲ្យ​ដក​ខ្លួន និង​ប្រគល់​ដី​រាន​កាន់កាប់​ជូន​រដ្ឋ​វិញ។ ជាង​នេះ លោក ស ខេង បាន​ដាក់​បទបញ្ជា​ដល់​លោក យន្ត មីន ត្រូវ​បង្កើន​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​លេខ ៧៦ ឲ្យ​បាន​គង់វង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។